ម៉ាកុស 16:1-20

ម៉ាកុស 16:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ផុត​ថ្ងៃ​សប្ប័ទ​ហើយ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​អប់​ព្រះ‌សព​ព្រះ‌អង្គ។ នៅ​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍ ពេល​ថ្ងៃ​រះ ពួក​នាង​បាន​នាំ​គ្នា​ទៅ​ផ្នូរ។ ពួក​នាង​និយាយ​គ្នា​ថា៖ «តើ​មាន​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង?» ពេល​ពួក​នាង​ងើប​មុខ​ឡើង ឃើញ​ថ្ម​ដ៏​ធំ​នោះ​មាន​គេ​ប្រមៀល​ចេញ​ជា​ស្រេច។ ពេល​ពួក​នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង។ តែ​អ្នក​នោះ​និយាយ​មក​កាន់​ពួក​នាង​ថា៖ «កុំ​ភ័យ​អី នាង​កំពុង​រក​ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត ដែល​ត្រូវ​គេ​ឆ្កាង ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល៍! នេះ​ហើយ​ជា​កន្លែង​ដែល​គេ​បាន​ដាក់​ព្រះ‌សព​ព្រះ‌អង្គ។ ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ និង​ពេត្រុស​ផង​ថា ព្រះ‌អង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ទុក​ស្រាប់»។ ពួក​នាង​ក៏​រត់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ញ័រ ហើយ​ស្រឡាំង‌កាំង ក៏​មិន​បាន​និយាយ​អ្វី​ប្រាប់​អ្នក​ណា​សោះ ព្រោះ​ពួក​នាង​ភ័យ​ខ្លាច។ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍ ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា​ឃើញ​មុន​គេ គឺ​ស្ត្រី​នេះ​ហើយ​ដែល​ព្រះ‌អង្គ​បាន​ដេញ​អារក្ស​ប្រាំ​ពីរ​ឲ្យ​ចេញ​ពី​នាង។ នាង​បាន​ចេញ​ទៅ​ប្រាប់​ពួក​អ្នក​ដែល​បាន​នៅ​ជា​មួយ​ព្រះ‌អង្គ ក្នុង​ពេល​ដែល​គេ​កំពុង​តែ​កាន់​ទុក្ខ ហើយ​យំ​សោក។ ប៉ុន្តែ ពេល​គេ​ឮ​ថា​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់ ហើយ​ថា នាង​បាន​ឃើញ​ព្រះ‌អង្គ គេ​មិន​ជឿ​សម្ដី​នាង​ទេ។ ក្រោយ​ហេតុ‌ការណ៍​នេះ​មក ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​ពួក​គេ​ពីរ​នាក់​ឃើញ តាម​បែប​មួយ​ផ្សេង​ទៀត ក្នុង​ពេល​គេ​កំពុង​តែ​ដើរ​ទៅ​ស្រុក​ស្រែ។ អ្នក​ទាំង​នោះ​ក៏​ត្រឡប់​មក​ប្រាប់​អ្នក​ឯ​ទៀត តែ​គេ​ក៏​មិន​ជឿ​អ្នក​ទាំង​នោះ​ដែរ។ ក្រោយ​មក​ទៀត ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​អ្នក​ទាំង​ដប់​មួយ​ឃើញ ពេល​គេ​កំពុង​អង្គុយ​នៅ​តុ។ ព្រះ‌អង្គ​បន្ទោស​គេ ព្រោះ​គេ​មិន​ជឿ ហើយ​មាន​ចិត្ត​រឹង​រូស ព្រោះ​គេ​មិន​បាន​ជឿ​ពួក​អ្នក​ដែល​ឃើញ​ព្រះ‌អង្គ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ចេញ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។ អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ជឿ នោះ​នឹង​ជាប់​ទោស។ ទី​សម្គាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា ក្នុង​នាម​ខ្ញុំ គេ​នឹង​ដេញ​អារក្ស ហើយ​គេ​នឹង​និយាយ​ភាសា​ថ្មី។ គេ​នឹង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​នឹង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​គេ​ឡើយ គេ​នឹង​ដាក់​ដៃ​លើ​អ្នក​ជំងឺ ហើយ​អ្នក​ជំងឺ​នឹង​បាន​ជា​សះ​ស្បើយ»។ ដូច្នេះ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​រួច​ហើយ ព្រះ​ក៏​លើក​ព្រះ‌អម្ចាស់​យេស៊ូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ រីឯ​ពួក​សិស្ស​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង ហើយ​ព្រះ‌អម្ចាស់​ក៏​ធ្វើ​ការ​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​ទី​សម្គាល់​ដែល​អម​ជា​មួយ។ អាម៉ែន។:៚

