ម៉ាកុស 4:1-25

ម៉ាកុស 4:1-25 គកស១៦

ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​មាត់​សមុទ្រ​ម្តង​ទៀត ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​ជួប​ជុំ​គ្នា​នៅ​ជុំ​វិញ​ព្រះ‌អង្គ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​លើ​ទូក ក្នុង​សមុទ្រ ហើយ​បណ្ដាជន​ទាំង​អស់ នៅ​លើ​គោក តាម​មាត់​សមុទ្រ។ ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​ពី​សេចក្តី​ជា​ច្រើន​ដល់​ពួក​គេ​ជា​រឿង​ប្រៀប‌ធៀប ហើយ​នៅ​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌អង្គ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្តាប់! មាន​បុរស​ម្នាក់ ចេញ​ទៅ​ព្រោះ​ពូជ។ ពេល​គាត់​ព្រោះ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​ស្លាប​ហើរ​មក​ចឹក​ស៊ី​ពូជ​នោះ​អស់​ទៅ។ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើកន្លែង​មាន​ថ្ម ដែល​មិន​សូវ​មាន​ដី ហើយ​ពូជ​នោះ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។ ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា ហើយ​បន្លា​ក៏​ដុះ​ឡើង ខ្ទប់​ពូជ​នោះ​ជិត មិន​ឲ្យ​កើត​ផល​បាន។ តែ​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​ដុះ​ឡើង​បង្កើត​ផល ក៏​ចម្រើន​ឡើង រួច​ឲ្យ​ផល ខ្លះ​បាន​មួយ​ជា​សាម​សិប ខ្លះ​បាន​មួយ​ជា​ហុក​សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ​រយ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!» កាល​ព្រះ‌អង្គ​គង់​នៅ​ដោយ​ឡែក​ពី​បណ្ដាជន អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ព្រះ‌អង្គ ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ព្រះ​បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌‌កំបាំង​អំពី​ព្រះរាជ្យ​របស់​ព្រះ‌អង្គ ប៉ុន្តែ សម្រាប់​ពួក​អ្នក​ខាង​ក្រៅ អ្វីៗ​ទាំង​អស់​ជា​រឿង​ប្រៀប​ធៀប​វិញ ដើម្បី​ឲ្យ​គេ​មើល​មែន តែ​មិន​ឃើញ ហើយ​ឲ្យ​គេ​ស្ដាប់​មែន តែ​មិន​យល់ ក្រែង​គេ​វិល​បែរ​មក​រក​ព្រះ​វិញ ហើយ​ទទួល​បាន​ការ​អត់​ទោស» ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​យល់​រឿង​ប្រៀប​ធៀប​នេះ​ទេ​ឬ? ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​គ្រប់​ទាំង​រឿង​ប្រៀប​ធៀប​បាន? អ្នក​ព្រោះ​ពូជ គឺ​ព្រោះ​ព្រះ‌បន្ទូល មនុស្ស​ខ្លះ​ប្រៀប​បាន​នឹង​ដី​ផ្លូវ ដែល​ព្រះ‌បន្ទូល​ព្រោះ​ចុះ​ទៅ កាល​គេ​ឮ អារក្ស‌សាតាំង​ក៏​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភា្លម។ មនុស្ស​ខ្លះ​ទៀត ប្រៀប​បាន​នឹង​ដី​មាន​ថ្ម ដែល​ពូជ​ធ្លាក់​លើ។ កាល​គេ​ឮ​ព្រះ‌បន្ទូល គេ​ទទួល​ភា្លម ដោយ​អំណរ តែ​មិន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​នៅ​ជាប់​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ លុះ​ពេល​កើត​មាន​ទុក្ខ​លំបាក ឬ​ការ​បៀត‌បៀន​ចូល​មក ដោយ​ព្រោះ​ព្រះ‌បន្ទូល គេ​ក៏​បោះ‌បង់​ចោល​ភា្លម។ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​គុម្ព​បន្លា​ដែល​ពូជ​ព្រោះ​ចុះ​ទៅ។ អ្នក​ទាំង​នេះ​គឺ​ជា​ពួក​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល តែ​ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ ចិត្ត​លោភ​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​សេចក្តី​ប៉ង​ប្រាថ្នា​ផ្សេងៗ​ដទៃ​ទៀត​ចូល​មក ក៏​ខ្ទប់​ព្រះ‌បន្ទូល​ជិត មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។ ប៉ុន្តែ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​ដី​ល្អ​ដែល​ពូជ​ព្រោះ​ចុះ​ទៅ។ គេ​ឮ​ព្រះ‌បន្ទូល​ហើយ​ទទួល​យក រួច​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​សាម​សិប ខ្លះ​បាន​មួយ​ជា​ហុក​សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ​រយ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​គេ​យក​ចង្កៀង​មក​ដាក់​នៅ​ក្រោម​ថាំង ឬ​នៅ​ក្រោម​គ្រែ ហើយ​មិន​ដាក់​នៅ​លើ​ជើង​ចង្កៀង​ឬ? ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ ក៏​គ្មាន​អ្វី​អាថ៌​កំបាំង​ដែល​មិន​ត្រូវ​លាត​ត្រដាង​នៅ​ទី​ភ្លឺ​ដែរ។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «ចូរ​ពិចារណា​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ស្តាប់​ចុះ រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់​នោះ​វិញ ក៏​នឹង​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ ដ្បិត​អ្នក​ណា​ដែល​មាន នោះ​នឹង​ឲ្យ​កាន់​តែ​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​ចេញ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង»។

អាន ម៉ាកុស 4