ម៉ាកុស 11:12-26
ម៉ាកុស 11:12-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេតថានី ពេលនោះ ព្រះអង្គឃ្លាន។ ព្រះអង្គទតឃើញឧទុម្ពរ*មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ព្រះអង្គក៏យាងតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិត ព្រះអង្គទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ គ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសិស្ស*បានឮព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះអង្គមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ*ឡើយ។ ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា: ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយអធិស្ឋាន* តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ »។ កាលពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។ ព្រឹកឡើង ពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរ*ក្រៀមស្វិតរហូតដល់ឫស។ លោកពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស*ថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ត ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ ម្យ៉ាងទៀត ពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*អត់ទោសឲ្យអ្នករាល់គ្នា»។ [ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ* ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ។]
ម៉ាកុស 11:12-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃបន្ទាប់ ពេលគេចេញពីភូមិបេថានី ព្រះអង្គឃ្លាន។ ពេលព្រះអង្គទតឃើញដើមល្វាមួយដើមពីចម្ងាយ ដែលមានស្លឹក ព្រះអង្គក៏យាងទៅមើល ក្រែងរកបានផ្លែខ្លះ។ កាលព្រះអង្គយាងទៅជិត ទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ព្រោះមិនទាន់ដល់រដូវល្វាផ្លែនៅឡើយ។ ព្រះអង្គមានព្រះបន្ទូលទៅដើមល្វានោះថា៖ «សូមកុំឲ្យអ្នកណាបរិភោគផ្លែពីឯងទៀតឡើយ»។ ពួកសិស្សព្រះអង្គក៏ឮ។ កាលគេមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប ហើយព្រះអង្គមិនឲ្យអ្នកណាម្នាក់លីសែងអ្វីឆ្លងកាត់ព្រះវិហារឡើយ។ ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «តើគ្មានសេចក្តីចែងទុកមកទេឬថា "ដំណាក់របស់យើង ត្រូវហៅថាជាដំណាក់ សម្រាប់អស់ទាំងសាសន៍អធិស្ឋាន ?" ប៉ុន្តែ អ្នករាល់គ្នាយកដំណាក់នេះ ធ្វើជារោងចោរ ទៅវិញ»។ ពួកសង្គ្រាជ និងពួកអាចារ្យឮដូច្នេះ គេក៏រកមធ្យោបាយធ្វើគុតព្រះអង្គ ដ្បិតគេខ្លាចព្រះអង្គ ព្រោះបណ្តាជនទាំងអស់មានសេចក្តីអស្ចារ្យក្នុងចិត្តចំពោះសេចក្តីបង្រៀនរបស់ព្រះអង្គ។ លុះដល់ល្ងាច ព្រះអង្គ និងពួកសិស្សក៏ចាកចេញពីទីក្រុង។ លុះព្រឹកឡើង ពេលគេធ្វើដំណើរតាមផ្លូវ ពួកសិស្សឃើញដើមល្វានោះក្រៀមស្វិត រហូតដល់ឫស។ ពេលនោះ ពេត្រុសនឹកឃើញ ហើយទូលព្រះអង្គថា៖ «រ៉ាប៊ី មើល៍! ដើមល្វាដែលលោកដាក់បណ្តាសា ក្រៀមស្វិតទៅហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូរមានជំនឿដល់ព្រះចុះ! ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា "ចូររើចេញពីទីនេះ ទៅធ្លាក់ក្នុងសមុទ្រទៅ!" ហើយនៅក្នុងចិត្តជឿដោយឥតសង្ស័យថា អ្វីដែលខ្លួននិយាយនឹងបានសម្រេច នោះនឹងបានសម្រេចដល់អ្នកនោះមែន។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ នោះអ្នកនឹងបានមែន។ ពេលណាអ្នកឈរអធិស្ឋាន បើអ្នកមានទំនាស់អ្វីនឹងអ្នកណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីឲ្យព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ អត់ទោសចំពោះអំពើរំលងច្បាប់របស់អ្នករាល់គ្នាដែរ»។ [តែបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ នោះព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ក៏មិនអត់ទោសចំពោះអំពើរំលងច្បាប់របស់អ្នករាល់គ្នាដែរ។]
