ម៉ាកុស 10:46-52

ម៉ាកុស 10:46-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​គេ​បាន​មក​ដល់​ក្រុង​យេរី‌ខូរ។ ពេល​ព្រះ‌អង្គ និង​ពួក​សិស្ស ព្រម​ទាំង​បណ្ដាជន​ច្រើន​កុះ​ករ ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទី‌មេ ជា​កូន​របស់​លោក​ទី​មេ កំពុង​អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។ កាល​គាត់​ឮ​ថា នោះ​ជា​ព្រះ‌យេស៊ូវ​អ្នក​ស្រុក​ណាសា‌រ៉ែត គាត់​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ​វង្ស​ព្រះ​បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង»។ មនុស្ស​ជា​ច្រើន​គំរាម​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង!» ព្រះ‌យេស៊ូវ​ឈប់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ហៅ​គាត់​មក»។ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​មក ដោយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​អ្នក»។ គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង ហើយ​មក​រក​ព្រះ‌យេស៊ូវ។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» បុរស​ខ្វាក់​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! សូម​ប្រោស​ភ្នែក​ទូល​បង្គំ​ឲ្យ​បាន​ភ្លឺ​ផង!» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។ រំពេច​នោះ គាត់​មើល​ឃើញ​ភា្លម រួច​ដើរ​តាម​ពី​ក្រោយ​ព្រះ‌អង្គ​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:46-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរីខូ។ កាល​ព្រះអង្គ​យាង​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស និង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ មាន​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារ‌ទីមេ ជា​កូន​របស់​លោក​ទីមេ អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។ កាល​គាត់​ឮ​ថា​ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណា​សារ៉ែត យាង​តាម​នោះ គាត់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។ មនុស្ស​ជា​ច្រើន​បាន​គំរាម​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។ ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ហៅ​គាត់​មក»។ គេ​ហៅ​មនុស្ស​ខ្វាក់​មក ដោយ​ពោល​ថា៖ «កុំ​អស់​សង្ឃឹម ក្រោក​ឡើង លោក​ហៅ​អ្នក»។ គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង តម្រង់​ទៅ​រក​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ អ្នក​ខ្វាក់​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​ភ្លឺ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​ចុះ! ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ!»។ រំពេច​នោះ គាត់​មើល​ឃើញ​ភ្លាម ហើយ​ដើរ​តាម​ផ្លូវ​ជា​មួយ​ព្រះ‌យេស៊ូ​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:46-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណ​នោះ ក៏​មក​ដល់​ក្រុង​យេរីខូរ ហើយ​កំពុង​ដែល​ទ្រង់​យាង​ចេញ​ពី​នោះ​ទៅ ព្រម​ទាំង​ពួក​សិស្ស នឹង​ហ្វូង​មនុស្ស​ជា​ធំ​ផង នោះ​មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទីមេ ជា​កូន​ទីមេ កំពុង​អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ កាល​គាត់​បាន​ឮ​ថា ជា​ព្រះ‌យេស៊ូវ ពី​ណា‌សារ៉ែត នោះ​ក៏​តាំង​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង មាន​មនុស្ស​ជា​ច្រើន​កំហែង​ឲ្យ​គាត់​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត‌តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌អង្គ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈប់ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​គាត់​មក គេ​ក៏​ហៅ​មក ដោយ​ប្រាប់​ថា ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​ឯង គាត់​បោះ​អាវ​ធំ​ចោល រួច​ស្ទុះ​ក្រោក​ឡើង ទៅ​ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​សួរ​គាត់​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក អ្នក​នោះ​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ទៅ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ស្រាប់​តែ​ភ្នែក​ក៏​ភ្លឺ​ឡើង​ភ្លាម រួច​គាត់​ដើរ​តាម​ទ្រង់​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 10