ម៉ាកុស 4:1-25

ម៉ាកុស 4:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​មាត់​សមុទ្រ​ម្តង​ទៀត ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​ជួប​ជុំ​គ្នា​នៅ​ជុំ​វិញ​ព្រះ‌អង្គ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​លើ​ទូក ក្នុង​សមុទ្រ ហើយ​បណ្ដាជន​ទាំង​អស់ នៅ​លើ​គោក តាម​មាត់​សមុទ្រ។ ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​ពី​សេចក្តី​ជា​ច្រើន​ដល់​ពួក​គេ​ជា​រឿង​ប្រៀប‌ធៀប ហើយ​នៅ​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌អង្គ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្តាប់! មាន​បុរស​ម្នាក់ ចេញ​ទៅ​ព្រោះ​ពូជ។ ពេល​គាត់​ព្រោះ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​ស្លាប​ហើរ​មក​ចឹក​ស៊ី​ពូជ​នោះ​អស់​ទៅ។ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើកន្លែង​មាន​ថ្ម ដែល​មិន​សូវ​មាន​ដី ហើយ​ពូជ​នោះ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។ ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា ហើយ​បន្លា​ក៏​ដុះ​ឡើង ខ្ទប់​ពូជ​នោះ​ជិត មិន​ឲ្យ​កើត​ផល​បាន។ តែ​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​ដុះ​ឡើង​បង្កើត​ផល ក៏​ចម្រើន​ឡើង រួច​ឲ្យ​ផល ខ្លះ​បាន​មួយ​ជា​សាម​សិប ខ្លះ​បាន​មួយ​ជា​ហុក​សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ​រយ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!» កាល​ព្រះ‌អង្គ​គង់​នៅ​ដោយ​ឡែក​ពី​បណ្ដាជន អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ព្រះ‌អង្គ ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ព្រះ​បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌‌កំបាំង​អំពី​ព្រះរាជ្យ​របស់​ព្រះ‌អង្គ ប៉ុន្តែ សម្រាប់​ពួក​អ្នក​ខាង​ក្រៅ អ្វីៗ​ទាំង​អស់​ជា​រឿង​ប្រៀប​ធៀប​វិញ ដើម្បី​ឲ្យ​គេ​មើល​មែន តែ​មិន​ឃើញ ហើយ​ឲ្យ​គេ​ស្ដាប់​មែន តែ​មិន​យល់ ក្រែង​គេ​វិល​បែរ​មក​រក​ព្រះ​វិញ ហើយ​ទទួល​បាន​ការ​អត់​ទោស» ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​យល់​រឿង​ប្រៀប​ធៀប​នេះ​ទេ​ឬ? ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​គ្រប់​ទាំង​រឿង​ប្រៀប​ធៀប​បាន? អ្នក​ព្រោះ​ពូជ គឺ​ព្រោះ​ព្រះ‌បន្ទូល មនុស្ស​ខ្លះ​ប្រៀប​បាន​នឹង​ដី​ផ្លូវ ដែល​ព្រះ‌បន្ទូល​ព្រោះ​ចុះ​ទៅ កាល​គេ​ឮ អារក្ស‌សាតាំង​ក៏​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភា្លម។ មនុស្ស​ខ្លះ​ទៀត ប្រៀប​បាន​នឹង​ដី​មាន​ថ្ម ដែល​ពូជ​ធ្លាក់​លើ។ កាល​គេ​ឮ​ព្រះ‌បន្ទូល គេ​ទទួល​ភា្លម ដោយ​អំណរ តែ​មិន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​នៅ​ជាប់​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ លុះ​ពេល​កើត​មាន​ទុក្ខ​លំបាក ឬ​ការ​បៀត‌បៀន​ចូល​មក ដោយ​ព្រោះ​ព្រះ‌បន្ទូល គេ​ក៏​បោះ‌បង់​ចោល​ភា្លម។ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​គុម្ព​បន្លា​ដែល​ពូជ​ព្រោះ​ចុះ​ទៅ។ អ្នក​ទាំង​នេះ​គឺ​ជា​ពួក​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល តែ​ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ ចិត្ត​លោភ​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​សេចក្តី​ប៉ង​ប្រាថ្នា​ផ្សេងៗ​ដទៃ​ទៀត​ចូល​មក ក៏​ខ្ទប់​ព្រះ‌បន្ទូល​ជិត មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។ ប៉ុន្តែ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​ដី​ល្អ​ដែល​ពូជ​ព្រោះ​ចុះ​ទៅ។ គេ​ឮ​ព្រះ‌បន្ទូល​ហើយ​ទទួល​យក រួច​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​សាម​សិប ខ្លះ​បាន​មួយ​ជា​ហុក​សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ​រយ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​គេ​យក​ចង្កៀង​មក​ដាក់​នៅ​ក្រោម​ថាំង ឬ​នៅ​ក្រោម​គ្រែ ហើយ​មិន​ដាក់​នៅ​លើ​ជើង​ចង្កៀង​ឬ? ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ ក៏​គ្មាន​អ្វី​អាថ៌​កំបាំង​ដែល​មិន​ត្រូវ​លាត​ត្រដាង​នៅ​ទី​ភ្លឺ​ដែរ។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «ចូរ​ពិចារណា​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ស្តាប់​ចុះ រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់​នោះ​វិញ ក៏​នឹង​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ ដ្បិត​អ្នក​ណា​ដែល​មាន នោះ​នឹង​ឲ្យ​កាន់​តែ​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​ចេញ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង»។

