ម៉ាកុស 12:28-44

ម៉ាកុស 12:28-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត ឮ​ពួក​គេ​ជជែក​គ្នា ហើយ​ឃើញ​ថា​ព្រះ‌អង្គ​បាន​ឆ្លើយ​នឹង​ពួក​គេ​យ៉ាង​ល្អ គាត់​ក៏​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ក្នុង​ព្រះឱវាទ​ទាំង​ប៉ុន្មាន តើ​ព្រះឱវាទ​ណា​សំខាន់​ជាង​គេ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ព្រះឱវាទ​ដែល​សំខាន់​ជាង​គេ​គឺ "អ៊ី​ស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ជា​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់ ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​គំនិត និង​អស់​អំពី​កម្លាំង​របស់​អ្នក "។ ឯ​ព្រះឱវាទ​ទី​ពីរ​គឺ "ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ដូច​ខ្លួន​ឯង" គ្មាន​បទ‌បញ្ជា​ណា​ទៀត​ធំ​ជាង​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ឡើយ»។ អាចារ្យ​នោះ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ពិត​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា ព្រះ‌អង្គ​ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ហើយ​ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ ហើយ​ដែល​ស្រឡាញ់​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង និង​អស់​ពី​កម្លាំង ហើយ​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន ដូច​ខ្លួន​ឯង នោះ​វិសេស​ជាង​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត»។ កាល​ព្រះ‌យេស៊ូវ​ឃើញ​ថា គាត់​ឆ្លើយ​ប្រកប​ដោយ​ប្រាជ្ញា ព្រះ‌អង្គ​ក៏​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​ព្រះរាជ្យ​របស់​ព្រះ​ទេ»។ បន្ទាប់​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​អ្វី​ដល់​ព្រះ‌អង្គ​ទៀត​ឡើយ។ ពេល​ព្រះ‌យេស៊ូវ​កំពុង​បង្រៀន​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ? ព្រះ‌បាទ​ដាវីឌ​ផ្ទាល់ មាន​ព្រះ​បន្ទូល​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នៅ​ក្រោម​ព្រះ​បាទ​ព្រះ‌អង្គ" ។ ដូច្នេះ បើ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់​ហៅ​ព្រះ‌គ្រីស្ទ​ថា​ព្រះ‌អម្ចាស់ ធ្វើ​ដូច​មេ្តច​ឲ្យ​ព្រះ‌គ្រីស្ទជា​ព្រះ‌រាជ​វង្ស​របស់​ព្រះ‌អង្គ​ទៅ​កើត?» បណ្ដាជន​ជា​ច្រើន​ទាំង​នោះ​ស្តាប់​ព្រះ‌អង្គ​ដោយ​អំណរ។ ពេល​ព្រះ‌អង្គ​បង្រៀន ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ដើរ​ចុះ​ឡើង​ទាំង​ពាក់​អាវ​វែង ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​តាម​ទី​ផ្សារ។ គេ​ចូល​ចិត្ត​អង្គុយ​កៅ​អី​កិត្តិយស​ក្នុង​សាលា​ប្រជុំ និង​កន្លែង​កិតិ្ត‌យស​ក្នុង​ពិធី​ជប់​លៀង គេ​ស៊ី​បំផ្លាញ​ផ្ទះ​ស្ត្រី​មេម៉ាយ ហើយ​ធ្វើ​ឫក​ជា​អធិស្ឋាន​យូរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ»។ ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​ហិប​តង្វាយ ទត​មើល​បណ្តាជន​ដាក់​តង្វាយ​ទៅ​ក្នុង​ហិប​តង្វាយ​នោះ។ អ្នក​មាន​ជា​ច្រើន ដាក់​ប្រាក់​យ៉ាង​ច្រើន។ តែ​មាន​ស្ត្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​ពីរ​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន។ ពេល​នោះ ព្រះ‌អង្គ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ដាក់​តង្វាយ​ក្នុង​ហិប ច្រើន​ជាង​គេ​ទាំង​អស់។ ដ្បិត​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ថ្វាយ​ពី​ប្រាក់​សំណល់​របស់​ខ្លួន តែ​ស្ត្រី​នេះ​បាន​ថ្វាយ​អ្វីៗ​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត ចេញ​ពី​ភាព​ក្រី​ក្រ​របស់​នាង»។

