ម៉ាកុស 14:17-26

ម៉ាកុស 14:17-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ពេល​ល្ងាច ព្រះ‌អង្គ​យាង​មក​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ។ ពេល​គេ​រួម​តុ​ទទួល​ទាន​អាហារ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​កំពុង​បរិ‌ភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ ពួក​គេ​ចាប់​ផ្ដើម​ព្រួយ​ចិត្ត ហើយ​ទូល​ព្រះ‌អង្គ​ម្នាក់​ម្តងៗ​ថា៖ «មិន​មែន​ទូល​បង្គំ​ទេ មែន​ទេ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «គឺ​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ដែល​ជ្រលក់​នំ​ប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ។ ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។ កាល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះគុណ រួច​កាច់​ប្រទាន​ដល់​ពួក​គេ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​ពួក​គេ គេ​ក៏​ផឹក​ពី​ពែង​នោះ​ទាំង​អស់​គ្នា។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​ឈាម​របស់​ខ្ញុំ ជា​ឈាម​នៃ​សេចក្ដី​សញ្ញា ដែល​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:17-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ល្ងាច ព្រះអង្គ​យាង​មក​ដល់​ជា​មួយ​សិស្ស ទាំង​ដប់‌ពីរ​រូប។ នៅ​ពេល​ព្រះ‌យេស៊ូ​រួម​តុ សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បរិ‌ភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង គេ​ទូល​សួរ​ព្រះអង្គ​បន្ដ​បន្ទាប់​គ្នា​ថា៖ «តើ​ទូលបង្គំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់‌ពីរ ដែល​កំពុង​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ​នេះ​ហើយ។ បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់​ហើយ។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស ​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ​ទើប​ប្រសើរ​ជាង»។ នៅ​ពេល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ ព្រះអង្គ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ពិសា​ចុះ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»។ បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធ‌មេត្រី ដែល​ត្រូវ​បង្ហូរ​សម្រាប់​មនុស្ស​ទាំង​អស់។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយជូរ​ថ្មី នៅ​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:17-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ពេល​ល្ងាច​ហើយ ទ្រង់​យាង​មក ព្រម​ទាំង​ពួក​១២​នាក់ កាល​កំពុង​តែ​អង្គុយ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នេះ នោះ​មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ គេ​ក៏​តាំង​ព្រួយ​ចិត្ត ហើយ​ទូល​ទ្រង់​ម្តង​ម្នាក់ៗ​ថា តើ​ទូលបង្គំ​ឬ​អី រួច​ម្នាក់​ទៀត​ថា តើ​ទូលបង្គំ​ឬ​អី ព្រះ‌យេស៊ូវ​ឆ្លើយ​ថា គឺ​ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ កូន​មនុស្ស​ត្រូវ​ទៅ​ពិត ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​លោក​ស្រាប់ តែ​វេទនា​ដល់​មនុស្ស​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង។ កាល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​ប្រទាន​ពរ​ឲ្យ រួច​កាច់​ប្រទាន​ដល់​គេ ដោយ​បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ នោះ​ទ្រង់​យក​ពែង​មក​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​គេ ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា ទ្រង់​មាន​បន្ទូល​ថា នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​ត្រូវ​ច្រួច​សំរាប់​មនុស្ស​ជា​ច្រើន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី នៅ​ក្នុង​នគរ​ព្រះ។ រួច​កាល​បាន​ច្រៀង​ទំនុក​១​ហើយ នោះ​ក៏​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ

ចែក​រំលែក
អាន ម៉ាកុស 14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