មានអាចារ្យ*ម្នាក់បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាបទបញ្ជា*ទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាបទបញ្ជាទីមួយ: “អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ” ។ រីឯបទបញ្ជាទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង” ។ គ្មានបទបញ្ជាណាសំខាន់ជាងបទបញ្ជាទាំងពីរនេះទេ»។ អាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។ ព្រះយេស៊ូបង្រៀនមនុស្សម្នានៅក្នុងព្រះវិហារ*ដោយមានព្រះបន្ទូលថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យនិយាយថា ព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ? ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌឲ្យមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្ត*ថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្តស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។ ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ*ឲ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយមុខគេ ក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ដ្បិតពួកអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។
អាន ម៉ាកុស 12
ស្ដាប់នូវ ម៉ាកុស 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 12:28-44
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