ចែក​រំលែក
អាន ម៉ាកុស 12

ម៉ាកុស 12:28-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​អាចារ្យ*​ម្នាក់​បាន​ឮ​ពួក​គេ​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ហើយ​ឃើញ​ថា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ត្រឹម​ត្រូវ គាត់​ក៏​ចូល​ទៅ​ជិត​ទូល​ព្រះអង្គ​ថា៖ «ក្នុង​បណ្ដា​បទ‌បញ្ជា*​ទាំង​អស់ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នេះ​ជា​បទ‌បញ្ជា​ទី​មួយ: “អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​ប្រាជ្ញា និង​អស់​ពី​កម្លាំង​កាយ” ។ រីឯ​បទ‌បញ្ជា​ទី​ពីរ​មាន​ចែង​ថា “ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង” ។ គ្មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ទេ»។ អាចារ្យ​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ ហើយ​ពិត​ផង។ មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ ក្រៅ​ពី​ព្រះអង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។ បើ​យើង​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ត​គំនិត អស់​ពី​បញ្ញា និង​អស់​ពី​កម្លាំង​កាយ ហើយ​បើ​យើង​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​ប្រសើរ​ជាង​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត»។ កាល​ព្រះ‌យេស៊ូ​ឮ​គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា​វាង‌វៃ​ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទេ»។ បន្ទាប់​មក គ្មាន​នរណា​ហ៊ាន​ដេញ​ដោល​សួរ​ព្រះអង្គ​ទៀត​ឡើយ។ ព្រះ‌យេស៊ូ​បង្រៀន​មនុស្ស‌ម្នា​នៅ​ក្នុង​ព្រះ‌វិហារ*​ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ? ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​បាន​បំភ្លឺ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។ បើ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់​ហៅ​ព្រះ‌គ្រិស្ត*​ថា “ព្រះ‌អម្ចាស់” ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត?»។ បណ្ដា‌ជន​ជា​ច្រើន​ចូល​ចិត្ត​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ណាស់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ*​ឲ្យ​មែន​ទែន អ្នក​ទាំង​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​មុខ​គេ ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់‌លៀង។ គេ​តែង​នាំ​គ្នា​ឆបោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត​ជា​មិន​ខាន»។ ព្រះ‌យេស៊ូ​គង់​នៅ​មុខ​ហិប​តង្វាយ ព្រះអង្គ​ទត​មើល​របៀប​ដែល​បណ្ដា‌ជន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប​នោះ។ អ្នក​មាន​ច្រើន​នាក់​ដាក់​ប្រាក់​ជា​ច្រើន។ មាន​ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់ នាង​យក​ប្រាក់​ពីរ‌សេន​ជា​ចំនួន​ដ៏​តិច‌តួច​បំផុត ដាក់​ក្នុង​ហិប​តង្វាយ​នោះ​ដែរ។ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ក្នុង​ហិប​ច្រើន​ជាង​គេ​ទាំង​អស់ ដ្បិត​ពួក​អ្នក​ទាំង​នោះ​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​បាន​យក​ប្រាក់​ដែល​នាង​ត្រូវ​ការ​ជា​ចាំបាច់​មក​ដាក់​ដែរ គឺ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត»។

ចែក​រំលែក
អាន ម៉ាកុស 12

ម៉ាកុស 12:28-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មាន​អាចារ្យ​ម្នាក់​ចូល​មក​ឮ​ជជែក​គ្នា ក៏​យល់​ឃើញ​ថា ទ្រង់​បាន​ឆ្លើយ​ត្រូវ​ចំ រួច​គាត់​ទូល​សួរ​ទ្រង់​ថា ក្នុង​បញ្ញត្ត​ទាំង​ប៉ុន្មាន តើ​មាន​បទ​ណា​សំខាន់​ជាង​គេ​ទាំង​អស់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឯ​បញ្ញត្ត​ដែល​សំខាន់​ជាង​គេ នោះ​គឺ​ថា «ចូរ​ស្តាប់​ចុះ អ៊ីស្រាអែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា​ព្រះ‌អម្ចាស់​តែ​១​ព្រះ‌អង្គ​ទ្រង់ ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ អាចារ្យ​នោះ​ក៏​ទូល​ទ្រង់​ថា មែន​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​សោះ ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង នឹង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ថា គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា នោះ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា អ្នក​មិន​ឆ្ងាយ​ពី​នគរ​ព្រះ​ទេ រួច​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។ កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ដ្បិត​ហ្លួង​ដាវីឌ​មាន​បន្ទូល​ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច‌មេ្ដច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន ឯ​ហ្វូង​មនុស្ស​ដ៏​ធំ​នោះ គេ​ក៏​ស្តាប់​ទ្រង់​ដោយ​អំណរ។ កំពុង​ដែល​ទ្រង់​បង្រៀន នោះ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ប្រុង‌ប្រយ័ត​នឹង​ពួក​អាចារ្យ ដែល​គេ​ចូល​ចិត្ត​ពាក់​អាវ​វែងៗ​ដើរ​ចុះ​ឡើង ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ នឹង​អង្គុយ​ទី​មុខ​គេ​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​កន្លែង​លេខ​១​ក្នុង​ការ​ស៊ី‌លៀង គេ​ឆ​ស៊ី​ផ្ទះ​ស្ត្រី​មេម៉ាយ ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ដោះ‌សា​ខ្លួន ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។ គ្រា​នោះ ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​នឹង​ឃ្លាំង ក៏​ទត​មើល​ទៅ​ហ្វូង​មនុស្ស ដែល​គេ​ដាក់​ដង្វាយ​ក្នុង​ឃ្លាំង​ជា​យ៉ាង​ដូច‌មេ្ដច មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន តែ​មាន​ស្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្ដី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។

ចែក​រំលែក
អាន ម៉ាកុស 12