ម៉ាកុស 11:12-26

ម៉ាកុស 11:12-26 ពគប

ថ្ងៃ​ស្អែក​ឡើង កាល​បាន​ចេញ​ពី​បេថានី​មក នោះ​ទ្រង់​ក៏​ឃ្លាន ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​ពី​ចំងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ តែ​កាល​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​ស្លឹក​ទទេ ព្រោះ​មិន​ទាន់​ដល់​រដូវ​នៅ​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ដើម​នោះ​ថា កុំ​ឲ្យ​អ្នក​ណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀង​រាប​ដរាប​ទៅ ពួក​សិស្ស​ទ្រង់​ក៏​ឮ។ ព្រះ‌យេស៊ូវ ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម កាល​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ក៏​តាំង​ដេញ​ពួក​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដែល​ដូរ​ប្រាក់ នឹង​ជើងម៉ា​នៃ​ពួក​អ្នក​លក់​ព្រាប ក៏​មិន​ព្រម​ឲ្យ​អ្នក​ណា​លី‌សែង​អ្វី​ដើរ​កាត់​ព្រះ‌វិហារ​ឡើយ ទ្រង់​បង្រៀន​គេ​ថា តើ​គ្មាន​សេចក្ដី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍» ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យក ធ្វើ​ជា​រោង​ចោរ​វិញ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​ក៏​ឮ ហើយ​គេ​រក​ឱកាស​ធ្វើ​យ៉ាង​ណា​នឹង​បំផ្លាញ​ទ្រង់​ចេញ ដ្បិត​គេ​ខ្លាច​ទ្រង់ ដោយ​ព្រោះ​បណ្តា​មនុស្ស​ទាំង​អស់​គ្នា មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ចំពោះ​សេចក្ដី​ដែល​ទ្រង់​បង្រៀន ដល់​ល្ងាច ទ្រង់​យាង​ចេញ​ពី​ទី​ក្រុង​ទៅ។ លុះ​ព្រឹក​ឡើង កំពុង​ដែល​ដើរ​តាម​ផ្លូវ​ទៅ នោះ​ពួក​សិស្ស​ឃើញ​ដើម​ល្វា​នោះ​ស្វិត​ក្រៀម តាំង​តែ​ពី​ឫស​ឡើង ពេត្រុស​ក៏​នឹក​ឃើញ ហើយ​ទូល​ទ្រង់​ថា លោក​គ្រូ មើល ដើម​ល្វា​ដែល​លោក​ដាក់​បណ្តាសា នោះ​ក្រៀម​ស្វិត​ទៅ​ហើយ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ចូរ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ​ចុះ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ចុះ ដោយ​ឥត​សង្ស័យ​ក្នុង​ចិត្ត គឺ​ជឿ‌ជាក់​ថា សេចក្ដី​អ្វី​ដែល​ខ្លួន​ថា នឹង​បាន​កើត​មក​ពិត នោះ​នឹង​បាន​ដូច​ប្រាថ្នា​គ្រប់​ជំពូក​ទាំង​អស់ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្រប់​ទាំង​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា បាន​ហើយ នោះ​នឹង​បាន​មែន ហើយ​កាល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ហេតុ​អ្វី​នឹង​អ្នក​ណា នោះ​ត្រូវ​អត់​ទោស​ឲ្យ​គេ​សិន ដើម្បី​ឲ្យ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ បាន​អត់​ទោស​គ្រប់​ទាំង​សេចក្ដី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ទេ នោះ​ព្រះវរ‌បិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​មិន​អត់​ទោស​សេចក្ដី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ។

អាន ម៉ាកុស 11