ម៉ាកុស 14:1-11

ម៉ាកុស 14:1-11 គកស១៦

ឥឡូវ​នេះ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​ដំបែ។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បាន​រិះ​រក​មធ្យោ​បាយ ដោយ​ប្រើ​កល​ល្បិច ដើម្បី​ចាប់​ព្រះ​យេស៊ូវ​យក​ទៅ​ធ្វើ​គុត។ ដ្បិត​គេ​និយាយ​ថា៖ «កុំ​ធ្វើ​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​មាន​ចលា‌ចល​ក្នុង​ចំណោម​ប្រជា‌ជន»។ ពេល​ព្រះ‌អង្គ​កំពុង​គង់​នៅ​តុ​អាហារ​ឯ​ភូមិ​បេថា‌នី ក្នុង​ផ្ទះ​ស៊ី​ម៉ូន ជា​មនុស្ស​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​មួយ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​បំផុត ហើយ​នាង​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះ‌សិរ​ព្រះ‌យេស៊ូវ។ ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ទាស់​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អី្វ​ក៏​យក​ប្រេង​មក​បង្ខាត​ចោល​ដូច្នេះ? ដ្បិត​ប្រេង​នេះ​អាច​លក់​បាន​ជាង​បី​រយ​ដេណារី ហើយ​យក​ប្រាក់​ចែក​ទាន​ដល់​អ្នក​ក្រ​បាន»។ អ្នក​ទាំង​នោះ​ស្ដី​បន្ទោស​ដល់​នាង។ ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​ចុះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នាង? នាង​បាន​ធ្វើ​ការ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ ដ្បិត​អ្នក​រាល់​គ្នា​មាន​អ្នក​ក្រ​នៅ​ជា​មួយ​រហូត ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ​នៅ​ពេល​ណា​ក៏​បាន តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ នាង​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​ចាក់​ប្រេង​លើ​រូប​កាយ​ខ្ញុំ​ជា​មុន សម្រាប់​ពិធី​បញ្ចុះ​សព​ខ្ញុំ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ទី​ណា​ដែល​ដំណឹង​ល្អ​នេះ​ប្រកាស​ទៅ​ដល់ នោះ​គេ​នឹង​តំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ ជា​ការ​រំឭក​អំពី​នាង»។ ពេល​នោះ យូដាស​អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ក៏​ទៅ​ជួប​ពួក​សង្គ្រាជ ដើម្បី​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។ កាល​គេ​បាន​ឮ​ដូច្នោះ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ ដូច្នេះ គាត់​ក៏​ស្វែង​រក​ឱកាស​ល្អ​ដើម្បី​បញ្ជូន​ព្រះ‌អង្គ។

អាន ម៉ាកុស 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 14:1-11