ម៉ាកុស 16:1-20

ម៉ាកុស 16:1-20 គកស១៦

កាល​ផុត​ថ្ងៃ​សប្ប័ទ​ហើយ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​អប់​ព្រះ‌សព​ព្រះ‌អង្គ។ នៅ​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍ ពេល​ថ្ងៃ​រះ ពួក​នាង​បាន​នាំ​គ្នា​ទៅ​ផ្នូរ។ ពួក​នាង​និយាយ​គ្នា​ថា៖ «តើ​មាន​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង?» ពេល​ពួក​នាង​ងើប​មុខ​ឡើង ឃើញ​ថ្ម​ដ៏​ធំ​នោះ​មាន​គេ​ប្រមៀល​ចេញ​ជា​ស្រេច។ ពេល​ពួក​នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង។ តែ​អ្នក​នោះ​និយាយ​មក​កាន់​ពួក​នាង​ថា៖ «កុំ​ភ័យ​អី នាង​កំពុង​រក​ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត ដែល​ត្រូវ​គេ​ឆ្កាង ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល៍! នេះ​ហើយ​ជា​កន្លែង​ដែល​គេ​បាន​ដាក់​ព្រះ‌សព​ព្រះ‌អង្គ។ ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ និង​ពេត្រុស​ផង​ថា ព្រះ‌អង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ទុក​ស្រាប់»។ ពួក​នាង​ក៏​រត់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ញ័រ ហើយ​ស្រឡាំង‌កាំង ក៏​មិន​បាន​និយាយ​អ្វី​ប្រាប់​អ្នក​ណា​សោះ ព្រោះ​ពួក​នាង​ភ័យ​ខ្លាច។ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍ ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា​ឃើញ​មុន​គេ គឺ​ស្ត្រី​នេះ​ហើយ​ដែល​ព្រះ‌អង្គ​បាន​ដេញ​អារក្ស​ប្រាំ​ពីរ​ឲ្យ​ចេញ​ពី​នាង។ នាង​បាន​ចេញ​ទៅ​ប្រាប់​ពួក​អ្នក​ដែល​បាន​នៅ​ជា​មួយ​ព្រះ‌អង្គ ក្នុង​ពេល​ដែល​គេ​កំពុង​តែ​កាន់​ទុក្ខ ហើយ​យំ​សោក។ ប៉ុន្តែ ពេល​គេ​ឮ​ថា​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់ ហើយ​ថា នាង​បាន​ឃើញ​ព្រះ‌អង្គ គេ​មិន​ជឿ​សម្ដី​នាង​ទេ។ ក្រោយ​ហេតុ‌ការណ៍​នេះ​មក ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​ពួក​គេ​ពីរ​នាក់​ឃើញ តាម​បែប​មួយ​ផ្សេង​ទៀត ក្នុង​ពេល​គេ​កំពុង​តែ​ដើរ​ទៅ​ស្រុក​ស្រែ។ អ្នក​ទាំង​នោះ​ក៏​ត្រឡប់​មក​ប្រាប់​អ្នក​ឯ​ទៀត តែ​គេ​ក៏​មិន​ជឿ​អ្នក​ទាំង​នោះ​ដែរ។ ក្រោយ​មក​ទៀត ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​អ្នក​ទាំង​ដប់​មួយ​ឃើញ ពេល​គេ​កំពុង​អង្គុយ​នៅ​តុ។ ព្រះ‌អង្គ​បន្ទោស​គេ ព្រោះ​គេ​មិន​ជឿ ហើយ​មាន​ចិត្ត​រឹង​រូស ព្រោះ​គេ​មិន​បាន​ជឿ​ពួក​អ្នក​ដែល​ឃើញ​ព្រះ‌អង្គ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ចេញ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។ អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ជឿ នោះ​នឹង​ជាប់​ទោស។ ទី​សម្គាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា ក្នុង​នាម​ខ្ញុំ គេ​នឹង​ដេញ​អារក្ស ហើយ​គេ​នឹង​និយាយ​ភាសា​ថ្មី។ គេ​នឹង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​នឹង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​គេ​ឡើយ គេ​នឹង​ដាក់​ដៃ​លើ​អ្នក​ជំងឺ ហើយ​អ្នក​ជំងឺ​នឹង​បាន​ជា​សះ​ស្បើយ»។ ដូច្នេះ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​រួច​ហើយ ព្រះ​ក៏​លើក​ព្រះ‌អម្ចាស់​យេស៊ូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ រីឯ​ពួក​សិស្ស​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង ហើយ​ព្រះ‌អម្ចាស់​ក៏​ធ្វើ​ការ​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​ទី​សម្គាល់​ដែល​អម​ជា​មួយ។ អាម៉ែន។:៚

អាន ម៉ាកុស 16