ម៉ាកុស 15:1-36

ម៉ាកុស 15:1-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ព្រលឹម​ឡើង ពួក​នាយក​បូជា‌ចារ្យ*​ប្រជុំ​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​អាចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល។ គេ​បាន​ចង​ព្រះ‌យេស៊ូ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​លោក​ពីឡាត។ លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ដូច្នេះ!»។ ពួក​នាយក​បូជា‌ចារ្យ​បាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ។ លោក​ពីឡាត​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ? អ្នក​មិន​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។ ព្រះ‌យេស៊ូ​ពុំ​ឆ្លើយ​តប​ទៀត​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ពីឡាត​ងឿង‌ឆ្ងល់​ជា​ខ្លាំង។ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​តែង​លែង​អ្នក​ទោស​ម្នាក់​តាម​ពាក្យ​សុំ​របស់​បណ្ដា‌ជន។ មាន​បុរស​ម្នាក់​ឈ្មោះ បារ៉ា‌បាស ជាប់​ឃុំ‌ឃាំង​ជា​មួយ​ពួក​បះ‌បោរ ដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលាចល។ បណ្ដា‌ជន​នាំ​គ្នា​ឡើង​ទៅ​ជួប​លោក​ពីឡាត សុំ​ឲ្យ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​ធ្លាប់​អនុ‌គ្រោះ​ដល់​គេ។ លោក​ពីឡាត​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ?»។ លោក​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​នាយក​បូជា‌ចារ្យ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​ពួក​គេ​មាន​ចិត្ត​ច្រណែន។ ពួក​នាយក​បូជា‌ចារ្យ*​នាំ​គ្នា​បញ្ចុះ‌បញ្ចូល​បណ្ដា‌ជន​សុំ​ឲ្យ​លោក​ពីឡាត​ដោះ​លែង​បារ៉ា‌បាស​វិញ។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្ដេច​យូដា​នេះ?»។ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?»។ ប៉ុន្តែ គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឆ្កាង​ទៅ!»។ លោក​ពីឡាត​ចង់​បំពេញ​ចិត្ត​បណ្ដា‌ជន ក៏​ដោះ​លែង​បារ៉ា‌បាស។ បន្ទាប់​ពី​បញ្ជា​ឲ្យ​គេ​វាយ​ព្រះ‌យេស៊ូ​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​ឲ្យ​គេ​ឆ្កាង។ ពួក​ទាហាន​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ហៅ​កង​ទាហាន​ទាំង​មូល​មក។ គេ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឲ្យ​ព្រះអង្គ រួច​យក​បន្លា​មក​ក្រង​ធ្វើ​ភួង បំពាក់​ជា​មកុដ​លើ​ព្រះ‌សិរសា​ព្រះអង្គ។ គេ​ក៏​នាំ​គ្នា​សំពះ​ព្រះអង្គ ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។ គេ​យក​ផ្ដៅ​វាយ​ព្រះ‌សិរសា​ព្រះអង្គ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ ព្រម​ទាំង​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះអង្គ​ថែម​ទៀត​ផង។ ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ពណ៌​ក្រហម​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​មក​ពាក់​ថ្វាយ​ព្រះអង្គ​វិញ ហើយ​បណ្ដើរ​យក​ទៅ​ឆ្កាង។ ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​ស្រុក​គីរ៉ែន​ត្រឡប់​មក​ពី​ចម្ការ គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ។ អ្នក​នោះ​ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​របស់​អលេ‌ក្សាន‌ត្រុស និង​រូភូស។ គេ​បណ្ដើរ​ព្រះ‌យេស៊ូ​មក​ដល់​កន្លែង​មួយ​ឈ្មោះ “គាល់‌កូថា” ដែល​ប្រែ​ថា “ភ្នំ​លលាដ៍​ក្បាល”។ គេ​យក​ស្រា​ទំពាំង‌បាយជូរ​លាយ​ជា​មួយ​គ្រឿង‌ញៀន​ម្យ៉ាង មក​ថ្វាយ​ព្រះអង្គ​សោយ ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​សោយ​ទេ។ គេ​ក៏​ឆ្កាង​ព្រះអង្គ ហើយ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។ គេ​ឆ្កាង​ព្រះអង្គ​នៅ​ម៉ោង​ប្រាំ​បួន​ព្រឹក។ គេ​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា«ស្ដេច​ជន‌ជាតិ​យូដា»។ គេ​ក៏​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ [ ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះអង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់» ។] មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះអង្គ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ សង្គ្រោះ​ខ្លួន​ឯង​ទៅ អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ រីឯ​ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ* ក៏​និយាយ​គ្នា​ចំអក​ឲ្យ​ព្រះអង្គ​ដូច​គេ​ដែរ ពួក​គេ​ពោល​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​ទេ!