ម៉ាកុស 15:27-47
ម៉ាកុស 15:27-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ [ ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់» ។] មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គ និងពោលថា៖ «នែ៎ អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ សង្គ្រោះខ្លួនឯងទៅ អញ្ជើញចុះពីឈើឆ្កាងមក!»។ រីឯពួកនាយកបូជាចារ្យ និងពួកអាចារ្យ* ក៏និយាយគ្នាចំអកឲ្យព្រះអង្គដូចគេដែរ ពួកគេពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងទេ!។ សូមព្រះគ្រិស្ត ជាស្ដេចអ៊ីស្រាអែល អញ្ជើញចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង!»។ អ្នកដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដែរ។ នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។ នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ាសាបាច់ថានី?» ពាក្យនេះប្រែថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?» ។ អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «ឃើញទេ! គាត់ហៅលោកអេលីយ៉ា!»។ មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «ចាំមើលមើល៍ តើលោកអេលីយ៉ាមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។ រីឯព្រះយេស៊ូវិញ ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ នាយទាហានរ៉ូម៉ាំងដែលឈរនៅខាងមុខព្រះយេស៊ូ ឃើញព្រះអង្គរលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ មានស្ត្រីៗខ្លះទៀតមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេផង។ ស្ត្រីទាំងនោះមកជាមួយ ហើយបម្រើព្រះអង្គតាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ត្រីឯទៀតៗជាច្រើនបានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។ ថ្ងៃនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ*។ លុះដល់ល្ងាច លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេមកដល់ លោកជាសមាជិកដែលមានកេរ្តិ៍ឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់* ហើយលោកក៏រង់ចាំព្រះរាជ្យ*របស់ព្រះជាម្ចាស់ដែរ។ លោកមានចិត្តក្លាហានហ៊ានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា ព្រះយេស៊ូសោយទិវង្គតយូរហើយឬ។ បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។ លោកយ៉ូសែបទិញក្រណាត់ផាឌិប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
ម៉ាកុស 15:27-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង។ [ដូច្នេះក៏បានសម្រេចតាមបទគម្ពីរដែលចែងថា៖ «គេបានរាប់បញ្ចូលព្រះអង្គជាមួយពួកទទឹងច្បាប់» ។] ពួកអ្នកដែលដើរកាត់តាមទីនោះ ចំអកមើលងាយព្រះអង្គ ទាំងគ្រវីក្បាល ហើយពោលថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯង ហើយចុះពីឈើឆ្កាងមក»។ ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ចំអកមើលងាយព្រះអង្គដូចគ្នា ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «គាត់សង្គ្រោះអ្នកដទៃបាន តែមិនអាចសង្គ្រោះខ្លួនឯងបានទេ។ សូមព្រះគ្រីស្ទ ជាស្តេចសាសន៍អ៊ីស្រាអែល ចុះពីឈើឆ្កាងមកឥឡូវនេះមក ដើម្បីឲ្យយើងឃើញ ហើយជឿផង!» អ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គ គេក៏ម្រមាថមើលងាយព្រះអង្គដែរ។ នៅពេលថ្ងៃត្រង់ មេឃងងឹតគ្របដណ្ដប់លើផែនដីទាំងមូល រហូតដល់ម៉ោងបីរសៀល។ នៅវេលាម៉ោងបី ព្រះយេស៊ូវស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ា សាបាច់ថានី ដែលប្រែថា ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ? » ពេលអ្នកខ្លះដែលឈរនៅទីនោះឮពាក្យនេះ គេពោលថា៖ «ស្តាប់មើល៍! គាត់ហៅរកលោកអេលីយ៉ាហើយ!»។ មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែង ហុចថ្វាយព្រះអង្គសោយ ដោយពោលថា៖ «ឈប់សិន ចាំមើលមើល៍ តើលោកអេលីយ៉ាចុះមកយកគាត់ចុះពីឈើឆ្កាងឬទេ?» ព្រះយេស៊ូវក៏ស្រែកយ៉ាងខ្លាំង រួចផុតដង្ហើមទៅ។ ពេលនោះ វាំងននក្នុងព្រះវិហារក៏រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ កាលមេទ័ពដែលឈរទល់មុខព្រះអង្គ ឃើញព្រះអង្គ[ស្រែកឡើង] ហើយផុតដង្ហើមទៅដូច្នេះ ក៏ពោលថា៖ «បុរសនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!» មានស្ត្រីខ្លះឈរមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារាជាម្ដាយយ៉ាកុបតូច និងជាម្ដាយយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ។ ស្ត្រីទាំងនោះធ្លាប់តាមបម្រើព្រះអង្គ ពេលព្រះអង្គគង់នៅស្រុកកាលីឡេ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។ លុះដល់ល្ងាច ដោយព្រោះថ្ងៃនោះជាថ្ងៃរៀបចំ គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ លោកយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ជាសមាជិកដែលមានកេរ្ដិ៍ឈ្មោះល្អម្នាក់ក្នុងក្រុមប្រឹក្សា ហើយក៏ជាអ្នករង់ចាំព្រះរាជ្យរបស់ព្រះដែរ លោកទៅជួបលោកពីឡាត់ដោយក្លាហាន ដើម្បីសុំព្រះសពព្រះយេស៊ូវ។ លោកពីឡាត់នឹកឆ្ងល់ ដោយឮថាព្រះអង្គសុគតផុតទៅហើយ លោកក៏ហៅមេទ័ពមកសួរឲ្យដឹងថា ព្រះអង្គសុគតមែន ឬមិនមែន។ ពេលលោកបានដឹងពីមេទ័ពនោះថាព្រះអង្គសុគតមែន លោកក៏ប្រគល់ព្រះសពព្រះអង្គដល់លោកយ៉ូសែប។ លោកទិញសំពត់ទេសឯក យកព្រះសពព្រះអង្គចុះ រុំនឹងសំពត់ទេសឯកនោះ បញ្ចុះទៅក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្មមួយផ្ទាំង បិទមាត់ផ្នូរ។ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារា ជាម្តាយយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
ម៉ាកុស 15:27-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ [ ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់» ។] មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គ និងពោលថា៖ «នែ៎ អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ សង្គ្រោះខ្លួនឯងទៅ អញ្ជើញចុះពីឈើឆ្កាងមក!»។ រីឯពួកនាយកបូជាចារ្យ និងពួកអាចារ្យ* ក៏និយាយគ្នាចំអកឲ្យព្រះអង្គដូចគេដែរ ពួកគេពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងទេ!។ សូមព្រះគ្រិស្ត ជាស្ដេចអ៊ីស្រាអែល អញ្ជើញចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង!»។ អ្នកដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដែរ។ នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។ នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ាសាបាច់ថានី?» ពាក្យនេះប្រែថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?» ។ អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «ឃើញទេ! គាត់ហៅលោកអេលីយ៉ា!»។ មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «ចាំមើលមើល៍ តើលោកអេលីយ៉ាមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។ រីឯព្រះយេស៊ូវិញ ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ នាយទាហានរ៉ូម៉ាំងដែលឈរនៅខាងមុខព្រះយេស៊ូ ឃើញព្រះអង្គរលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ មានស្ត្រីៗខ្លះទៀតមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេផង។ ស្ត្រីទាំងនោះមកជាមួយ ហើយបម្រើព្រះអង្គតាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ត្រីឯទៀតៗជាច្រើនបានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។ ថ្ងៃនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ*។ លុះដល់ល្ងាច លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេមកដល់ លោកជាសមាជិកដែលមានកេរ្តិ៍ឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់* ហើយលោកក៏រង់ចាំព្រះរាជ្យ*របស់ព្រះជាម្ចាស់ដែរ។ លោកមានចិត្តក្លាហានហ៊ានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា ព្រះយេស៊ូសោយទិវង្គតយូរហើយឬ។ បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។ លោកយ៉ូសែបទិញក្រណាត់ផាឌិប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
ម៉ាកុស 15:27-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេង នោះបានសំរេចតាមបទគម្ពីរដែលថា «គេបានរាប់ទ្រង់ជាពួកអ្នកទទឹងច្បាប់»។ ពួកអ្នកដែលដើរតាមទីនោះ ក៏ជេរទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា អើ ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃ ឥឡូវ ចូរជួយសង្គ្រោះខ្លួនឯង ដោយចុះពីឈើឆ្កាងមក ពួកសង្គ្រាជនឹងពួកអាចារ្យ ក៏ចំអកឲ្យទ្រង់បែបដូចគ្នា ទាំងនិយាយគ្នាទៅវិញទៅមកថា វាជួយសង្គ្រោះដល់មនុស្សឯទៀតបាន តែពុំអាចនឹងសង្គ្រោះចំពោះខ្លួនឯងបានទេ ចូរឲ្យព្រះគ្រីស្ទ ជាស្តេចនៃសាសន៍អ៊ីស្រាអែល ចុះពីឈើឆ្កាងមកឥឡូវចុះ ឲ្យយើងបានឃើញ ហើយជឿផង ឯ២នាក់ដែលជាប់ឆ្កាងជាមួយនឹងទ្រង់ គេក៏ដៀលត្មះទ្រង់ដែរ។ ដល់ម៉ោង១២ នោះមានងងឹតដាបគ្របលើផែនដី ដរាបដល់ម៉ោង៣រសៀល លុះវេលាម៉ោង៣ នោះព្រះយេស៊ូវ ទ្រង់បន្លឺឧទានជាខ្លាំងថា អេឡយៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ព្រះអង្គនៃទូលបង្គំអើយ ឱព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ អ្នកខ្លះដែលឈរនៅទីនោះក៏ឮ ហើយគេនិយាយថា មើល វាស្រែកហៅរកលោកអេលីយ៉ាហើយ រួចម្នាក់រត់ទៅយកសារាយរំហួតជ្រលក់ទឹកខ្មេះជោក ដាក់នឹងចុងដើមត្រែងហុចទៅ ថ្វាយទ្រង់សោយ ដោយពោលថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកបញ្ចុះវាឬទេ។ រួចព្រះយេស៊ូវ ទ្រង់ស្រែកជាខ្លាំង ហើយក៏ផុតដង្ហើមទៅ គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះដល់ក្រោម ឯមេទ័ពដែលឈរទល់មុខនឹងទ្រង់ គាត់ឃើញថា ទ្រង់ស្រែកឡើង ហើយផុតដង្ហើមទៅយ៉ាងដូច្នោះ ក៏និយាយថា មនុស្សនេះប្រាកដជាព្រះរាជបុត្រានៃព្រះមែន ក៏មានស្ត្រីខ្លះដែលបានតាមបំរើព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយ គេឈរមើលពីចំងាយ ក្នុងពួកស្ត្រីទាំងនោះ គឺម៉ារា ពីស្រុកម៉ាក់ដាឡា១ នឹងម៉ារា ជាម្តាយយ៉ាកុបតូច នឹងយ៉ូសេ១ ហើយនឹងសាឡូមេ១ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់ដែរ។ មានម្នាក់ឈ្មោះយ៉ូសែបនៅស្រុកអើរីម៉ាថេ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកក្រុមជំនុំ ជាអ្នករង់ចាំនគរព្រះដែរ អ្នកនោះបានមកដល់ ក៏ចូលទៅឯលោកពីឡាត់ ដោយចិត្តក្លាហាន សូមព្រះសពព្រះយេស៊ូវ ដោយព្រោះជាថ្ងៃរៀបចំហើយ គឺជាថ្ងៃមុនថ្ងៃឈប់សំរាក ហើយក៏ល្ងាចណាស់ផង ឯលោកពីឡាត់ មានសេចក្ដីឆ្ងល់ពីទ្រង់ ដែលសុគតជាឆាប់ម៉្លេះ ក៏ហៅមេទ័ពមកសួរបញ្ជាក់ បើទ្រង់សុគតជាយូរមកហើយ ឬដូចម្តេច កាលមេទ័ពបានជំរាបឲ្យលោកជ្រាបហើយ នោះលោកក៏អនុញ្ញាតឲ្យព្រះសពដល់យ៉ូសែប គាត់ក៏ទិញសំពត់ទេសឯក រួចដាក់ព្រះសពទ្រង់ចុះមក រុំនឹងសំពត់នោះ នាំទៅបញ្ចុះក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្ម១មក សន្ធប់ខ្ទប់មាត់ផ្នូរជិត ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា ជាម្តាយយ៉ូសេ គេក៏ឃើញកន្លែងដែលបញ្ចុះព្រះសពទ្រង់ដែរ។