ម៉ាកុស 15:42-47

ម៉ាកុស 15:42-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ល្ងាច ដោយ​ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ លោក​យ៉ូសែប ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ ជា​សមាជិក​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ម្នាក់​ក្នុង​ក្រុម​ប្រឹក្សា ហើយ​ក៏​ជា​អ្នក​រង់​ចាំ​ព្រះរាជ្យ​របស់​ព្រះ​ដែរ លោក​ទៅ​ជួប​លោក​ពីឡាត់​ដោយ​ក្លា​ហាន ដើម្បី​សុំ​ព្រះ​សព​ព្រះ‌យេស៊ូវ។ លោក​ពីឡាត់​នឹក​ឆ្ងល់ ដោយ​ឮ​ថា​ព្រះ‌អង្គ​សុគត​ផុត​ទៅ​ហើយ លោក​ក៏​ហៅ​មេ​ទ័ព​មក​សួរ​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុគត​មែន ឬ​មិន​មែន។ ពេល​លោក​បាន​ដឹង​ពី​មេ​ទ័ព​នោះ​ថា​ព្រះ‌អង្គ​សុគត​មែន លោក​ក៏​ប្រគល់​ព្រះ‌សព​ព្រះ‌អង្គ​ដល់​លោក​យ៉ូសែប។ លោក​ទិញ​សំពត់​ទេស‌ឯក យក​ព្រះ‌សព​ព្រះ‌អង្គ​ចុះ រុំ​នឹង​សំពត់​ទេស​ឯក​នោះ បញ្ចុះ​ទៅ​ក្នុង​ផ្នូរ​ដែល​បាន​ដាប់​នៅ​ក្នុង​ថ្ម រួច​ប្រមៀល​ថ្ម​មួយ​ផ្ទាំង បិទ​មាត់​ផ្នូរ។ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា និង​នាង​ម៉ារា ជា​ម្តាយ​យ៉ូសេ បាន​ឃើញ​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:42-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​គេ​រៀបចំ​បុណ្យ​ចម្លង* គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ*។ លុះ​ដល់​ល្ងាច លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ​មក​ដល់ លោក​ជា​សមាជិក​ដែល​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ហើយ​លោក​ក៏​រង់‌ចាំ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ដែរ។ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​ពីឡាត​នឹក​ឆ្ងល់​ណាស់ ដោយ​ឮ​ថា​ព្រះ‌យេស៊ូ​សោយ​ទិវង្គត​យ៉ាង​ឆាប់​ដូច្នេះ។ លោក​ហៅ​នាយ​ទាហាន​មក​សួរ​ឲ្យ​ដឹង​ថា ព្រះ‌យេស៊ូ​សោយ​ទិវង្គត​យូរ​ហើយ​ឬ។ បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​រាយ‌ការណ៍​ពី​នាយ​ទាហាន​រួច​ហើយ លោក​ក៏​អនុញ្ញាត​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ទៅ​លោក​យ៉ូសែប។ លោក​យ៉ូសែប​ទិញ​ក្រណាត់​ផាឌិប លោក​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់ រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ​ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ បន្ទាប់​មក លោក​ប្រមៀល​ថ្ម​មួយ​ដុំ​បិទ​មាត់​ផ្នូរ។ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូសេ នាំ​គ្នា​មើល​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:42-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ម្នាក់​ឈ្មោះ​យ៉ូសែប​នៅ​ស្រុក​អើរី‌ម៉ាថេ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​ក្រុម‌ជំនុំ ជា​អ្នក​រង់​ចាំ​នគរ​ព្រះ​ដែរ អ្នក​នោះ​បាន​មក​ដល់ ក៏​ចូល​ទៅ​ឯ​លោក​ពីឡាត់ ដោយ​ចិត្ត​ក្លាហាន សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ ដោយ​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ គឺ​ជា​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ល្ងាច​ណាស់​ផង ឯ​លោក​ពីឡាត់ មាន​សេចក្ដី​ឆ្ងល់​ពី​ទ្រង់ ដែល​សុគត​ជា​ឆាប់​ម៉្លេះ ក៏​ហៅ​មេ​ទ័ព​មក​សួរ​បញ្ជាក់ បើ​ទ្រង់​សុគត​ជា​យូរ​មក​ហើយ ឬ​ដូច​ម្តេច កាល​មេ​ទ័ព​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ហើយ នោះ​លោក​ក៏​អនុញ្ញាត​ឲ្យ​ព្រះ‌សព​ដល់​យ៉ូសែប គាត់​ក៏​ទិញ​សំពត់​ទេស‌ឯក រួច​ដាក់​ព្រះ‌សព​ទ្រង់​ចុះ​មក រុំ​នឹង​សំពត់​នោះ នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​បាន​ដាប់​នៅ​ក្នុង​ថ្ម រួច​ប្រមៀល​ថ្ម​១​មក សន្ធប់​ខ្ទប់​មាត់​ផ្នូរ​ជិត ឯ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នឹង​ម៉ារា ជា​ម្តាយ​យ៉ូសេ គេ​ក៏​ឃើញ​កន្លែង​ដែល​បញ្ចុះ​ព្រះ‌សព​ទ្រង់​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 15