ម៉ាកុស 14:12-16

ម៉ាកុស 14:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ‌បូជា*​សម្រាប់​បុណ្យ​ចម្លង* ពួក​សិស្ស*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ពិធី​ជប់‌លៀង​ជូន ក្នុង​ឱកាស​បុណ្យ​ចម្លង* នៅ​កន្លែង​ណា?»។ ព្រះអង្គ​ចាត់​សិស្ស*​ពីរ​រូប​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ទៅ​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​ទៅ គាត់​ចូល​ផ្ទះ​ណា អ្នក​ត្រូវ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា “បន្ទប់​ដែល​ខ្ញុំ​នឹង​ត្រូវ​ជប់‌លៀង​ជា​មួយ​ពួក​សិស្ស ក្នុង​ពេល​បុណ្យ​ចម្លង*​នៅ​ឯ​ណា?”។ ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ​នៅ​ជាន់​ខាង​លើ ដែល​មាន​ប្រដាប់‌ប្រដា​សព្វ​គ្រប់​រៀបចំ​ជា​ស្រេច ចូរ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​យើង នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។ សិស្ស*​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទីក្រុង គេ​បាន​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​មែន គេ​ក៏​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ កាល​គេ​ត្រូវ​សំឡាប់​កូន​ចៀម ធ្វើ​បុណ្យ​រំលង នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀបចំ​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា ទ្រង់​ក៏​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​មាន​មនុស្ស​ម្នាក់​លី​ក្អម​ទឹក​មក​ចួប​នឹង​អ្នក ចូរ​ឲ្យ​ដើរ​តាម​អ្នក​នោះ​ទៅ នៅ​កន្លែង​ណា​ដែល​គាត់​ចូល ចូរ​អ្នក​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា តើ​បន្ទប់​ណា​ដែល​លោក​នឹង​បរិភោគ​បុណ្យ​រំលង​ជា​មួយ​នឹង​ពួក​សិស្ស​របស់​លោក នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​ខាង​លើ​ដែល​រៀប​ជា​ស្រេច ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ សិស្ស​ទ្រង់​២​នាក់​នោះ​ក៏​ចេញ​ទៅ ដល់​ទី​ក្រុង​ហើយ នោះ​ក៏​ឃើញ​ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល រួច​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ជា​ពេល​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ​បូជា សម្រាប់​បុណ្យ​រំលង ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​រៀប​ចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?» ដូច្នេះ ព្រះ‌អង្គ​ក៏​ចាត់​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់​ឲ្យ​ទៅ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​មាន​បុរស​ម្នាក់​លី​ក្អម​ទឹក​មក​ជួប​អ្នក។ ចូរ​ដើរ​តាម​អ្នក​នោះ​ទៅ ហើយ​កន្លែង​ណា​ដែល​គាត់​ចូល​ទៅ ចូរ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា "លោក​គ្រូ​មាន​ប្រសាសន៍​ថា តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​ទទួល​ទាន​អាហារ​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​របស់​ខ្ញុំ​នៅ​ឯ​ណា?" នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​មួយ​ធំ​នៅ​ជាន់​លើ ដែល​រៀប​ចំ​ជា​ស្រេច។ ចូរ​រៀប​ចំ​អាហារ​សម្រាប់​យើង​នៅ​ទី​នោះ​ចុះ»។ ដូច្នេះ សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ ពេល​ទៅ​ដល់​ទី​ក្រុង គេ​ឃើញ​អ្វីៗ​ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​មែន ហើយ​គេ​ក៏​រៀប​ចំ​អាហារ​បុណ្យ​រំលង។

ចែក​រំលែក
អាន ម៉ាកុស 14