ម៉ាកុស 12:18-27
ម៉ាកុស 12:18-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន” ។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅ ទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។ បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ ពេលមនុស្សស្លាប់មានជីវិតរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។ លោកម៉ូសេ*បានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអត្ថបទស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។
ម៉ាកុស 12:18-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពួកសាឌូស៊ីខ្លះដែលពោលថា គ្មានការរស់ឡើងវិញ បានមកជួបព្រះអង្គ ទូលថា៖ «លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា "បើបងប្រុសរបស់អ្នកណាស្លាប់ចោលប្រពន្ធ តែឥតមានកូន ប្អូនប្រុសនោះត្រូវរៀបការនឹងបងថ្លៃ ហើយបង្កើតកូនឲ្យបងប្រុសរបស់ខ្លួន "។ ឥឡូវ មានបងប្អូនប្រុសប្រាំពីរនាក់ បងបង្អស់បានរៀបការ ហើយស្លាប់ទៅទាំងឥតមានកូន។ ប្អូនបន្ទាប់ក៏រៀបការនឹងនាង ហើយស្លាប់ទៅទាំងឥតមានកូនដែរ។ អ្នកទីបីក៏ដូចគ្នា អ្នកទាំងប្រាំពីរសុទ្ធតែគ្មានកូនដូចគ្នា។ ទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ដូច្នេះ នៅគ្រារស់ឡើងវិញ តើនាងត្រូវជាប្រពន្ធរបស់អ្នកណា? ដ្បិតអ្នកទាំងប្រាំពីរសុទ្ធតែបានរៀបការនឹងនាង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើនេះមិនមែនជាហេតុដែលអ្នករាល់គ្នាយល់ខុស ព្រោះតែអ្នករាល់គ្នាមិនស្គាល់គម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះទេឬ? ដ្បិតពេលមនុស្សស្លាប់រស់ឡើងវិញ គេមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌វិញ។ ឯដំណើរដែលមនុស្សស្លាប់រស់ឡើងវិញ តើអ្នករាល់គ្នាមិនបានអានរឿងអំពីគុម្ពបន្លា នៅក្នុងគម្ពីរលោកម៉ូសេទេឬ? ព្រះទ្រង់មានព្រះបន្ទូលមកលោកថា "យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប " ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់វិញទេតើ អ្នករាល់គ្នាយល់ខុសទាំងស្រុង»។
ម៉ាកុស 12:18-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកសាឌូស៊ី ដែលថា គ្មានសេចក្ដីរស់ឡើងវិញ គេក៏មកទូលសួរទ្រង់ថា លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា «បើបងរបស់អ្នកណាស្លាប់ចោលប្រពន្ធឥតមានកូន នោះត្រូវឲ្យប្អូនយកប្រពន្ធគាត់ ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន» ឥឡូវ មានបងប្អូន៧នាក់ បងច្បងយកប្រពន្ធ ហើយស្លាប់ទៅឥតមានកូន ប្អូនបន្ទាប់ក៏យកនាងនោះ ហើយស្លាប់ទៅ ឥតមានកូនដែរ អ្នកទី៣ក៏ដូចគ្នា អ្នកទាំង៧នោះបានយកនាង តែគ្មានកូន១សោះ ក្រោយបង្អស់មក នាងនោះក៏ស្លាប់ទៅដែរ ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះត្រូវបានជាប្រពន្ធរបស់អ្នកណាក្នុងបណ្តាអ្នកទាំងនោះ ពីព្រោះអ្នកទាំង៧បានយកនាងគ្រប់ៗគ្នា ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថា ដូច្នេះ អ្នករាល់គ្នាភាន់ច្រឡំទេតើ ពីព្រោះមិនស្គាល់គម្ពីរ ឬព្រះចេស្តានៃព្រះ ដ្បិតកាលណាមនុស្សរស់ពីស្លាប់ឡើងវិញ នោះមិនដែលយកគ្នាជាប្ដីប្រពន្ធទៀតទេ គេបានដូចជាទេវតានៅស្ថានសួគ៌វិញ ឯដំណើរដែលមនុស្សស្លាប់រស់ឡើងវិញ នោះតើអ្នករាល់គ្នាមិនបានមើលរឿងពីគុម្ពបន្លា ដែលមាននៅក្នុងគម្ពីររបស់លោកម៉ូសេទេឬអី ដែលព្រះទ្រង់មានបន្ទូលនឹងលោកថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញទេតើ អ្នករាល់គ្នាភាន់ច្រឡំខ្លាំងណាស់។