ម៉ាកុស 11:12-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេតថានី ពេលនោះ ព្រះអង្គឃ្លាន។ ព្រះអង្គទតឃើញឧទុម្ពរ*មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ព្រះអង្គក៏យាងតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិត ព្រះអង្គទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ គ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសិស្ស*បានឮព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះអង្គមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ*ឡើយ។ ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា: ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយអធិស្ឋាន* តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ »។ កាលពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។ ព្រឹកឡើង ពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរ*ក្រៀមស្វិតរហូតដល់ឫស។ លោកពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស*ថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ត ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ ម្យ៉ាងទៀត ពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*អត់ទោសឲ្យអ្នករាល់គ្នា»។ [ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ* ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ។]
ម៉ាកុស 11:12-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ថ្ងៃស្អែកឡើង កាលបានចេញពីបេថានីមក នោះទ្រង់ក៏ឃ្លាន ទ្រង់ទតឃើញដើមល្វា១ពីចំងាយ ដែលមានសន្លឹក រួចទ្រង់យាងទៅមើល ក្រែងរកបានផ្លែខ្លះ តែកាលទៅដល់ នោះឃើញមានតែស្លឹកទទេ ព្រោះមិនទាន់ដល់រដូវនៅឡើយ នោះទ្រង់មានបន្ទូលទៅដើមនោះថា កុំឲ្យអ្នកណាស៊ីផ្លែឯងទៀតជារៀងរាបដរាបទៅ ពួកសិស្សទ្រង់ក៏ឮ។ ព្រះយេស៊ូវ ទ្រង់យាងទៅដល់ក្រុងយេរូសាឡិម កាលបានចូលទៅក្នុងព្រះវិហារហើយ នោះក៏តាំងដេញពួកអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដែលដូរប្រាក់ នឹងជើងម៉ានៃពួកអ្នកលក់ព្រាប ក៏មិនព្រមឲ្យអ្នកណាលីសែងអ្វីដើរកាត់ព្រះវិហារឡើយ ទ្រង់បង្រៀនគេថា តើគ្មានសេចក្ដីចែងទុកមកទេឬអីថា «ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍» ប៉ុន្តែអ្នករាល់គ្នាបានយក ធ្វើជារោងចោរវិញ ពួកសង្គ្រាជ នឹងពួកអាចារ្យក៏ឮ ហើយគេរកឱកាសធ្វើយ៉ាងណានឹងបំផ្លាញទ្រង់ចេញ ដ្បិតគេខ្លាចទ្រង់ ដោយព្រោះបណ្តាមនុស្សទាំងអស់គ្នា មានសេចក្ដីអស្ចារ្យក្នុងចិត្ត ចំពោះសេចក្ដីដែលទ្រង់បង្រៀន ដល់ល្ងាច ទ្រង់យាងចេញពីទីក្រុងទៅ។ លុះព្រឹកឡើង កំពុងដែលដើរតាមផ្លូវទៅ នោះពួកសិស្សឃើញដើមល្វានោះស្វិតក្រៀម តាំងតែពីឫសឡើង ពេត្រុសក៏នឹកឃើញ ហើយទូលទ្រង់ថា លោកគ្រូ មើល ដើមល្វាដែលលោកដាក់បណ្តាសា នោះក្រៀមស្វិតទៅហើយ ព្រះយេស៊ូវទ្រង់ឆ្លើយថា ចូរមានសេចក្ដីជំនឿដល់ព្រះចុះ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រចុះ ដោយឥតសង្ស័យក្នុងចិត្ត គឺជឿជាក់ថា សេចក្ដីអ្វីដែលខ្លួនថា នឹងបានកើតមកពិត នោះនឹងបានដូចប្រាថ្នាគ្រប់ជំពូកទាំងអស់ ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន ហើយកាលណាអ្នកឈរអធិស្ឋាន បើអ្នកមានហេតុអ្វីនឹងអ្នកណា នោះត្រូវអត់ទោសឲ្យគេសិន ដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ បានអត់ទោសគ្រប់ទាំងសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ តែបើអ្នករាល់គ្នាមិនអត់ទោសទេ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនអត់ទោសសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ។