ម៉ាកុស 4:21-41

ម៉ាកុស 4:21-41 គកស១៦

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​គេ​យក​ចង្កៀង​មក​ដាក់​នៅ​ក្រោម​ថាំង ឬ​នៅ​ក្រោម​គ្រែ ហើយ​មិន​ដាក់​នៅ​លើ​ជើង​ចង្កៀង​ឬ? ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ ក៏​គ្មាន​អ្វី​អាថ៌​កំបាំង​ដែល​មិន​ត្រូវ​លាត​ត្រដាង​នៅ​ទី​ភ្លឺ​ដែរ។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «ចូរ​ពិចារណា​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ស្តាប់​ចុះ រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់​នោះ​វិញ ក៏​នឹង​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ ដ្បិត​អ្នក​ណា​ដែល​មាន នោះ​នឹង​ឲ្យ​កាន់​តែ​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​ចេញ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​លើ​ដី ហើយ​ដេក​នៅ​ពេល​យប់ ក្រោក​នៅ​ពេល​ថ្ងៃ គាត់​មិន​ដឹង​ថា​ពូជ​នោះ​ចេញ​ពន្លក ហើយ​ដុះ​ឡើង​យ៉ាង​ណា​ទេ។ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ បន្ទាប់​មក ចេញ​ជា​គ្រាប់​ពេញ​លេញ។ លុះ​ពេល​ទុំ​ភ្លាម គាត់​ក៏​យក​កណ្តៀវ​ទៅ​ច្រូត ព្រោះ​ដល់​រដូវ​ចម្រូត​ហើយ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «តើ​យើង​អាច​ប្រៀប​ធៀប​ព្រះរាជ្យ​របស់​ព្រះ​ទៅ​នឹង​អ្វី ឬ​ប្រើ​រឿង​ប្រៀប​ធៀប​អ្វី​មក​ប្រដូច​នឹង​ព្រះរាជ្យ​នោះ? ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​កាល​ណា​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​ពូជ​ណា​ទាំង​អស់​នៅ​លើ​ផែន​ដី តែ​ពេល​គេ​ព្រោះ​ចុះ​ទៅ វា​ក៏​ដុះ​ឡើង ហើយ​ត្រឡប់​ជា​ធំ​ជាង​រុក្ខ‌ជាតិ​ណា​ទាំង​អស់ ក៏​បែក​មែក​ធំៗ ហើយ​សត្វ​ហើរ​លើ​អាកាស​អាច​ធ្វើ​សម្បុក​នៅ​ក្រោម​ម្លប់​របស់​វា​បាន»។ ព្រះ‌អង្គ​ប្រកាស​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​រឿង​ប្រៀប​ធៀប​បែប​នេះ​ជា​ច្រើន តាម​ដែល​គេ​អាច​ស្តាប់​បាន ព្រះ‌អង្គ​មិន​បាន​មាន​ព្រះ​បន្ទូល​ទៅ​គេ ក្រៅ​ពី​រឿង​ប្រៀប‌ធៀប​ឡើយ តែ​ព្រះ‌អង្គ​ពន្យល់​អ្វីៗ​ទាំង​អស់​ដោយ​ឡែក ដល់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។ នៅ​ល្ងាច​ថ្ងៃ​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ពួក​គេ​ក៏​ចាក​ចេញ​ពី​បណ្ដាជន នាំ​ព្រះ​យេស៊ូវ​ដែល​គង់​នៅ​ក្នុង​ទូក​ទៅ​ជា​មួយ ហើយ​មាន​ទូក​តូចៗ​ខ្លះ​ទៀត ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ភ្លាម​នោះ មាន​ខ្យល់​ព្យុះ​កំណាច​មួយ​កើត​ឡើង ហើយ​រលក​ក៏​បោក​ចូល​ក្នុង​ទូក ធ្វើ​ឲ្យ​ទឹក​ចូល​ទូក​ស្ទើរ​ពេញ។ តែ​ព្រះ‌អង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ក៏​ដាស់​ព្រះ‌អង្គ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​វិនាស​ឥឡូវ​ហើយ! តើ​លោក​មិន​អំពល់​ទេ​ឬ?» ព្រះ‌អង្គ​ក៏​តើន​ឡើង បន្ទោស​ខ្យល់ ហើយ​បង្គាប់​ទៅ​សមុទ្រ​ថា៖ «ចូរ​ស្ងប់ ហើយ​ស្ងៀម​ទៅ!» ពេល​នោះ ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​សូន្យ​ឈឹង។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ? តើ​អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ជំនឿ​ទេ​ឬ?» ពេល​នោះ គេ​មាន​សេចក្តី​ស្ញប់​ស្ញែង​ជា​ខ្លាំង ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា​ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។

អាន ម៉ាកុស 4