ចែក​រំលែក
អាន ម៉ាកុស 4

ម៉ាកុស 4:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​បង្រៀន​បណ្ដា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ នៅ​ក្បែរ​មាត់​ច្រាំង រីឯ​បណ្ដា‌ជន​អង្គុយ​នៅ​លើ​គោក តាម​ឆ្នេរ​សមុទ្រ។ ព្រះអង្គ​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។ ព្រះអង្គ​បង្រៀន​គេ​ថា៖ «ចូរ​ស្ដាប់ មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​ស្រូវ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ដល់​ថ្ងៃ​ក្ដៅ ពន្លក​ដែល​ដុះ​ឡើង​នោះ​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​ជ្រៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ដែល​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង​រួប​រឹត​ស្រូវ មិន​ឲ្យ​បង្កើត​ផល​ឡើយ។ គ្រាប់​ពូជ​ឯ​ទៀតៗ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ក៏​ដុះ​ឡើង ហើយ​លូត‌លាស់​បង្កើត​ផល ខ្លះ​ឲ្យ​ផល​មួយ​ជា​សាម‌សិប ខ្លះ​ទៀត​ឲ្យ​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​មួយ​ជា​មួយ​រយ»។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ កាល​ព្រះ‌យេស៊ូ​គង់​នៅ​ដាច់​ឡែក​ពី​បណ្ដា‌ជន អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះអង្គ និង​សិស្ស​ទាំង​ដប់‌ពីរ​រូប ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យ​ប្រស្នា​ទាំង​នោះ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ*​របស់​ព្រះអង្គ។ រីឯ​អ្នក​ដទៃ គេ​ឮ​សេចក្ដី​ទាំង​អស់​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​ខំ​ប្រឹង​មើល​ក៏​ពុំ​ឃើញ គេ​ខំ​ប្រឹង​ស្ដាប់​ក៏​ពុំ​យល់​ដែរ ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​នឹង​អត់‌ទោស​ឲ្យ​គេ »។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «បើ​អ្នក​រាល់​គ្នា​មិន​យល់​ប្រស្នា​នេះ​ផង ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​ប្រស្នា​ឯ​ទៀតៗ​បាន! អ្នក​ព្រោះ​ស្រូវ សាប​ព្រោះ​ព្រះ‌បន្ទូល មនុស្ស​ខ្លះ​ប្រៀប‌បី​ដូច​ជា​ផ្លូវ ដែល​ព្រះ‌បន្ទូល​បាន​ធ្លាក់​ទៅ​លើ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ មារ​សាតាំង*​ក៏​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម។ មនុស្ស​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ថ្ម​ក៏​ដូច្នោះ​ដែរ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ភ្លាម​ដោយ​អំណរ ប៉ុន្តែ គេ​ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត។ លុះ​ដល់​មាន​ទុក្ខ​វេទនា ឬ​ត្រូវ​គេ​បៀត‌បៀន​ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។ មនុស្ស​ខ្លះ​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែល​មាន​បន្លា គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល​ដែរ ប៉ុន្តែ ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​រស់​នៅ​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ប៉ង‌ប្រាថ្នា​ផ្សេងៗ រឹប​រួត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​ឡើយ។ រីឯ​អ្នក​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ ក៏​ទទួល​យក​បង្ក​បង្កើត​ផល អ្នក​ខ្លះ​បាន​មួយ​ជា​សាម‌សិប អ្នក​ខ្លះ​បាន​មួយ​ជា​ហុក‌សិប អ្នក​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ‌រយ»។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ។ គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំង​ក៏​នឹង​ត្រូវ​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ឃើញ​ច្បាស់​ដែរ។ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​ស្ដាប់​នេះ​ឲ្យ​មែន​ទែន។ ព្រះ‌ជាម្ចាស់​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់ ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ ហើយ​ព្រះអង្គ​នឹង​បន្ថែម​ឲ្យ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង»។

