ម៉ាកុស 14:17-26

ម៉ាកុស 14:17-26 គកស១៦

លុះ​ដល់​ពេល​ល្ងាច ព្រះ‌អង្គ​យាង​មក​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ។ ពេល​គេ​រួម​តុ​ទទួល​ទាន​អាហារ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​កំពុង​បរិ‌ភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ ពួក​គេ​ចាប់​ផ្ដើម​ព្រួយ​ចិត្ត ហើយ​ទូល​ព្រះ‌អង្គ​ម្នាក់​ម្តងៗ​ថា៖ «មិន​មែន​ទូល​បង្គំ​ទេ មែន​ទេ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «គឺ​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ដែល​ជ្រលក់​នំ​ប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ។ ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។ កាល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះគុណ រួច​កាច់​ប្រទាន​ដល់​ពួក​គេ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​ពួក​គេ គេ​ក៏​ផឹក​ពី​ពែង​នោះ​ទាំង​អស់​គ្នា។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​ឈាម​របស់​ខ្ញុំ ជា​ឈាម​នៃ​សេចក្ដី​សញ្ញា ដែល​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។

អាន ម៉ាកុស 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 14:17-26