ម៉ាកុស 3:1-21
ម៉ាកុស 3:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំម្តងទៀត ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយចេញមកខាងមុខ!» បន្ទាប់មក ព្រះអង្គសួរគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬឲ្យសម្លាប់?» ប៉ុន្តែ គេនៅស្ងៀម។ ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។ ពួកផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយពួកហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីរកវិធីបំផ្លាញព្រះអង្គ។ ព្រះយេស៊ូវយាងចេញជាមួយពួកសិស្សទៅកាន់ឆ្នេរសមុទ្រ ហើយមានបណ្តាជនជាច្រើនមកពីស្រុកកាលីឡេ និងស្រុកយូដា នាំគ្នាដើរតាមព្រះអង្គ។ ដោយព្រោះបានឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ មនុស្សជាច្រើនក៏នាំគ្នាចូលមករកព្រះអង្គ គេមកពីក្រុងយេរូសាឡិម ពីស្រុកអេដុម ខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូន។ ដោយព្រោះបណ្ដាជន ព្រះអង្គមានព្រះបន្ទូលប្រាប់ពួកសិស្ស ឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងគេប្រជ្រៀតគ្នាចោមរោមព្រះអង្គ។ ដោយព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា អ្នកដែលមានជំងឺទាំងប៉ុន្មានខំប្រឹងសម្រុកចូល ដើម្បីពាល់ព្រះអង្គ។ ពេលពួកវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅចំពោះព្រះអង្គ ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ!» ប៉ុន្តែ ព្រះអង្គហាមផ្តាច់ មិនឲ្យវាប្រាប់គេថាព្រះអង្គជាអ្នកណាឡើយ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ព្រះអង្គបានតែងតាំងដប់ពីររូប ដែលព្រះអង្គហៅថាសាវក ឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យចេញទៅប្រកាស ហើយឲ្យគេមានអំណាច[ប្រោសជំងឺឲ្យជា ព្រមទាំង]ដេញអារក្សផង។ អ្នកទាំងដប់ពីរដែលព្រះអង្គបានតែងតាំងមាន ស៊ីម៉ូន ដែលទ្រង់ដាក់ឈ្មោះថា ពេត្រុស យ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូនយ៉ាកុប ដែលទ្រង់ដាក់ឈ្មោះគេថា បោនអ៊ើកេ ប្រែថាកូនផ្គរលាន់។ អនទ្រេ ភីលីព បារថូល៉ូមេ ម៉ាថាយ ថូម៉ាស និងយ៉ាកុប ជាកូនអាល់ផាយ ថាដេ ស៊ីម៉ូន ជាសាសន៍កាណាន និងយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលក្បត់ព្រះអង្គ។ បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់មកផ្ទះវិញ ហើយបណ្តាជនបានមកជួបជុំគ្នាម្តងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សរកពេលបរិភោគមិនបាន។ កាលក្រុមគ្រួសាររបស់ព្រះអង្គឮដូច្នេះ គេក៏ចេញទៅដើម្បីឃាត់ព្រះអង្គ ដ្បិតគេថា ព្រះអង្គវង្វេងស្មារតី។
ម៉ាកុស 3:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងចូលទៅសាលាប្រជុំ*ម្ដងទៀត នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យជានៅថ្ងៃសប្ប័ទ* ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះមនុស្ស ឬប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។ ព្រះយេស៊ូបែរព្រះភ័ក្ត្រទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។ ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស*។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកកាលីឡេ ស្រុកយូដា ក្រុងយេរូសាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូន។ បណ្ដាជនមកតាមព្រះយេស៊ូច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។ ព្រះយេស៊ូប្រាប់ពួកសិស្ស*ឲ្យរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសម្រុកចូលមកជិត ដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា។ ម្យ៉ាងទៀត ពេលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅទៀបព្រះបាទា ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជានរណាឡើយ។ បន្ទាប់មក ព្រះយេស៊ូយាងឡើងទៅលើភ្នំ។ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ព្រះអង្គតែងតាំងសាវ័កដប់ពីររូបឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ ទាំងឲ្យគេមានអំណាចដេញអារក្សថែមទៀតផង។ ព្រះអង្គបានតែងតាំងអ្នកដប់ពីររូបនេះ គឺស៊ីម៉ូនដែលព្រះអង្គដាក់ឈ្មោះថា ពេត្រុស យ៉ាកុបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូដាក់ឈ្មោះថា “បោនអ៊ើកេ” ប្រែថា “អ្នកដែលមានចិត្តខ្លាំងដូចផ្គរលាន់” អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។ កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យព្រះអង្គ និងពួកសិស្ស*រកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ។
ម៉ាកុស 3:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏យាងចូលទៅក្នុងសាលាប្រជុំម្តងទៀត នៅទីនោះ មានមនុស្សម្នាក់ស្វិតដៃម្ខាង គេក៏ចាំមើលទ្រង់ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាក ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់ ទ្រង់មានបន្ទូលទៅមនុស្សស្វិតដៃថា ចូរអ្នកក្រោកឡើង ឈរនៅកណ្តាលនុ៎ះទៅ រួចទ្រង់សួរគេថា នៅថ្ងៃឈប់សំរាក តើបើកឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់ ឲ្យសង្គ្រោះជីវិត ឬឲ្យសំឡាប់បង់ ប៉ុន្តែគេនៅតែស្ងៀម នោះទ្រង់ងាកទតទៅគេទាំងគ្នាន់ក្នាញ់ ដោយមានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស ក៏មានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង រួចកាលពួកផារិស៊ីបានចេញផុតទៅ នោះស្រាប់តែគេពិគ្រោះនឹងពួកហេរ៉ូឌទាស់នឹងទ្រង់ ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស។ នោះព្រះយេស៊ូវ ទ្រង់ថយទៅឯសមុទ្រ ជាមួយនឹងពួកសិស្ស ហើយមានហ្វូងមនុស្សកកកុញដើរតាមទ្រង់ ជាមនុស្សពីស្រុកកាលីឡេ នឹងស្រុកយូដា ពីក្រុងយេរូសាឡិម នឹងស្រុកអេដំម ហើយពីខាងនាយទន្លេយ័រដាន់ នឹងស្រុកនៅជុំវិញក្រុងទីរ៉ុស នឹងស៊ីដូន គឺជាហ្វូងមនុស្សយ៉ាងធំ ដែលមូលមកឯទ្រង់ ដោយបានឮនិយាយពីការទ្រង់ធ្វើទាំងប៉ុន្មាន ទ្រង់មានបន្ទូលប្រាប់ពួកសិស្ស ឲ្យមានទូកនៅរង់ចាំ ក្រែងហ្វូងមនុស្សប្រជ្រៀតទ្រង់ ដ្បិតទ្រង់កំពុងប្រោសមនុស្សជាច្រើនឲ្យបានជា ដល់ម៉្លេះបានជាមនុស្សទាំងអស់ដែលមានជំងឺអ្វីៗ គេប្រឹងរុលចូលទៅ ដើម្បីនឹងពាល់ទ្រង់ កាលណាពួកអារក្សអសោចិ៍ឃើញទ្រង់ វាក៏ក្រាបចំពោះទ្រង់ ទាំងស្រែកថា ទ្រង់ជាព្រះរាជបុត្រានៃព្រះមែន ប៉ុន្តែទ្រង់ហាមផ្តាច់ មិនឲ្យវាធ្វើឲ្យគេស្គាល់ទ្រង់ឡើយ។ ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់ រួចទ្រង់ដំរូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ នឹងឲ្យគេមានអំណាចអាចនឹងប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង គឺស៊ីម៉ូន១ដែលទ្រង់ប្រទានឲ្យមានឈ្មោះថា ពេត្រុស ថែមទៀត ហើយយ៉ាកុប ជាកូនសេបេដេ១ នឹងយ៉ូហាន ជាប្អូនយ៉ាកុប១ ដែលទ្រង់ប្រទានឈ្មោះ បោនអ៊ើកេ ដល់អ្នកទាំង២នោះ គឺស្រាយថាជាកូនផ្គរលាន់ នឹងអនទ្រេ១ ភីលីព១ បារថូល៉ូមេ១ ម៉ាថាយ១ ថូម៉ាស១ នឹងយ៉ាកុប ជាកូនអាល់ផាយ១ ថាដេ១ ស៊ីម៉ូន ជាសាសន៍កាណាន១ ហើយយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។ នោះក៏នាំគ្នាចូលទៅក្នុងផ្ទះ ហើយមានមនុស្សប្រជុំគ្នាទាំងហ្វូងម្តងទៀត ដល់ម៉្លេះបានជាទ្រង់ ព្រមទាំងពួកសិស្សពុំអាចនឹងបរិភោគបានឡើយ កាលពួកបងប្អូនទ្រង់បានឮ គេក៏ចេញទៅរកចាប់ទ្រង់ ដ្បិតគេស្មានថាទ្រង់វង្វេងស្មារតីហើយ