ចែក​រំលែក
អាន ម៉ាកុស 4

ម៉ាកុស 4:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណ​នោះ ទ្រង់​តាំង​បង្រៀន នៅ​ត្រង់​មាត់​សមុទ្រ​ម្តង​ទៀត ហើយ​មាន​មនុស្ស​ទាំង​ហ្វូង​មូល​គ្នា មក​ឯ​ទ្រង់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក នៅ​សមុទ្រ​វិញ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​គោក តាម​មាត់​ច្រាំង ទ្រង់​បង្រៀន​សេចក្ដី​ជា​ច្រើន​ដល់​គេ ដោយ​ពាក្យ​ប្រៀប‌ធៀប ក៏​មាន​បន្ទូល​ក្នុង​ន័យ​ដែល​ទ្រង់​បង្រៀន​ថា ចូរ​ស្តាប់​ចុះ មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​ព្រោះ មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មិន‌សូវ​មាន​ដី​ប៉ុន្មាន ហើយ​ក៏​ដុះ​ឡើង​ភ្លាម ពី​ព្រោះ​គ្មាន​ដី​ជ្រៅ តែ​កាល​ថ្ងៃ​រះ​ឡើង នោះ​ក្រៀម​ខ្លោច​ទៅ​វិញ ពី​ព្រោះ​គ្មាន​ឫស ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​បន្លា បន្លា​ក៏​ដុះ​ឡើង​ខ្ទប់ ហើយ​គ្រាប់​នោះ​មិន​កើត​ផល​សោះ តែ​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​កើត​ផល​ចំរើន​កាន់​តែ​ច្រើន​ឡើង គ្រាប់​១​បង្កើត​បាន​៣០ មួយ​បាន​៦០ ហើយ​មួយ​បាន​១​រយ រួច​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ កាល​ទ្រង់​គង់​នៅ​ដោយ‌ឡែក នោះ​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ព្រម​ទាំង​ពួក​១២​នាក់ គេ​ទូល​សួរ​ពី​ពាក្យ​ប្រៀប​ប្រដូច​នោះ ទ្រង់​មាន​បន្ទូល​ថា ពី​ព្រោះ​បាន​ប្រទាន​មក ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ព្រះ ប៉ុន្តែ​ឯ​មនុស្ស​ក្រៅ ការ​ទាំង​អស់​បាន​ធ្វើ​បែប​ប្រៀប​ប្រដូច​វិញ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​ឲ្យ​គេ​ឃើញ​មែន តែ​ឥត​យល់​ទេ ហើយ​កាល​ណា​ឮ នោះ​ឲ្យ​គេ​ឮ​មែន តែ​ស្តាប់​មិន​បាន​សោះ ក្រែង​គេ​ប្រែ​ចិត្ត ហើយ​បាប​គេ​បាន​អត់​ទោស​ឲ្យ ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ប្រៀប​នេះ​ទេ​ឬ​អី ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​គ្រប់​ទាំង​ពាក្យ​ប្រៀប​ប្រដូច​បាន ឯ​អ្នក​ព្រោះ​ពូជ គឺ​ព្រោះ​ព្រះ‌បន្ទូល ឯ​ពួក​អ្នក​តាម​ផ្លូវ គឺ​ជា​កន្លែង​ដែល​បាន​ព្រោះ​ព្រះ‌បន្ទូល​ចុះ កាល​គេ​ឮ នោះ​អារក្ស‌សាតាំង​ក៏​មក​លួច​ឆក់​យក​ព្រះ‌បន្ទូល ដែល​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម ក៏​ដូច​គ្នា​ដែរ កាល​ណា​គេ​ឮ​ព្រះ‌បន្ទូល នោះ​គេ​ទទួល​ភ្លាម​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​សោះ ហើយ​ក៏​នៅ​ជាប់​តែ​បន្តិច​ទេ បើ​កាល​ណា​កើត​មាន​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​បៀត‌បៀន ដោយ​ព្រោះ​ព្រះ‌បន្ទូល នោះ​គេ​រវាត​ចិត្ត​ចេញ​ភ្លាម ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ តែ​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត​នេះ សេចក្ដី​ឆ‌បោក​របស់​ទ្រព្យ​សម្បត្តិ នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​ឯ​សេចក្ដី​ផ្សេងៗ​ឯ​ទៀត ក៏​ចូល​មក​ខ្ទប់​ព្រះ‌បន្ទូល​ជិត រួច​ព្រះ‌បន្ទូល​មិន​អាច​នឹង​បង្កើត​ផល​បាន ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​ទទួល រួច​បង្កើត​ផល ម្នាក់​បាន​៣០​ម្នាក់​បាន​៦០ ម្នាក់​ទៀត​បាន​១​រយ។ ទ្រង់​ក៏​មាន​បន្ទូល​ថា តើ​គេ​យក​ចង្កៀង​មក ដើម្បី​នឹង​ដាក់​នៅ​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ឬ​អី គេ​យក​មក​ដាក់​លើ​ជើង​ចង្កៀង​វិញ​ទេ​តើ ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ​ឡើយ ក៏​គ្មាន​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ដាក់​នៅ​ពន្លឺ​ដែរ បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ ទ្រង់​មាន​បន្ទូល​ទៀត​ថា ចូរ​ប្រយ័ត​ពី​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ស្តាប់​ចុះ ឯ​រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់​នោះ​វិញ ហើយ​នឹង​ឲ្យ​ជា​លើស​ទៅ​ទៀត ដល់​អ្នក​រាល់​គ្នា​ដែល​ស្តាប់​ផង ដ្បិត​អ្នក​ណា​ដែល​មាន នោះ​គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​ចេញ ទាំង​របស់​ដែល​អ្នក​នោះ​មាន​ផង។

ចែក​រំលែក
អាន ម៉ាកុស 4