ម៉ាកុស 12:13-17

ម៉ាកុស 12:13-17 គកស១៦

បន្ទាប់​មក គេ​ចាត់​ពួក​ផារិ‌ស៊ី​ខ្លះ និង​ពួក​ហេរ៉ូឌ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌អង្គ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ ពេល​មក​ដល់ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ? តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?» ប៉ុន្តែ ព្រះ‌អង្គ​ជ្រាប​ពី​ពុត​ត្បុត​របស់​គេ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​យក​ប្រាក់​កាក់​មួយ​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។ គេ​ក៏​យក​ប្រាក់​កាក់​មួយ​មក រួច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​រូប​នេះ និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ថ្វាយ​ទៅ​ព្រះ​វិញ»។ គេ​ក៏​មាន​សេច​ក្ដី​អស្ចារ្យ​នឹង​ព្រះ‌អង្គ​ជា​ខ្លាំង។

អាន ម៉ាកុស 12