។ សូម​ព្រះ‌គ្រិស្ត ជា​ស្ដេច​អ៊ីស្រា‌អែល អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ និង​ជឿ​ផង!»។ អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដែរ។ នៅ​ពេល​ថ្ងៃ​ត្រង់ ស្រាប់​តែ​ផែនដី​ទាំង​មូល​ងងឹត​សូន្យ រហូត​ដល់​ម៉ោង​បី​រសៀល។ នៅ​វេលា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល​ទូលបង្គំ​ដូច្នេះ?» ។ អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ក៏​ពោល​ថា៖ «ឃើញ​ទេ! គាត់​ហៅ​លោក​អេលីយ៉ា!»។ មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ ទាំង​ពោល​ថា៖ «ចាំ​មើល​មើល៍ តើ​លោក​អេលីយ៉ា​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?»។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:1-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ព្រឹក​ឡើង​ភ្លាម ពួក​សង្គ្រាជ​បាន​ជួប​ពិគ្រោះ​គ្នា​ជា​មួយ​ពួក​ចាស់​ទុំ ពួក​អាចារ្យ និង​ក្រុម‌ប្រឹក្សា​ទាំង​មូល។ គេ​ចង​ព្រះ‌យេស៊ូវ ហើយ​នាំ​ព្រះ‌អង្គ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់។ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​ឬ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។ ពេល​នោះ ពួក​សង្គ្រាជ​បាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌អង្គ។ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ម្តង​ទៀត​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? មើល​ចុះ គេ​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​អ្នក»។ តែ​ព្រះ‌យេស៊ូវ​ពុំ​បាន​ឆ្លើយ​អ្វី​ទៀត​ឡើយ ធ្វើ​ឲ្យ​លោក​ពីឡាត់​ងឿង​ឆ្ងល់​ជា​ខ្លាំង។ រាល់​ពេល​បុណ្យ លោក​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ពួក​គេ តាម​ដែល​គេ​សុំ។ មាន​បុរស​ម្នាក់​ឈ្មោះ​បារ៉ា‌បាស ជាប់​គុក​ជា​មួយ​ពួក​បះ‌បោរ គាត់​បាន​សម្លាប់​គេ​ក្នុង​ពេល​បះបោរ​នោះ។ បណ្ដាជន​ចាប់​ផ្ដើម​ឡើង​មក​សុំ​លោក​ពីឡាត់ ដើម្បី​ឲ្យ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​បាន​ធ្វើ​ដល់​ពួក​គេ។ លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​អ្នក​រាល់​គ្នា​ឬ?» ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។ ប៉ុន្តែ ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​បណ្ដាជន សុំ​ឲ្យ​លោក​ដោះ​លែង​បារ៉ា‌បាស​វិញ។ លោក​ពីឡាត់​សួរ​គេ​ម្តង​ទៀត​ថា៖ «ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ?» គេ​ស្រែក​ឡើង​ទៀត​ថា៖ «ចូរ​ឆ្កាង​វា​ទៅ!» លោក​ពីឡាត់​សួរ​គេ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អាក្រក់​អ្វី?» តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ចូរ​ឆ្កាង​វា​ទៅ!» ដូច្នេះ ដោយ​លោក​ពីឡាត់​ចង់​បំពេញ​ចិត្ត​បណ្ដាជន ក៏​ដោះ​លែង​បារ៉ា‌បាស​ឲ្យ​ពួក​គេ។ កាល​បាន​វាយ​ព្រះ‌យេស៊ូវ​ដោយ​រំពាត់​រួច​ហើយ លោក​ក៏​ប្រគល់​ព្រះ‌អង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។ ពួក​ទាហាន​បណ្ដើរ​ព្រះ‌អង្គ​ចូល​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ដែល​ជា​កន្លែង​កាត់​ក្តី រួច​គេ​ហៅ​ទ័ព​ទាំង​អស់​មក​ជួប​ជុំ​គ្នា។ គេ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ ហើយ​គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​បំពាក់​លើ​ព្រះសិរ​ព្រះ‌អង្គ រួច​ចាប់​ផ្ដើម​គំនាប់​ព្រះ‌អង្គ​ថា៖ «សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា!» គេ​យក​ដើម​ត្រែង​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ ហើយ​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ប្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ហើយ គេ​ក៏​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ បំពាក់​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​វិញ ហើយ​បណ្ដើរ​ព្រះ‌អង្គ​យក​ទៅ​ឆ្កាង។ ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន អ្នក​ស្រុក​គីរេន ជា​ឪពុក​អ័លេ‌ក្សានត្រុស និង​រូភូស ដែល​ត្រឡប់​មក​ពី​ចម្ការ​តាម​ផ្លូវ​នោះ គេ​ចាប់​បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល»។ គេ​យក​ស្រា​ទំពាំង​បាយ​ជូរ លាយ​ជា​មួយ​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ព្រះ‌អង្គ​មិន​បាន​សោយ​ទេ។ គេ​ក៏​ឆ្កាង​ព្រះ‌អង្គ ហើយ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ត្រូវ​បាន​អ្វី។ គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក។ គេ​សរសេរ​ប្រកាស​កាត់​ទោស​ព្រះ‌អង្គ​ថា «ស្តេច​សាសន៍​យូដា»។ គេ​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ ម្នាក់​នៅ​ខាង​ស្តាំ ម្នាក់​នៅ​ខាង​ឆ្វេង។ [ដូច្នេះ​ក៏​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «គេ​បាន​រាប់​បញ្ចូល​ព្រះ‌អង្គ​ជា​មួយ​ពួក​ទទឹង​ច្បាប់» ។] ពួក​អ្នក​ដែល​ដើរ​កាត់​តាម​ទី​នោះ ចំ​អក​មើល​ងាយ​ព្រះ‌អង្គ ទាំង​គ្រវី​ក្បាល ហើយ​ពោល​ថា៖ «ឱ​អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​ចុះ​ពី​ឈើ​ឆ្កាង​មក»។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «គាត់​សង្គ្រោះ​អ្នក​ដទៃ​បាន តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ។ សូម​ព្រះ‌គ្រីស្ទ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង!» អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ គេ​ក៏​ម្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ដែរ។ នៅ​ពេល​ថ្ងៃ​ត្រង់ មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល រហូត​ដល់​ម៉ោង​បី​រសៀល។ នៅ​វេលា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡា‌ម៉ា សាបាច់‌ថានី ដែល​ប្រែ​ថា ឱ​ព្រះ​នៃ​ទូល​បង្គំ ព្រះ​នៃ​ទូល​បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល​បង្គំ​ចោល​ដូច្នេះ? » ពេល​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ឮ​ពាក្យ​នេះ គេ​ពោល​ថា៖ «ស្តាប់​មើល៍! គាត់​ហៅ​រក​លោក​អេលី‌យ៉ា​ហើយ!»។ មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង ហុច​ថ្វាយ​ព្រះ‌អង្គ​សោយ ដោយ​ពោល​ថា៖ «ឈប់​សិន ចាំ​មើល​មើល៍ តើ​លោក​អេលី‌យ៉ា​ចុះ​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?»

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:1-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ព្រឹក​ឡើង កាល​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ ព្រម​ទាំង​ក្រុម‌ជំនុំ​ទាំង​អស់​បាន​ប្រជុំ​ពិគ្រោះ​គ្នា នោះ​ក៏​ចង​ព្រះ‌យេស៊ូវ នាំ​បញ្ជូន​ទៅ​ឯ​លោក​ពីឡាត់ លោក​ពីឡាត់​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ឯ​ពួក​សង្គ្រាជ គេ​ចោទ​ប្រកាន់​ទ្រង់​ខ្លាំង​ណាស់ នោះ​លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ម្តង​ទៀត ដោយ​ពាក្យ​ថា តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ទេ​ឬ​អី មើល រឿង​ជា​ច្រើន​ទាំង​ម៉្លេះ ដែល​គេ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឥត​មាន​ឆ្លើយ​អ្វី​ទៀត​សោះ បាន​ជា​លោក​ពីឡាត់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។ រីឯ​នៅ​បុណ្យ​នោះ លោក​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ​តាម​ដែល​គេ​សូម គ្រា​នោះ មាន​ម្នាក់​ឈ្មោះ​បារ៉ា‌បាស ជាប់​គុក​ជា​មួយ​នឹង​ពួក​អ្នក​បះ‌បោរ ជា​អ្នក​ដែល​បាន​សំឡាប់​គេ​ក្នុង​វេលា​បះ​នោះ ហ្វូង​មនុស្ស​ក៏​ចាប់​តាំង​ស្រែក​ឡើង សូម​លោក​បើក​ឲ្យ​ដល់​គេ ដូច​ជា​លោក​តែង​ធ្លាប់​ធ្វើ​មក លោក​ពីឡាត់​សួរ​គេ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​ដល់​អ្នក​រាល់​គ្នា​ឬ​អី