ម៉ាកុស 10:33-46

ម៉ាកុស 10:33-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ។ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ។ ពួក​នោះ​នឹង​ចំអក​ឲ្យ​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។ គេ​នឹង​វាយ​ធ្វើ​បាប​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ បន្ទាប់​មក លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ចូល​មក​គាល់​ព្រះ‌យេស៊ូ​ទូល​ថា៖ «ព្រះ‌គ្រូ! សូម​មេត្តា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើង​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «ពេល​ព្រះ‌គ្រូ​គ្រង​រាជ្យ​ប្រកប​ដោយ​សិរី‌រុងរឿង សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​អម​ព្រះ‌គ្រូ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ? អ្នក​អាច​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?»។ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នឹង​ទទួល​ពែង​ដែល​ខ្ញុំ​ត្រូវ​ទទួល និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ ខ្ញុំ​មិន​អាច​សម្រេច​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក សម្រាប់​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។ កាល​សិស្ស​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ អ្នក​ដែល​គេ​ចាត់​ទុក​ជា​មេ​គ្រប់‌គ្រង​ស្រុក តែង​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​តែងតែ​ប្រើ​អំណាច​ខ្លួន​លើ​ប្រជា‌រាស្ត្រ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​ម្នាក់​ចង់​ធ្វើ​មេ​គេ ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ​គ្រប់​គ្នា​សិន ដ្បិត​បុត្រ​មនុស្ស*​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ឡើយ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។ ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរីខូ។ កាល​ព្រះអង្គ​យាង​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស និង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ មាន​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារ‌ទីមេ ជា​កូន​របស់​លោក​ទីមេ អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:33-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«មើល៍ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​បញ្ជូន​លោក​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ។ ពួក​នោះ​នឹង​ចំអក​ឲ្យ​លោក ស្តោះ​ទឹក​មាត់​ដាក់​លោក វាយ​លោក​នឹង​រំពាត់ ហើយ​សម្លាប់​លោក តែ​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ យ៉ាកុប និង​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ចូល​មក​ជិត​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ សូម​លោក​គ្រូ​យល់​ព្រម​តាម​សំណូម​របស់​យើង​ខ្ញុំ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​លោក​គ្រូ​គង់​លើ​បល្ល័ង្ក​ដ៏​រុង​រឿង សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​អម​លោក​គ្រូ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​ផង»។ ប៉ុន្ដែ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​កំពុង​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​ត្រូវ​ផឹក ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់​អស់​អ្នក​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។ កាល​សិស្ស​ដប់​នាក់​ទៀត​បាន​ឮ​ដូច្នោះ គេ​ចា​ប់​ផ្ដើម​ខឹង​នឹង​យ៉ាកុប និង​យ៉ូហាន។ ព្រះ‌យេស៊ូវ​ហៅ​អ្នក​ទាំង​នោះ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ អស់​អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នក​គ្រប់​គ្រង គេ​ជិះ​ជាន់​លើ​ប្រជារាស្រ្ត ហើយ​ពួក​អ្នក​ធំ​របស់​គេ ក៏​ប្រើ​អំណាច​លើ​គេ​ដែរ។ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​មែន​ដូច្នោះ​ឡើយ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់​គ្នា។ អ្នក​ណា​ដែល​ចង់​បាន​ជា​លេខ​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​ដល់​អ្នក​ទាំង​អស់។ ដ្បិត​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​មក​ដើម្បី​បម្រើ​គេ​វិញ ទាំង​ប្រគល់​ជីវិត​ខ្លួន ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន»។ ពួក​គេ​បាន​មក​ដល់​ក្រុង​យេរី‌ខូរ។ ពេល​ព្រះ‌អង្គ និង​ពួក​សិស្ស ព្រម​ទាំង​បណ្ដាជន​ច្រើន​កុះ​ករ ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទី‌មេ ជា​កូន​របស់​លោក​ទី​មេ កំពុង​អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:33-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត ហើយ​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​មើល‌ងាយ វាយ​នឹង​រំពាត់ ស្តោះ​ដាក់ ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ។ ខណ​នោះ យ៉ាកុប នឹង​យ៉ូហាន ជា​កូន​សេបេដេ ក៏​មក​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្ដី​សំណូម​របស់​យើង​ខ្ញុំ​ផង ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​សំរេច​អ្វី​ឲ្យ​អ្នក គេ​ក៏​ទូល​ឆ្លើយ​ថា សូម​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​នៅ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​លោក ក្នុង​ស្ថាន​នៃ​សិរី‌ល្អ​របស់​លោក តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា អ្នក​មិន​យល់​សេចក្ដី​ដែល​អ្នក​សូម​នោះ​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា ទទួល​បាន នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​អំពី​ពែង​ខ្ញុំ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ទី​នោះ​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ កាល​១០​នាក់​ឯ​ទៀត​បាន​ឮ​សេចក្ដី​នោះ នោះ​គេ​ក៏​នឹក​តូច​ចិត្ត​នឹង​យ៉ាកុប ហើយ​នឹង​យ៉ូហាន តែ​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់‌គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ ខណ​នោះ ក៏​មក​ដល់​ក្រុង​យេរីខូរ ហើយ​កំពុង​ដែល​ទ្រង់​យាង​ចេញ​ពី​នោះ​ទៅ ព្រម​ទាំង​ពួក​សិស្ស នឹង​ហ្វូង​មនុស្ស​ជា​ធំ​ផង នោះ​មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទីមេ ជា​កូន​ទីមេ កំពុង​អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ

ចែក​រំលែក
អាន ម៉ាកុស 10