ម៉ាកុស 15:27-47

ម៉ាកុស 15:27-47 គកស១៦

គេ​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ ម្នាក់​នៅ​ខាង​ស្តាំ ម្នាក់​នៅ​ខាង​ឆ្វេង។ [ដូច្នេះ​ក៏​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «គេ​បាន​រាប់​បញ្ចូល​ព្រះ‌អង្គ​ជា​មួយ​ពួក​ទទឹង​ច្បាប់» ។] ពួក​អ្នក​ដែល​ដើរ​កាត់​តាម​ទី​នោះ ចំ​អក​មើល​ងាយ​ព្រះ‌អង្គ ទាំង​គ្រវី​ក្បាល ហើយ​ពោល​ថា៖ «ឱ​អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​ចុះ​ពី​ឈើ​ឆ្កាង​មក»។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «គាត់​សង្គ្រោះ​អ្នក​ដទៃ​បាន តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ។ សូម​ព្រះ‌គ្រីស្ទ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង!» អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ គេ​ក៏​ម្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ដែរ។ នៅ​ពេល​ថ្ងៃ​ត្រង់ មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល រហូត​ដល់​ម៉ោង​បី​រសៀល។ នៅ​វេលា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡា‌ម៉ា សាបាច់‌ថានី ដែល​ប្រែ​ថា ឱ​ព្រះ​នៃ​ទូល​បង្គំ ព្រះ​នៃ​ទូល​បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល​បង្គំ​ចោល​ដូច្នេះ? » ពេល​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ឮ​ពាក្យ​នេះ គេ​ពោល​ថា៖ «ស្តាប់​មើល៍! គាត់​ហៅ​រក​លោក​អេលី‌យ៉ា​ហើយ!»។ មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង ហុច​ថ្វាយ​ព្រះ‌អង្គ​សោយ ដោយ​ពោល​ថា៖ «ឈប់​សិន ចាំ​មើល​មើល៍ តើ​លោក​អេលី‌យ៉ា​ចុះ​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?» ព្រះ‌យេស៊ូវ​ក៏​ស្រែក​យ៉ាង​ខ្លាំង រួច​ផុត​ដង្ហើម​ទៅ។ ពេល​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ កាល​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​ព្រះ‌អង្គ ឃើញ​ព្រះ‌អង្គ[​ស្រែក​ឡើង] ហើយ​ផុត​ដង្ហើម​ទៅ​ដូច្នេះ ក៏​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន!» មាន​ស្ត្រី​ខ្លះ​ឈរ​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា​ជា​ម្ដាយ​យ៉ាកុប​តូច និង​ជា​ម្ដាយ​យ៉ូសេ ព្រម​ទាំង​នាង​សាឡូមេ​ដែរ។ ស្ត្រី​ទាំង​នោះ​ធ្លាប់​តាម​បម្រើ​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​គង់​នៅ​ស្រុក​កា​លីឡេ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ជា​មួយ​ព្រះ‌អង្គ។ លុះ​ដល់​ល្ងាច ដោយ​ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ លោក​យ៉ូសែប ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ ជា​សមាជិក​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ម្នាក់​ក្នុង​ក្រុម​ប្រឹក្សា ហើយ​ក៏​ជា​អ្នក​រង់​ចាំ​ព្រះរាជ្យ​របស់​ព្រះ​ដែរ លោក​ទៅ​ជួប​លោក​ពីឡាត់​ដោយ​ក្លា​ហាន ដើម្បី​សុំ​ព្រះ​សព​ព្រះ‌យេស៊ូវ។ លោក​ពីឡាត់​នឹក​ឆ្ងល់ ដោយ​ឮ​ថា​ព្រះ‌អង្គ​សុគត​ផុត​ទៅ​ហើយ លោក​ក៏​ហៅ​មេ​ទ័ព​មក​សួរ​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុគត​មែន ឬ​មិន​មែន។ ពេល​លោក​បាន​ដឹង​ពី​មេ​ទ័ព​នោះ​ថា​ព្រះ‌អង្គ​សុគត​មែន លោក​ក៏​ប្រគល់​ព្រះ‌សព​ព្រះ‌អង្គ​ដល់​លោក​យ៉ូសែប។ លោក​ទិញ​សំពត់​ទេស‌ឯក យក​ព្រះ‌សព​ព្រះ‌អង្គ​ចុះ រុំ​នឹង​សំពត់​ទេស​ឯក​នោះ បញ្ចុះ​ទៅ​ក្នុង​ផ្នូរ​ដែល​បាន​ដាប់​នៅ​ក្នុង​ថ្ម រួច​ប្រមៀល​ថ្ម​មួយ​ផ្ទាំង បិទ​មាត់​ផ្នូរ។ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា និង​នាង​ម៉ារា ជា​ម្តាយ​យ៉ូសេ បាន​ឃើញ​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះ‌អង្គ។

អាន ម៉ាកុស 15