នេះ​ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ទ្រង់ ដោយ​ឈ្នានីស​ទេ តែ​ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​ហ្វូង​មនុស្ស ឲ្យ​សូម​ឲ្យ​លោក​លែង​បារ៉ា‌បាស​វិញ លោក​ពីឡាត់​ក៏​សួរ​គេ​ម្តង​ទៀត​ថា ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​នឹង​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ គេ​ស្រែក​ឡើង​ទៀត​ថា ចូរ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​គាត់​បាន​ធ្វើ​ខុស​អ្វី នោះ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ ឯ​ពីឡាត់ លោក​ចង់​ធ្វើ​បំពេញ​ដល់​ចិត្ត​ហ្វូង​មនុស្ស​ដែរ បាន​ជា​លែង​បារ៉ា‌បាស​ដល់​គេ រួច​កាល​បាន​វាយ​ព្រះ‌យេស៊ូវ​ដោយ​រំពាត់​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។ ចំណែក​ពួក​ទាហាន ក៏​នាំ​ទ្រង់​ទៅ​ឯ​ទីធ្លា ជា​ទី​កាត់​ក្តី រួច​គេ​ហៅ​ពួក​កង​ទាហាន​ទាំង​អស់ ឲ្យ​មូល​គ្នា​មក ក៏​យក​អាវ​ពណ៌​ស្វាយ​បំពាក់​ទ្រង់ ហើយ​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ រួច​ចាប់​តាំង​សំពះ​ទូល​ទ្រង់​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា គេ​ក៏​យក​ដើម​ត្រែង​វាយ​ព្រះ‌សិរ ស្តោះ​ដាក់​ទ្រង់ ហើយ​លុត​ជង្គង់​ថ្វាយ‌បង្គំ​ទ្រង់​ផង កាល​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ នោះ​គេ​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ ក៏​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង គេ​ចាប់​អ្នក​ស្រុក​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​អ័លេ‌ក្សាន‌ត្រុស នឹង​រូភូស ដែល​ដើរ​តាម​ផ្លូវ​ចុះ​មក​ពី​ចំការ បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​ទ្រង់។ គេ​នាំ​ទ្រង់​ទៅ​ដល់​កន្លែង​ហៅ​ថា «គាល់‌កូថា» ដែល​ស្រាយ​ថា ភ្នំ​រលា​ក្បាល នោះ​គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ លាយ​នឹង​ជ័រ​ល្វីង‌ទេស ថ្វាយ​ទ្រង់​សោយ តែ​ទ្រង់​មិន​សោយ​ទេ កាល​បាន​ឆ្កាង​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ជា​អ្នក​ណា​ត្រូវ​បាន​អ្វី ពេល​ដែល​គេ​ឆ្កាង​ទ្រង់ គឺ​ជា​ពេល​ម៉ោង​៩​ព្រឹក គេ​សរសេរ​ប្រកាស​កត់​ទោស​ទ្រង់​ថា «នេះ​ស្តេច​សាសន៍​យូដា» ហើយ​ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់ ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង នោះ​បាន​សំរេច​តាម​បទ​គម្ពីរ​ដែល​ថា «គេ​បាន​រាប់​ទ្រង់​ជា​ពួក​អ្នក​ទទឹង​ច្បាប់»។ ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​ជេរ​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា អើ ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ ឥឡូវ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ដោយ​ចុះ​ពី​ឈើ​ឆ្កាង​មក ពួក​សង្គ្រាជ​នឹង​ពួក​អាចារ្យ ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា វា​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ឯ​ទៀត​បាន តែ​ពុំ​អាច​នឹង​សង្គ្រោះ​ចំពោះ​ខ្លួន​ឯង​បាន​ទេ ចូរ​ឲ្យ​ព្រះ‌គ្រីស្ទ ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​ចុះ ឲ្យ​យើង​បាន​ឃើញ ហើយ​ជឿ​ផង ឯ​២​នាក់​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ដៀល​ត្មះ​ទ្រង់​ដែរ។ ដល់​ម៉ោង​១២ នោះ​មាន​ងងឹត​ដាប​គ្រប​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល លុះ​វេលា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ ទ្រង់​បន្លឺ​ឧទាន​ជា​ខ្លាំង​ថា អេឡយៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ឱ​ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ក៏​ឮ ហើយ​គេ​និយាយ​ថា មើល វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ រួច​ម្នាក់​រត់​ទៅ​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក ដាក់​នឹង​ចុង​ដើម​ត្រែង​ហុច​ទៅ ថ្វាយ​ទ្រង់​សោយ ដោយ​ពោល​ថា ឈប់​សិន ចាំ​មើល បើ​លោក​អេលីយ៉ា​មក​បញ្ចុះ​វា​ឬ​ទេ។

ចែក​រំលែក
អាន ម៉ាកុស 15