ម៉ាកុស 12:13-17
ម៉ាកុស 12:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក គេចាត់ពួកផារិស៊ីខ្លះ និងពួកហេរ៉ូឌខ្លះឲ្យទៅជិតព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានព្រះបន្ទូល។ ពេលមកដល់ គេទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំដឹងថា លោកជាមនុស្សពិតត្រង់ ហើយមិនខ្វល់ពីអ្នកណា ព្រោះលោកមិនយល់មុខមនុស្សណាឡើយ លោកបង្រៀនពីផ្លូវរបស់ព្រះ តាមតែសេចក្តីពិត។ តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ? តើត្រូវបង់ ឬមិនត្រូវបង់?» ប៉ុន្តែ ព្រះអង្គជ្រាបពីពុតត្បុតរបស់គេ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរយកប្រាក់កាក់មួយមកឲ្យខ្ញុំមើលមើល៍»។ គេក៏យកប្រាក់កាក់មួយមក រួចព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «របស់សេសារ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ថ្វាយទៅព្រះវិញ»។ គេក៏មានសេចក្ដីអស្ចារ្យនឹងព្រះអង្គជាខ្លាំង។
ម៉ាកុស 12:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេចាត់ពួកខាងគណៈផារីស៊ី* និងពួកខាងស្ដេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូ ចាំចាប់កំហុស នៅពេលព្រះអង្គមានព្រះបន្ទូល។ គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្ដីពិត។ តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ? តើយើងត្រូវបង់ ឬមិនត្រូវបង់?»។ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឲ្យខ្ញុំមើលមើល៍»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ!»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។
ម៉ាកុស 12:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេបានចាត់ពួកផារិស៊ីខ្លះ នឹងពួកហេរ៉ូឌខ្លះ ទៅឯព្រះយេស៊ូវ ដើម្បីនឹងចាប់ព្រះបន្ទូល អ្នកទាំងនោះក៏មកឯទ្រង់ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកមិនអំពល់ដល់អ្នកណាសោះ ពីព្រោះលោកមិនយល់មុខមនុស្សលោកទេ លោកបង្រៀនតែពីផ្លូវព្រះ តាមសេចក្ដីពិតប៉ុណ្ណោះ ដូច្នេះ តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ តើត្រូវបង់ ឬមិនត្រូវបង់ ប៉ុន្តែទ្រង់ស្គាល់ពុតមាយារបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំ ចូរយកប្រាក់កាក់ធំមកឲ្យខ្ញុំមើល គេក៏យកមក រួចទ្រង់មានបន្ទូលសួរថា រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា គេឆ្លើយថា របស់សេសារ នោះទ្រង់តបទៅវិញថា ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ គេក៏អស្ចារ្យនឹងទ្រង់។