ម៉ាកុស 12:18-27

ម៉ាកុស 12:18-27 គកស១៦

មាន​ពួក​សាឌូ‌ស៊ី​ខ្លះ​ដែល​ពោល​ថា គ្មាន​ការ​រស់​ឡើង​វិញ បាន​មក​ជួប​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា "បើ​បង​ប្រុស​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ តែ​ឥត​មាន​កូន ប្អូន​ប្រុស​នោះ​ត្រូវ​រៀប​ការ​នឹង​បង​ថ្លៃ ហើយ​បង្កើត​កូន​ឲ្យ​បង​ប្រុស​របស់​ខ្លួន "។ ឥឡូវ មាន​បង‌ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់ បង​បង្អស់​បាន​រៀប​ការ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។ ប្អូន​បន្ទាប់​ក៏​រៀប​ការ​នឹង​នាង ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន​ដែរ។ អ្នក​ទី​បី​ក៏​ដូច​គ្នា អ្នក​ទាំង​ប្រាំ​ពីរ​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ដូច្នេះ នៅ​គ្រា​រស់​ឡើង​វិញ តើ​នាង​ត្រូវ​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​អ្នក​ទាំង​ប្រាំ​ពីរ​សុទ្ធ​តែ​បាន​រៀប​ការ​នឹង​នាង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​នេះ​មិន​មែន​ជា​ហេតុ​ដែល​អ្នក​រាល់​គ្នា​យល់​ខុស ព្រោះ​តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ​ទេ​ឬ? ដ្បិត​ពេល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ គេ​មិន​រៀប​ការ​ជា​ប្តី​ប្រពន្ធ​ទេ គេ​នឹង​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌​វិញ។ ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​រឿង​អំពី​គុម្ព​បន្លា នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ? ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​មក​លោក​ថា "យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប " ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង»។

អាន ម៉ាកុស 12