ម៉ាកុស 14:53-65

ម៉ាកុស 14:53-65 គកស១៦

គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ​ជួប​សម្ដេច​សង្ឃ ហើយ​ពួក​សង្គ្រាជ ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ​ទាំង​អស់ បាន​មក​ជួប​ជុំ​គ្នា។ ឯ​ពេត្រុស​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ទី‌លាន​របស់​សម្ដេច​សង្ឃ ហើយ​អង្គុយ​អាំង​ភ្លើង​ជា​មួយ​កង​រក្សា​ព្រះ​វិហារ។ ពួក​សង្គ្រាជ និង​ក្រុម‌ប្រឹក្សា​ទាំង​មូល​នាំ​គ្នា​ស្វែង​រក​បន្ទាល់​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​សម្លាប់​ព្រះ‌អង្គ តែ​គេ​រក​មិន​បាន​សោះ។ មនុស្ស​ជា​ច្រើន​បាន​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​ព្រះ‌អង្គ តែ​បន្ទាល់​របស់​គេ​មិន​ស្រប​គ្នា។ អ្នក​ខ្លះ​ឈ​ឡើង ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា "ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​នេះ​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​មួយ​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស"»។ ប៉ុន្តែ ទោះ​ជា​រឿង​នេះ​ក្តី ក៏​បន្ទាល់​របស់​គេ​នៅ​តែ​មិន​ត្រូវ​គ្នា​ដដែល។ ពេល​នោះ សម្ដេច​សង្ឃ​ក៏​ឈរ​ឡើង​នៅ​កណ្តាល​ជំនុំ ហើយ​សួរ​ព្រះ‌យេស៊ូវ​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? ពាក្យ​ដែល​បុរស​ទាំង​នេះ​ចោទ​ប្រកាន់​អ្នក តើ​យ៉ាង​ដូច​ម្តេច​ដែរ?» តែ​ព្រះ‌អង្គ​នៅ​ស្ងៀម មិន​ឆ្លើយ​អ្វី​សោះ។ សម្ដេច​សង្ឃ​សួរ​ព្រះ‌អង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ដ៏​មាន​ពរ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្តាំ​នៃ​ព្រះ‌ដ៏​មាន​ព្រះ​ចេស្តា ហើយ​យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ »។ ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន ហើយ​ពោល​ថា៖ «តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ តើ​អ្នក​រាល់​គ្នា​សម្រេច​ដូច​ម្តេច?» គេ​ទាំង​អស់​គ្នា​កាត់​ទោស​ព្រះ‌អង្គ​ថា​សម​នឹង​ស្លាប់។ អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ គ្រប​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ ហើយ​វាយ​ព្រះ‌អង្គ ទាំង​ពោល​ទៅ​ព្រះ‌អង្គ​ថា៖ «ទាយ​មើល៍!» កង​រក្សា​ព្រះ​វិហារ​ក៏​យក​ព្រះ‌អង្គ​មក​ទះ​កំផ្លៀង។

អាន ម៉ាកុស 14