ម៉ាកុស 10:33-46

ម៉ាកុស 10:33-46 គកស១៦

«មើល៍ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​បញ្ជូន​លោក​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ។ ពួក​នោះ​នឹង​ចំអក​ឲ្យ​លោក ស្តោះ​ទឹក​មាត់​ដាក់​លោក វាយ​លោក​នឹង​រំពាត់ ហើយ​សម្លាប់​លោក តែ​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ យ៉ាកុប និង​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ចូល​មក​ជិត​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ សូម​លោក​គ្រូ​យល់​ព្រម​តាម​សំណូម​របស់​យើង​ខ្ញុំ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​លោក​គ្រូ​គង់​លើ​បល្ល័ង្ក​ដ៏​រុង​រឿង សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​អម​លោក​គ្រូ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​ផង»។ ប៉ុន្ដែ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​កំពុង​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​ត្រូវ​ផឹក ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់​អស់​អ្នក​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។ កាល​សិស្ស​ដប់​នាក់​ទៀត​បាន​ឮ​ដូច្នោះ គេ​ចា​ប់​ផ្ដើម​ខឹង​នឹង​យ៉ាកុប និង​យ៉ូហាន។ ព្រះ‌យេស៊ូវ​ហៅ​អ្នក​ទាំង​នោះ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ អស់​អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នក​គ្រប់​គ្រង គេ​ជិះ​ជាន់​លើ​ប្រជារាស្រ្ត ហើយ​ពួក​អ្នក​ធំ​របស់​គេ ក៏​ប្រើ​អំណាច​លើ​គេ​ដែរ។ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​មែន​ដូច្នោះ​ឡើយ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់​គ្នា។ អ្នក​ណា​ដែល​ចង់​បាន​ជា​លេខ​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​ដល់​អ្នក​ទាំង​អស់។ ដ្បិត​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​មក​ដើម្បី​បម្រើ​គេ​វិញ ទាំង​ប្រគល់​ជីវិត​ខ្លួន ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន»។ ពួក​គេ​បាន​មក​ដល់​ក្រុង​យេរី‌ខូរ។ ពេល​ព្រះ‌អង្គ និង​ពួក​សិស្ស ព្រម​ទាំង​បណ្ដាជន​ច្រើន​កុះ​ករ ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទី‌មេ ជា​កូន​របស់​លោក​ទី​មេ កំពុង​អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។

អាន ម៉ាកុស 10

វីដេអូសម្រាប់ ម៉ាកុស 10:33-46