ម៉ាកុស 4:21-41
ម៉ាកុស 4:21-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំងក៏នឹងត្រូវលេចមកឲ្យមនុស្សគ្រប់គ្នាឃើញច្បាស់ដែរ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដី ដែលអ្នករាល់គ្នាស្ដាប់នេះឲ្យមែនទែន។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឲ្យអ្នករាល់គ្នា ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវ នៅក្នុងស្រែរបស់ខ្លួន។ ទោះបីគាត់ដេកក្ដី ក្រោកក្ដី យប់ក្ដី ថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ ដ្បិតដីធ្វើឲ្យពូជបង្កើតផលដោយខ្លួនឯង ដំបូងមានពន្លកលេចឡើង បន្ទាប់មកក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្ដៀវមកច្រូត ដ្បិតដល់រដូវចម្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។ ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅដាច់ឡែកពីបណ្ដាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ពួកសិស្ស*។ នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។
ម៉ាកុស 4:21-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើគេយកចង្កៀងមកដាក់នៅក្រោមថាំង ឬនៅក្រោមគ្រែ ហើយមិនដាក់នៅលើជើងចង្កៀងឬ? ដ្បិតគ្មានអ្វីលាក់កំបាំងដែលមិនត្រូវបើកបង្ហាញឲ្យឃើញ ក៏គ្មានអ្វីអាថ៌កំបាំងដែលមិនត្រូវលាតត្រដាងនៅទីភ្លឺដែរ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!» ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ចូរពិចារណាពីសេចក្តីដែលអ្នករាល់គ្នាស្តាប់ចុះ រង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះគេនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់នោះវិញ ក៏នឹងឲ្យកាន់តែច្រើនថែមទៀត។ ដ្បិតអ្នកណាដែលមាន នោះនឹងឲ្យកាន់តែច្រើន ប៉ុន្តែ អ្នកណាដែលគ្មាន នោះនឹងត្រូវដកចេញ សូម្បីតែអ្វីដែលអ្នកនោះមានផង»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យរបស់ព្រះប្រៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជលើដី ហើយដេកនៅពេលយប់ ក្រោកនៅពេលថ្ងៃ គាត់មិនដឹងថាពូជនោះចេញពន្លក ហើយដុះឡើងយ៉ាងណាទេ។ ដ្បិតដីបង្កើតផលដោយខ្លួនឯង ដំបូងចេញជាពន្លក រួចបែកជាគួរ បន្ទាប់មក ចេញជាគ្រាប់ពេញលេញ។ លុះពេលទុំភ្លាម គាត់ក៏យកកណ្តៀវទៅច្រូត ព្រោះដល់រដូវចម្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងអាចប្រៀបធៀបព្រះរាជ្យរបស់ព្រះទៅនឹងអ្វី ឬប្រើរឿងប្រៀបធៀបអ្វីមកប្រដូចនឹងព្រះរាជ្យនោះ? ព្រះរាជ្យរបស់ព្រះប្រៀបដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលកាលណាគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងពូជណាទាំងអស់នៅលើផែនដី តែពេលគេព្រោះចុះទៅ វាក៏ដុះឡើង ហើយត្រឡប់ជាធំជាងរុក្ខជាតិណាទាំងអស់ ក៏បែកមែកធំៗ ហើយសត្វហើរលើអាកាសអាចធ្វើសម្បុកនៅក្រោមម្លប់របស់វាបាន»។ ព្រះអង្គប្រកាសព្រះបន្ទូលទៅគេ ដោយរឿងប្រៀបធៀបបែបនេះជាច្រើន តាមដែលគេអាចស្តាប់បាន ព្រះអង្គមិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ តែព្រះអង្គពន្យល់អ្វីៗទាំងអស់ដោយឡែក ដល់ពួកសិស្សរបស់ព្រះអង្គ។ នៅល្ងាចថ្ងៃនោះ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាង»។ ពួកគេក៏ចាកចេញពីបណ្ដាជន នាំព្រះយេស៊ូវដែលគង់នៅក្នុងទូកទៅជាមួយ ហើយមានទូកតូចៗខ្លះទៀត ទៅជាមួយព្រះអង្គដែរ។ ភ្លាមនោះ មានខ្យល់ព្យុះកំណាចមួយកើតឡើង ហើយរលកក៏បោកចូលក្នុងទូក ធ្វើឲ្យទឹកចូលទូកស្ទើរពេញ។ តែព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សក៏ដាស់ព្រះអង្គ ហើយទូលព្រះអង្គថា៖ «លោកគ្រូ យើងវិនាសឥឡូវហើយ! តើលោកមិនអំពល់ទេឬ?» ព្រះអង្គក៏តើនឡើង បន្ទោសខ្យល់ ហើយបង្គាប់ទៅសមុទ្រថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» ពេលនោះ ខ្យល់ក៏ស្ងប់ ហើយស្ងាត់សូន្យឈឹង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យ? តើអ្នករាល់គ្នានៅតែគ្មានជំនឿទេឬ?» ពេលនោះ គេមានសេចក្តីស្ញប់ស្ញែងជាខ្លាំង ហើយសួរគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណាដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?»។