ចែក​រំលែក
អាន ម៉ាកុស 16

ម៉ាកុស 16:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ផុត​ថ្ងៃ​សប្ប័ទ*​ហើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​យ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូប យក​ទៅ​អប់​ព្រះ‌សព​ព្រះ‌យេស៊ូ។ ព្រលឹម​ឡើង​ថ្ងៃ​អាទិត្យ នាង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នូរ នៅ​ពេល​ថ្ងៃ​រះ។ ពួក​នាង​និយាយ​គ្នា​ថា៖ «តើ​បាន​នរណា​ជួយ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង?»។ ពេល​ស្ត្រី​ទាំង​នោះ​ងើប​មុខ​ឡើង ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​រួច​ស្រេច​ទៅ​ហើយ ថ្ម​នោះ​មាន​ទំហំ​ធំ​ណាស់។ នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​អង្គុយ​ខាង​ស្ដាំ មាន​សម្លៀក‌បំពាក់​ពណ៌​ស ពួក​នាង​ភ័យ​ស្រឡាំង‌កាំង។ អ្នក​នោះ​ពោល​មក​កាន់​នាង​ថា៖ «កុំ​ភ័យ​ស្រឡាំង‌កាំង​ធ្វើ​អ្វី! នាង​នាំ​គ្នា​មក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ មើល​ចុះ ទី​នេះ​ហើយ​ដែល​គេ​បាន​ដាក់​ព្រះ‌សព​ព្រះអង្គ។ ចូរ​នាង​ទៅ​ប្រាប់​សិស្ស​របស់​ព្រះអង្គ ព្រម​ទាំង​លោក​ពេត្រុស​ផង​ថា “ព្រះអង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់”»។ ស្ត្រី​ទាំង​នោះ​ក៏​ចាក​ចេញ​ពី​ផ្នូរ ហើយ​រត់​ទៅ​ទាំង​ញ័រ​រន្ធត់ ស្លុត​ស្មារតី។ នាង​ពុំ​បាន​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ណា​សោះ ព្រោះ​នាង​ភ័យ​ខ្លាំង​ពេក។ [ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ មុន​ដំបូង ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ឃើញ គឺ​នាង​ម៉ារី​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង។ នាង​បាន​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ​កាល​ពី​មុន។ អ្នក​ទាំង​នោះ​កំពុង​កាន់​ទុក្ខ ព្រម​ទាំង​យំ​សោក​ទៀត​ផង។ ពេល​គេ​ឮ​ថា ព្រះអង្គ​មាន​ព្រះ‌ជន្ម​វិញ​ហើយ ហើយ​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ គេ​មិន​ជឿ​នាង​ឡើយ។ បន្ទាប់​មក ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​សិស្ស*​ពីរ​នាក់​ឃើញ តាម​ទ្រង់‌ទ្រាយ​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស្រែ។ អ្នក​ទាំង​ពីរ​ក៏​នាំ​ដំណឹង​មក​ប្រាប់​សិស្ស*​ឯ​ទៀតៗ​ដែរ តែ​ពួក​គេ​មិន​ព្រម​ជឿ​ដដែល។ នៅ​ទី​បំផុត ព្រះ‌យេស៊ូ​ក៏​បង្ហាញ​ខ្លួន​ឲ្យ​សិស្ស​ទាំង​ដប់​មួយ​រូប​ឃើញ នៅ​ពេល​ដែល​គេ​កំពុង​បរិ‌ភោគ។ ព្រះអង្គ​បន្ទោស​គេ ព្រោះ​គេ​គ្មាន​ជំនឿ ហើយ​មាន​ចិត្ត​រឹង‌រូស ពុំ​ព្រម​ជឿ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង‌ល្អ*​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។ អ្នក​ណា​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ រីឯ​អ្នក​ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។ អស់​អ្នក​ដែល​ជឿ​នឹង​ធ្វើ​ទី​សម្គាល់​ទាំង​នេះ គឺ​គេ​នឹង​ដេញ​អារក្ស​ក្នុង​នាម​ខ្ញុំ គេ​និយាយ​ភាសា​ថ្មី។ ប្រសិន​បើ​គេ​កាន់​ពស់ ឬ​ផឹក​អ្វី​ដែល​មាន​ជាតិ​ពុល ក៏​គេ​ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ដែរ។ ប្រសិន​បើ​គេ​ដាក់​ដៃ​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​ជា​សះ‌ស្បើយ»។ កាល​ព្រះ‌អម្ចាស់​យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ។ ពួក​សិស្ស​នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង‌ល្អ​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អម្ចាស់​ធ្វើ​ការ​រួម​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​សម្តែង​ទី​សម្គាល់​ផ្សេងៗ​ជាប់​ជា​មួយ​ផង។]

ចែក​រំលែក
អាន ម៉ាកុស 16

ម៉ាកុស 16:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ផុត​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ម៉ារា ជា​ម្តាយ​យ៉ាកុប នឹង​សាឡូ‌មេ​បាន​នាំ​គ្នា​ទិញ​គ្រឿង​ក្រអូប ដើម្បី​នឹង​ទៅ​អប់​ព្រះ‌សព​ទ្រង់ ដល់​ព្រលឹម​ឡើង នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ កាល​ថ្ងៃ​ទើប​នឹង​រះ​ឡើង គេ​ក៏​ទៅ​ឯ​ផ្នូរ ព្រម​ទាំង​និយាយ​គ្នា​បណ្តើរ​ថា តើ​មាន​អ្នក​ណា នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង តែ​កាល​បាន​ងើប​មើល​ទៅ នោះ​ឃើញ​ថ្ម​បាន​ប្រមៀល​ចេញ​ហើយ (ថ្ម​នោះ​ធំ​ណាស់) លុះ​កាល​បាន​ចូល​ទៅ​ក្នុង​ផ្នូរ ក៏​ឃើញ​កំឡោះ​ម្នាក់ ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ហើយ​ស្ត្រី​ទាំង​នោះ​មាន​សេចក្ដី​ភាំង​ស្លុត តែ​អ្នក​នោះ​និយាយ​ថា កុំ​ឲ្យ​ភ័យ​ឡើយ អ្នក​រាល់​គ្នា​មក​រក​ព្រះ‌យេស៊ូវ ពី​ណា‌សារ៉ែត ដែល​ត្រូវ​ឆ្កាង ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល នេះ​ជា​កន្លែង​ដែល​គេ​បាន​ផ្តេក​ព្រះ‌សព​ទ្រង់ ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ពួក​សិស្ស​ទ្រង់ ព្រម​ទាំង​ពេត្រុស​ផង​ថា ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ ដូច​ជា​ទ្រង់​បាន​ប្រាប់​ទុក នោះ​គេ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ក្រៅ រត់​ចោល​ផ្នូរ​ទៅ​ដោយ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ ទាំង​ស្រឡាំង‌កាំង គេ​មិន​បាន​និយាយ​អ្វី​ប្រាប់​ដល់​អ្នក​ណា​ឡើយ ព្រោះ​គេ​ខ្លាច។ រីឯ​កាល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ​ឯង នោះ​ទ្រង់​ក៏​លេច​មក​មុន​ដំបូង ឲ្យ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា​ឃើញ គឺ​ជា​ស្ត្រី​ដែល​ទ្រង់​បាន​បណ្តេញ​អារក្ស​៧​ឲ្យ​ចេញ​នោះ នាង​ក៏​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បាន​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ដែល​គេ​កំពុង​តែ​កាន់​ទុក្ខ ហើយ​យំ​សោក តែ​កាល​គេ​បាន​ឮ​ថា​ទ្រង់​រស់ ហើយ​ថា​នាង​បាន​ឃើញ​ទ្រង់ នោះ​គេ​មិន​ជឿ​ទេ ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​បែប​១​ទៀត ឲ្យ​ពួក​គេ​២​នាក់​ឃើញ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ដើរ​ទៅ​ឯ​ស្រុក​ស្រែ អ្នក​ទាំង​២​នោះ​ក៏​ទៅ​ប្រាប់​ដល់​ពួក​គេ​ឯ​ទៀត តែ​គេ​នៅ​តែ​មិន​ជឿ​ទៀត ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​ឲ្យ​ពួក​១១​នាក់​បាន​ឃើញ ក្នុង​កាល​ដែល​កំពុង​អង្គុយ​នៅ​តុ ហើយ​ទ្រង់​បន្ទោស​គេ ដោយ​ព្រោះ​មាន​ចិត្ត​រឹង‌រូស ហើយ​មិន​ជឿ ពី​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ពួក​អ្នក​ដែល​ឃើញ​ទ្រង់ ក្រោយ​ដែល​ទ្រង់​រស់​ឡើង​វិញ​នោះ​ទេ ទ្រង់​ផ្តាំ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ នោះ​នឹង​ត្រូវ​ទោស​វិញ ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​នឹង​ចេះ​និយាយ​ភាសា​ថ្មី នឹង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​មិន​ធ្វើ​ឲ្យ​អន្តរាយ​ទេ ហើយ​គេ​នឹង​ដាក់​ដៃ​លើ​មនុស្ស​ជំងឺ​ឲ្យ​បាន​ជា​ផង។ ដូច្នេះ ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​មាន​បន្ទូល​នឹង​គេ​រួច​ហើយ នោះ​ព្រះវរ‌បិតា​បាន​ទទួល​ទ្រង់​ឡើង​ទៅ​ស្ថាន‌សួគ៌​វិញ ឲ្យ​គង់​នៅ​ខាង​ស្តាំ ឯ​ពួក​សិស្ស គេ​ចេញ​ទៅ​ប្រកាស​ប្រាប់​នៅ​សព្វ​គ្រប់​អន្លើ ដោយ​មាន​ព្រះ‌អម្ចាស់​ធ្វើ​ការ​ជា​មួយ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​ទី​សំគាល់​ដែល​កើត​មក​តាម​ក្រោយ​ផង។ អាម៉ែន។:៚

ចែក​រំលែក
អាន ម៉ាកុស 16