ម៉ាកុស 14:1-11

ម៉ាកុស 14:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​ដំបែ។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បាន​រិះ​រក​មធ្យោ​បាយ ដោយ​ប្រើ​កល​ល្បិច ដើម្បី​ចាប់​ព្រះ​យេស៊ូវ​យក​ទៅ​ធ្វើ​គុត។ ដ្បិត​គេ​និយាយ​ថា៖ «កុំ​ធ្វើ​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​មាន​ចលា‌ចល​ក្នុង​ចំណោម​ប្រជា‌ជន»។ ពេល​ព្រះ‌អង្គ​កំពុង​គង់​នៅ​តុ​អាហារ​ឯ​ភូមិ​បេថា‌នី ក្នុង​ផ្ទះ​ស៊ី​ម៉ូន ជា​មនុស្ស​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​មួយ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​បំផុត ហើយ​នាង​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះ‌សិរ​ព្រះ‌យេស៊ូវ។ ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ទាស់​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អី្វ​ក៏​យក​ប្រេង​មក​បង្ខាត​ចោល​ដូច្នេះ? ដ្បិត​ប្រេង​នេះ​អាច​លក់​បាន​ជាង​បី​រយ​ដេណារី ហើយ​យក​ប្រាក់​ចែក​ទាន​ដល់​អ្នក​ក្រ​បាន»។ អ្នក​ទាំង​នោះ​ស្ដី​បន្ទោស​ដល់​នាង។ ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​ចុះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នាង? នាង​បាន​ធ្វើ​ការ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ ដ្បិត​អ្នក​រាល់​គ្នា​មាន​អ្នក​ក្រ​នៅ​ជា​មួយ​រហូត ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ​នៅ​ពេល​ណា​ក៏​បាន តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ នាង​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​ចាក់​ប្រេង​លើ​រូប​កាយ​ខ្ញុំ​ជា​មុន សម្រាប់​ពិធី​បញ្ចុះ​សព​ខ្ញុំ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ទី​ណា​ដែល​ដំណឹង​ល្អ​នេះ​ប្រកាស​ទៅ​ដល់ នោះ​គេ​នឹង​តំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ ជា​ការ​រំឭក​អំពី​នាង»។ ពេល​នោះ យូដាស​អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ក៏​ទៅ​ជួប​ពួក​សង្គ្រាជ ដើម្បី​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។ កាល​គេ​បាន​ឮ​ដូច្នោះ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ ដូច្នេះ គាត់​ក៏​ស្វែង​រក​ឱកាស​ល្អ​ដើម្បី​បញ្ជូន​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពីរ​ថ្ងៃ​មុន​បុណ្យ​ចម្លង* និង​បុណ្យ​នំប៉័ង​ឥត​មេ* ក្រុម​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​រក​មធ្យោ‌បាយ ដើម្បី​ចាប់​ព្រះ‌យេស៊ូ​ដោយ​កល‌ល្បិច​យក​ទៅ​ធ្វើ​គុត។ ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។ ព្រះ‌យេស៊ូ​គង់​នៅ​ភូមិ​បេតថា‌នី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។ ពេល​ព្រះអង្គ​កំពុង​សោយ​ព្រះ‌ស្ងោយ មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើស‌លុប។ នាង​បំបែក​ដប​ថ្ម​កែវ ហើយ​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌សិរសា​របស់​ព្រះ‌យេស៊ូ។ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​គ្នា​ថា៖ «ម្ដេច​ក៏​ខ្ជះ‌ខ្ជាយ​ប្រេង​ក្រអូប​ដូច្នេះ! បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង* ហើយ​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ»។ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​នាង​ទៅ! ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង? នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ អ្នក​រាល់​គ្នា​មាន​អ្នក​ក្រីក្រ​នៅ​ជា​មួយ​រហូត អ្នក​រាល់​គ្នា​អាច​ធ្វើ​ទាន​ដល់​គេ តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចង់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ ស្ត្រី​នេះ​បាន​ធ្វើ​តាម​សមត្ថ‌ភាព​របស់​នាង គឺ​នាង​លាប​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ​ទុក​ជា​មុន​សម្រាប់​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ* គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំឭក​អំពី​នាង»។ យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​សិស្ស*​ម្នាក់​ក្នុង​ក្រុម​ដប់‌ពីរ​រូប បាន​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* ដើម្បី​គិត‌គូរ​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ។ កាល​អ្នក​ទាំង​នោះ​ស្ដាប់​ពាក្យ​យូដាស​និយាយ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ យូដាស​ក៏​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះអង្គ។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​២​ថ្ងៃ​មក នោះ​ជា​បុណ្យ​រំលង នឹង​បុណ្យ​នំបុ័ង​ឥត​ដំបែ ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​រក​ឱកាស​នឹង​ចាប់​ទ្រង់ ដោយ​ឧបាយ‌កល ដើម្បី​នឹង​សំឡាប់​ទ្រង់​ចោល តែ​គេ​ថា កុំ​ឲ្យ​ធ្វើ​ក្នុង​រវាង​បុណ្យ​ឡើយ ក្រែង​បណ្តាជន​កើត​កោលា‌ហល។ កំពុង​ដែល​ទ្រង់​គង់​នៅ​តុ ក្នុង​ផ្ទះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់ នៅ​ភូមិ​បេថានី នោះ​មាន​ស្ត្រី​ម្នាក់​កាន់​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ​ចាក់​ប្រេង​លើ​ព្រះ‌សិរ​ព្រះ‌យេស៊ូវ មាន​អ្នក​ខ្លះ​នឹក​តូច​ចិត្ត ហើយ​ថា តើ​មាន​ប្រយោជន៍​អ្វី​នឹង​ធ្វើ​បង្ខាត​ប្រេង​នេះ​ដូច្នេះ ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ជាង​៦០​រៀល ដើម្បី​ចែក​ទាន​ដល់​ពួក​អ្នក​ទ័ល‌ក្រ​វិញ គេ​ក៏​រទូ‌រទាំ​នឹង​នាង ប៉ុន្តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​ធ្វើ​នាង ហេតុ​អ្វី​បាន​ជា​នាំ​បង្អាក់​ចិត្ត​នាង​ដូច្នេះ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ នោះ​ចេះ​តែ​ធ្វើ​បាន តែ​ចំណែក​ខ្ញុំ មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ នឹង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សំរាប់​កប់​ខ្មោច​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ផ្សាយ​ដំណឹង​ល្អ​នេះ​ទួទៅ គ្រប់​ក្នុង​លោកីយ​ទាំង​មូល នោះ​គេ​តែង​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​ហើយ​នេះ ទុក​សំរាប់​ជា​កេរ្តិ៍​នាង​ត​ទៅ។ ឯ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​១​ក្នុង​ពួក​១២ វា​ក៏​ទៅ​ឯ​ពួក​សង្គ្រាជ ដើម្បី​នឹង​បញ្ជូន​ទ្រង់​ទៅ​គេ កាល​គេ​បាន​ឮ នោះ​ក៏​មាន​សេចក្ដី​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា រួច​វា​ខំ​ស្វែង​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ​ដោយ​ស្រួល។

ចែក​រំលែក
អាន ម៉ាកុស 14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