ម៉ាកុស 16:9-14

ម៉ាកុស 16:9-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ មុន​ដំបូង ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ឃើញ គឺ​នាង​ម៉ារី​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង។ នាង​បាន​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ​កាល​ពី​មុន។ អ្នក​ទាំង​នោះ​កំពុង​កាន់​ទុក្ខ ព្រម​ទាំង​យំ​សោក​ទៀត​ផង។ ពេល​គេ​ឮ​ថា ព្រះអង្គ​មាន​ព្រះ‌ជន្ម​វិញ​ហើយ ហើយ​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ គេ​មិន​ជឿ​នាង​ឡើយ។ បន្ទាប់​មក ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​សិស្ស*​ពីរ​នាក់​ឃើញ តាម​ទ្រង់‌ទ្រាយ​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស្រែ។ អ្នក​ទាំង​ពីរ​ក៏​នាំ​ដំណឹង​មក​ប្រាប់​សិស្ស*​ឯ​ទៀតៗ​ដែរ តែ​ពួក​គេ​មិន​ព្រម​ជឿ​ដដែល។ នៅ​ទី​បំផុត ព្រះ‌យេស៊ូ​ក៏​បង្ហាញ​ខ្លួន​ឲ្យ​សិស្ស​ទាំង​ដប់​មួយ​រូប​ឃើញ នៅ​ពេល​ដែល​គេ​កំពុង​បរិ‌ភោគ។ ព្រះអង្គ​បន្ទោស​គេ ព្រោះ​គេ​គ្មាន​ជំនឿ ហើយ​មាន​ចិត្ត​រឹង‌រូស ពុំ​ព្រម​ជឿ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

ចែក​រំលែក
អាន ម៉ាកុស 16

ម៉ាកុស 16:9-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍ ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា​ឃើញ​មុន​គេ គឺ​ស្ត្រី​នេះ​ហើយ​ដែល​ព្រះ‌អង្គ​បាន​ដេញ​អារក្ស​ប្រាំ​ពីរ​ឲ្យ​ចេញ​ពី​នាង។ នាង​បាន​ចេញ​ទៅ​ប្រាប់​ពួក​អ្នក​ដែល​បាន​នៅ​ជា​មួយ​ព្រះ‌អង្គ ក្នុង​ពេល​ដែល​គេ​កំពុង​តែ​កាន់​ទុក្ខ ហើយ​យំ​សោក។ ប៉ុន្តែ ពេល​គេ​ឮ​ថា​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់ ហើយ​ថា នាង​បាន​ឃើញ​ព្រះ‌អង្គ គេ​មិន​ជឿ​សម្ដី​នាង​ទេ។ ក្រោយ​ហេតុ‌ការណ៍​នេះ​មក ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​ពួក​គេ​ពីរ​នាក់​ឃើញ តាម​បែប​មួយ​ផ្សេង​ទៀត ក្នុង​ពេល​គេ​កំពុង​តែ​ដើរ​ទៅ​ស្រុក​ស្រែ។ អ្នក​ទាំង​នោះ​ក៏​ត្រឡប់​មក​ប្រាប់​អ្នក​ឯ​ទៀត តែ​គេ​ក៏​មិន​ជឿ​អ្នក​ទាំង​នោះ​ដែរ។ ក្រោយ​មក​ទៀត ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​អ្នក​ទាំង​ដប់​មួយ​ឃើញ ពេល​គេ​កំពុង​អង្គុយ​នៅ​តុ។ ព្រះ‌អង្គ​បន្ទោស​គេ ព្រោះ​គេ​មិន​ជឿ ហើយ​មាន​ចិត្ត​រឹង​រូស ព្រោះ​គេ​មិន​បាន​ជឿ​ពួក​អ្នក​ដែល​ឃើញ​ព្រះ‌អង្គ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

ចែក​រំលែក
អាន ម៉ាកុស 16

ម៉ាកុស 16:9-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​កាល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ​ឯង នោះ​ទ្រង់​ក៏​លេច​មក​មុន​ដំបូង ឲ្យ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា​ឃើញ គឺ​ជា​ស្ត្រី​ដែល​ទ្រង់​បាន​បណ្តេញ​អារក្ស​៧​ឲ្យ​ចេញ​នោះ នាង​ក៏​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បាន​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ដែល​គេ​កំពុង​តែ​កាន់​ទុក្ខ ហើយ​យំ​សោក តែ​កាល​គេ​បាន​ឮ​ថា​ទ្រង់​រស់ ហើយ​ថា​នាង​បាន​ឃើញ​ទ្រង់ នោះ​គេ​មិន​ជឿ​ទេ ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​បែប​១​ទៀត ឲ្យ​ពួក​គេ​២​នាក់​ឃើញ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ដើរ​ទៅ​ឯ​ស្រុក​ស្រែ អ្នក​ទាំង​២​នោះ​ក៏​ទៅ​ប្រាប់​ដល់​ពួក​គេ​ឯ​ទៀត តែ​គេ​នៅ​តែ​មិន​ជឿ​ទៀត ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​ឲ្យ​ពួក​១១​នាក់​បាន​ឃើញ ក្នុង​កាល​ដែល​កំពុង​អង្គុយ​នៅ​តុ ហើយ​ទ្រង់​បន្ទោស​គេ ដោយ​ព្រោះ​មាន​ចិត្ត​រឹង‌រូស ហើយ​មិន​ជឿ ពី​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ពួក​អ្នក​ដែល​ឃើញ​ទ្រង់ ក្រោយ​ដែល​ទ្រង់​រស់​ឡើង​វិញ​នោះ​ទេ

ចែក​រំលែក
អាន ម៉ាកុស 16