ម៉ាកុស 4:21-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំងក៏នឹងត្រូវលេចមកឲ្យមនុស្សគ្រប់គ្នាឃើញច្បាស់ដែរ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដី ដែលអ្នករាល់គ្នាស្ដាប់នេះឲ្យមែនទែន។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឲ្យអ្នករាល់គ្នា ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវ នៅក្នុងស្រែរបស់ខ្លួន។ ទោះបីគាត់ដេកក្ដី ក្រោកក្ដី យប់ក្ដី ថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ ដ្បិតដីធ្វើឲ្យពូជបង្កើតផលដោយខ្លួនឯង ដំបូងមានពន្លកលេចឡើង បន្ទាប់មកក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្ដៀវមកច្រូត ដ្បិតដល់រដូវចម្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។ ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅដាច់ឡែកពីបណ្ដាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ពួកសិស្ស*។ នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។
ម៉ាកុស 4:21-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏មានបន្ទូលថា តើគេយកចង្កៀងមក ដើម្បីនឹងដាក់នៅក្រោមថាំង ឬក្រោមគ្រែឬអី គេយកមកដាក់លើជើងចង្កៀងវិញទេតើ ដ្បិតគ្មានអ្វីលាក់កំបាំង ដែលមិនត្រូវបើកសំដែងចេញឡើយ ក៏គ្មានអ្វីជាសំងាត់ដែលមិនត្រូវដាក់នៅពន្លឺដែរ បើអ្នកណាមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ ទ្រង់មានបន្ទូលទៀតថា ចូរប្រយ័តពីសេចក្ដីដែលអ្នករាល់គ្នាស្តាប់ចុះ ឯរង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះគេនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់នោះវិញ ហើយនឹងឲ្យជាលើសទៅទៀត ដល់អ្នករាល់គ្នាដែលស្តាប់ផង ដ្បិតអ្នកណាដែលមាន នោះគេនឹងឲ្យដល់អ្នកនោះ ប៉ុន្តែអ្នកណាដែលគ្មាន នោះនឹងត្រូវដកចេញ ទាំងរបស់ដែលអ្នកនោះមានផង។ ទ្រង់ក៏មានបន្ទូលថា នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់ លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ។ ទ្រង់ក៏មានបន្ទូលថា តើយើងនឹងធៀបនគរព្រះជាអ្វី ឬត្រូវយកពាក្យប្រៀបអ្វីមកប្រដូចនឹងនគរនោះ គឺដូចជាគ្រាប់ពូជ១ ដែលកាលណាគេព្រោះនៅដី ជាពូជយ៉ាងល្អិតជាងគ្រាប់ទាំងអស់នៅផែនដី តែកាលណាគេព្រោះចុះទៅ នោះក៏ដុះឡើងត្រឡប់ជាធំ លើសជាងតិណជាតិទាំងអស់វិញ ទាំងបែកមែកជាធំផង ដល់ម៉្លេះបានជាសត្វហើរនៅលើអាកាស មកទំនៅក្រោមម្លប់បាន ទ្រង់អធិប្បាយព្រះបន្ទូលឲ្យគេស្តាប់ ដោយពាក្យប្រៀបប្រដូចយ៉ាងដូច្នេះជាច្រើន តាមដែលគេស្តាប់បាន ទ្រង់មិនបានមានបន្ទូលទៅគេ ដោយឥតពាក្យប្រៀបធៀបទេ តែកាលណានៅដោយឡែក នោះទ្រង់ពន្យល់ទាំងអស់ដល់ពួកសិស្សវិញ។ លុះពេលល្ងាចថ្ងៃនោះឯង ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងឆ្លងទៅត្រើយម្ខាង កាលបានឲ្យហ្វូងមនុស្សទៅវិញហើយ នោះពួកសិស្សក៏ទទួលទ្រង់តាមភាពដដែលទៅក្នុងទូក ហើយមានទូកតូចៗខ្លះទៀតទៅជាមួយដែរ នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាសហើយ លោកមិនរវល់ទេឬអី កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ រួចទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្ដីជំនឿ នោះគេមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។