ម៉ាកុស 14:53-65

ម៉ាកុស 14:53-65 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ​ជួប​សម្ដេច​សង្ឃ ហើយ​ពួក​សង្គ្រាជ ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ​ទាំង​អស់ បាន​មក​ជួប​ជុំ​គ្នា។ ឯ​ពេត្រុស​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ទី‌លាន​របស់​សម្ដេច​សង្ឃ ហើយ​អង្គុយ​អាំង​ភ្លើង​ជា​មួយ​កង​រក្សា​ព្រះ​វិហារ។ ពួក​សង្គ្រាជ និង​ក្រុម‌ប្រឹក្សា​ទាំង​មូល​នាំ​គ្នា​ស្វែង​រក​បន្ទាល់​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​សម្លាប់​ព្រះ‌អង្គ តែ​គេ​រក​មិន​បាន​សោះ។ មនុស្ស​ជា​ច្រើន​បាន​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​ព្រះ‌អង្គ តែ​បន្ទាល់​របស់​គេ​មិន​ស្រប​គ្នា។ អ្នក​ខ្លះ​ឈ​ឡើង ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា "ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​នេះ​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​មួយ​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស"»។ ប៉ុន្តែ ទោះ​ជា​រឿង​នេះ​ក្តី ក៏​បន្ទាល់​របស់​គេ​នៅ​តែ​មិន​ត្រូវ​គ្នា​ដដែល។ ពេល​នោះ សម្ដេច​សង្ឃ​ក៏​ឈរ​ឡើង​នៅ​កណ្តាល​ជំនុំ ហើយ​សួរ​ព្រះ‌យេស៊ូវ​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? ពាក្យ​ដែល​បុរស​ទាំង​នេះ​ចោទ​ប្រកាន់​អ្នក តើ​យ៉ាង​ដូច​ម្តេច​ដែរ?» តែ​ព្រះ‌អង្គ​នៅ​ស្ងៀម មិន​ឆ្លើយ​អ្វី​សោះ។ សម្ដេច​សង្ឃ​សួរ​ព្រះ‌អង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ដ៏​មាន​ពរ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្តាំ​នៃ​ព្រះ‌ដ៏​មាន​ព្រះ​ចេស្តា ហើយ​យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ »។ ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន ហើយ​ពោល​ថា៖ «តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ តើ​អ្នក​រាល់​គ្នា​សម្រេច​ដូច​ម្តេច?» គេ​ទាំង​អស់​គ្នា​កាត់​ទោស​ព្រះ‌អង្គ​ថា​សម​នឹង​ស្លាប់។ អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ គ្រប​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ ហើយ​វាយ​ព្រះ‌អង្គ ទាំង​ពោល​ទៅ​ព្រះ‌អង្គ​ថា៖ «ទាយ​មើល៍!» កង​រក្សា​ព្រះ​វិហារ​ក៏​យក​ព្រះ‌អង្គ​មក​ទះ​កំផ្លៀង។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:53-65 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​បណ្ដើរ​ព្រះ‌យេស៊ូ​នាំ​យក​ទៅ​ដល់​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ ពួក​នាយក​បូជា‌ចារ្យ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* មក​ជួប‌ជុំ​ទាំង​អស់​គ្នា​នៅ​ទី​នោះ។ លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ទីធ្លា​ដំណាក់​មហា​បូជា‌ចារ្យ ហើយ​អង្គុយ​អាំង​ភ្លើង​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ*។ ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ តែ​រក​មិន​បាន​សោះ។ មនុស្ស​ជា​ច្រើន​បាន​ប្រឌិត​រឿង​ក្លែង‌ក្លាយ​ចោទ​ប្រកាន់​ព្រះអង្គ ប៉ុន្តែ ពាក្យ​ចោទ​ទាំង​នោះ​មិន​ស្រប​គ្នា​ឡើយ។ មាន​អ្នក​ខ្លះ​ក្រោក​ឈរ​ឡើង ពោល​រឿង​ក្លែង‌ក្លាយ ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ «យើង​បាន​ឮ​អ្នក​នេះ​ពោល​ថា “ខ្ញុំ​នឹង​រុះ​ព្រះ‌វិហារ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ព្រះ‌វិហារ​មួយ​ផ្សេង​ទៀត ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។ ប៉ុន្តែ ទោះ​បី​ក្នុង​រឿង​នេះ​ក៏​ដោយ ក៏​ពាក្យ​របស់​គេ​នៅ​តែ​ពុំ​ស្រប​គ្នា​ដដែល។ ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សួរ​ព្រះ‌យេស៊ូ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ទាំង​នេះ?» ព្រះ‌យេស៊ូ​នៅ​ស្ងៀម ពុំ​ឆ្លើយ​តប​ទាល់​តែ​សោះ។ លោក​មហា​បូជា‌ចារ្យ​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ពិត​ជា​ព្រះ‌គ្រិស្ត ជា​ព្រះ‌បុត្រា​របស់​ព្រះ ដែល​យើង​សរសើរ​តម្កើង​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​ជា​មួយ​ពពក*​នៅ​លើ​មេឃ» ។ លោក​មហា​បូជា‌ចារ្យ​ឮ​ដូច្នេះ ក៏​ហែក​អាវ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​ជន​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ស្រាប់​ហើយ តើ​អស់​លោក​គិត​ដូច​ម្ដេច?»។ គេ​បាន​សម្រេច​ចិត្ត​ទាំង​អស់​គ្នា កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ។ អ្នក​ខ្លះ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ គេ​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ វាយ​តប់​ព្រះអង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍!»។ កង​រក្សា​ព្រះ‌វិហារ​យក​ព្រះ‌យេស៊ូ​មក​ទះ​កំផ្លៀង។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:53-65 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ដល់​សំដេច​សង្ឃ ឯ​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ ហើយ​ពួក​អាចារ្យ​ទាំង​អស់​គ្នា ក៏​ប្រជុំ​គ្នា​ឯ​លោក ចំណែក​ពេត្រុស គាត់​តាម​ទ្រង់​ទៅ​ពី​ចំងាយ រហូត​ដល់​ខាង​ក្នុង​ព្រះ‌លាន​សំដេច​សង្ឃ ក៏​អង្គុយ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​អាជ្ញា។ ពួក​សង្គ្រាជ នឹង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ប្រឹង​រក​ទី​បន្ទាល់​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់​បង់ តែ​រក​មិន​បាន​សោះ ក៏​មាន​មនុស្ស​ជា​ច្រើន មក​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ដែរ តែ​សេចក្ដី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​សោះ នោះ​មាន​ខ្លះ​ឈរ​ឡើង ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ថា យើង​ខ្ញុំ​បាន​ឮ​វា​ថា ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​នេះ ដែល​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស ហើយ​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​១​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ យ៉ាង​នោះ គង់​តែ​សេចក្ដី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​ទៀត ឯ​សំដេច​សង្ឃ ក៏​ឈរ​ឡើង​នៅ​កណ្តាល​ជំនុំ ដណ្តឹង​សួរ​ព្រះ‌យេស៊ូវ​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្ដី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច តែ​ទ្រង់​នៅ​តែ​ស្ងៀម មិន​បាន​ឆ្លើយ​អ្វី​សោះ រួច​សំដេច​សង្ឃ​ពិចារណា​សួរ​ទ្រង់​ទៀត​ថា តើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ពរ​ឬ​អី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា គឺ​ខ្ញុំ​នេះ​ហើយ មួយ​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស អង្គុយ​នៅ​ខាង​ស្តាំ​នៃ​ព្រះ‌ចេស្តា ហើយ​ទាំង​មក​ក្នុង​ពពក​នៅ​លើ​មេឃ​ផង នោះ​សំដេច​សង្ឃ​ក៏​ហែក​ព្រះ‌ពស្ត្រ​លោក ដោយ​ពាក្យ​ថា តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​នេះ​ហើយ ចុះ​តើ​គិត​ដូច​ម្តេច អ្នក​ទាំង​អស់​គ្នា​ក៏​កាត់​ទោស​ទ្រង់​ថា គួរ​ស្លាប់​ហើយ អ្នក​ខ្លះ​ចាប់​តាំង​ស្តោះ​ដាក់​ទ្រង់ ក៏​ខ្ទប់​ព្រះ‌ភក្ត្រ ហើយ​វាយ​ទ្រង់ រួច​ទូល​ប្រាប់​ថា ចូរ​ទាយ​ចុះ ឯ​ពួក​អាជ្ញា ក៏​ទះ​ទ្រង់​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 14