ម៉ាកុស 15:1-36

ម៉ាកុស 15:1-36 ពគប

ដល់​ព្រឹក​ឡើង កាល​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ ព្រម​ទាំង​ក្រុម‌ជំនុំ​ទាំង​អស់​បាន​ប្រជុំ​ពិគ្រោះ​គ្នា នោះ​ក៏​ចង​ព្រះ‌យេស៊ូវ នាំ​បញ្ជូន​ទៅ​ឯ​លោក​ពីឡាត់ លោក​ពីឡាត់​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ឯ​ពួក​សង្គ្រាជ គេ​ចោទ​ប្រកាន់​ទ្រង់​ខ្លាំង​ណាស់ នោះ​លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ម្តង​ទៀត ដោយ​ពាក្យ​ថា តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ទេ​ឬ​អី មើល រឿង​ជា​ច្រើន​ទាំង​ម៉្លេះ ដែល​គេ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឥត​មាន​ឆ្លើយ​អ្វី​ទៀត​សោះ បាន​ជា​លោក​ពីឡាត់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។ រីឯ​នៅ​បុណ្យ​នោះ លោក​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ​តាម​ដែល​គេ​សូម គ្រា​នោះ មាន​ម្នាក់​ឈ្មោះ​បារ៉ា‌បាស ជាប់​គុក​ជា​មួយ​នឹង​ពួក​អ្នក​បះ‌បោរ ជា​អ្នក​ដែល​បាន​សំឡាប់​គេ​ក្នុង​វេលា​បះ​នោះ ហ្វូង​មនុស្ស​ក៏​ចាប់​តាំង​ស្រែក​ឡើង សូម​លោក​បើក​ឲ្យ​ដល់​គេ ដូច​ជា​លោក​តែង​ធ្លាប់​ធ្វើ​មក លោក​ពីឡាត់​សួរ​គេ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​ដល់​អ្នក​រាល់​គ្នា​ឬ​អី នេះ​ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ទ្រង់ ដោយ​ឈ្នានីស​ទេ តែ​ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​ហ្វូង​មនុស្ស ឲ្យ​សូម​ឲ្យ​លោក​លែង​បារ៉ា‌បាស​វិញ លោក​ពីឡាត់​ក៏​សួរ​គេ​ម្តង​ទៀត​ថា ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​នឹង​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ គេ​ស្រែក​ឡើង​ទៀត​ថា ចូរ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​គាត់​បាន​ធ្វើ​ខុស​អ្វី នោះ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ ឯ​ពីឡាត់ លោក​ចង់​ធ្វើ​បំពេញ​ដល់​ចិត្ត​ហ្វូង​មនុស្ស​ដែរ បាន​ជា​លែង​បារ៉ា‌បាស​ដល់​គេ រួច​កាល​បាន​វាយ​ព្រះ‌យេស៊ូវ​ដោយ​រំពាត់​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។ ចំណែក​ពួក​ទាហាន ក៏​នាំ​ទ្រង់​ទៅ​ឯ​ទីធ្លា ជា​ទី​កាត់​ក្តី រួច​គេ​ហៅ​ពួក​កង​ទាហាន​ទាំង​អស់ ឲ្យ​មូល​គ្នា​មក ក៏​យក​អាវ​ពណ៌​ស្វាយ​បំពាក់​ទ្រង់ ហើយ​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ រួច​ចាប់​តាំង​សំពះ​ទូល​ទ្រង់​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា គេ​ក៏​យក​ដើម​ត្រែង​វាយ​ព្រះ‌សិរ ស្តោះ​ដាក់​ទ្រង់ ហើយ​លុត​ជង្គង់​ថ្វាយ‌បង្គំ​ទ្រង់​ផង កាល​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ នោះ​គេ​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ ក៏​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង គេ​ចាប់​អ្នក​ស្រុក​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​អ័លេ‌ក្សាន‌ត្រុស នឹង​រូភូស ដែល​ដើរ​តាម​ផ្លូវ​ចុះ​មក​ពី​ចំការ បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​ទ្រង់។ គេ​នាំ​ទ្រង់​ទៅ​ដល់​កន្លែង​ហៅ​ថា «គាល់‌កូថា» ដែល​ស្រាយ​ថា ភ្នំ​រលា​ក្បាល នោះ​គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ លាយ​នឹង​ជ័រ​ល្វីង‌ទេស ថ្វាយ​ទ្រង់​សោយ តែ​ទ្រង់​មិន​សោយ​ទេ កាល​បាន​ឆ្កាង​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ជា​អ្នក​ណា​ត្រូវ​បាន​អ្វី ពេល​ដែល​គេ​ឆ្កាង​ទ្រង់ គឺ​ជា​ពេល​ម៉ោង​៩​ព្រឹក គេ​សរសេរ​ប្រកាស​កត់​ទោស​ទ្រង់​ថា «នេះ​ស្តេច​សាសន៍​យូដា» ហើយ​ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់ ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង នោះ​បាន​សំរេច​តាម​បទ​គម្ពីរ​ដែល​ថា «គេ​បាន​រាប់​ទ្រង់​ជា​ពួក​អ្នក​ទទឹង​ច្បាប់»។ ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​ជេរ​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា អើ ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ ឥឡូវ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ដោយ​ចុះ​ពី​ឈើ​ឆ្កាង​មក ពួក​សង្គ្រាជ​នឹង​ពួក​អាចារ្យ ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា វា​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ឯ​ទៀត​បាន តែ​ពុំ​អាច​នឹង​សង្គ្រោះ​ចំពោះ​ខ្លួន​ឯង​បាន​ទេ ចូរ​ឲ្យ​ព្រះ‌គ្រីស្ទ ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​ចុះ ឲ្យ​យើង​បាន​ឃើញ ហើយ​ជឿ​ផង ឯ​២​នាក់​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ដៀល​ត្មះ​ទ្រង់​ដែរ។ ដល់​ម៉ោង​១២ នោះ​មាន​ងងឹត​ដាប​គ្រប​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល លុះ​វេលា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ ទ្រង់​បន្លឺ​ឧទាន​ជា​ខ្លាំង​ថា អេឡយៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ឱ​ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ក៏​ឮ ហើយ​គេ​និយាយ​ថា មើល វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ រួច​ម្នាក់​រត់​ទៅ​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក ដាក់​នឹង​ចុង​ដើម​ត្រែង​ហុច​ទៅ ថ្វាយ​ទ្រង់​សោយ ដោយ​ពោល​ថា ឈប់​សិន ចាំ​មើល បើ​លោក​អេលីយ៉ា​មក​បញ្ចុះ​វា​ឬ​ទេ។

អាន ម៉ាកុស 15