ម៉ាកុស 10:17-31

ម៉ាកុស 10:17-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌អង្គ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក ហើយ​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ​ល្អ​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ទុក​ជា​មត៌ក?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ? គ្មាន​អ្នក​ណា​ល្អ​ទេ មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ។ អ្នក​ស្គាល់​ព្រះឱវាទ​ហើយ​ថា "កុំ​សម្លាប់​មនុស្ស កុំ​ផិត​ក្បត់ កុំ​លួច កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ កុំ​កេង​បន្លំ ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក "»។ បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ តាំង​ពី​ក្មេង​មក»។ ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ទ្រង់​ស្រឡាញ់​គាត់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​នៅ​ខ្វះ​ការ​មួយ ចូរ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន ហើយ​យក​លុយ​ទៅ​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ‌សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។ ពេល​គាត់​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រ​ពោន ហើយ​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។ ព្រះ‌យេស៊ូវ​ទត​មើល​ជុំ​វិញ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ពិបាក​ណាស់!» ពួក​សិស្ស​ងឿង​ឆ្ងល់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ តែ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «កូន​អើយ ព្រះរាជ្យ​របស់​ព្រះ​ពិបាក​ចូល​ណាស់! សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ទៅ​ទៀត»។ ពួក​សិស្ស​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?» ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​មិន​អាច​ធ្វើ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​បាន ដ្បិត​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។ ពេត្រុស​ចាប់​ផ្ដើម​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ យើង​ខ្ញុំ​បាន​លះ​ចោល​អ្វីៗ​ទាំង​អស់​មក​តាម​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក‌ម្តាយ កូន ឬ​ស្រែ​ចម្ការ ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ដំណឹង​ល្អ ហើយ​មិន​បាន​ទទួល​មួយ​ជា​មួយ​រយ ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ម្តាយ កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ការ​បៀត‌បៀន​ដែរ ហើយ​នៅ​ឯ​បរ‌លោក នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​ថែម​ទៀត​ផង។ តែ​មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន នឹង​ទៅ​ជា​ក្រោយ ហើយ​អ្នក​ក្រោយ​នឹង​ទៅ​ជា​មុន​វិញ»។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:17-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក​ដល់ លុត​ជង្គង់​ចុះ​នៅ​មុខ​ព្រះអង្គ ទូល​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ទុក​ជា​មត៌ក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ថា ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។ អ្នក​ស្គាល់​បទ‌បញ្ជា​ស្រាប់​ហើយ​ថា “កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស កុំ​កេង‌ប្រវ័ញ្ច​យក​សម្បត្តិ​នរណា​ឲ្យ​សោះ ចូរ​គោរព​មាតា‌បិតា” »។ បុរស​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ​អើយ! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទាំង​នេះ តាំង​ពី​ក្មេង​មក»។ ព្រះ‌យេស៊ូ​ទត​មើល​ទៅ​គាត់ ហើយ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​គាត់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ខ្វះ​កិច្ចការ​មួយ​ទៀត​ដែល​អ្នក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​អញ្ជើញ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន រួច​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​មាន​សម្បត្តិ​សួគ៌ បន្ទាប់​មក សឹម​អញ្ជើញ​មក​តាម​ខ្ញុំ»។ កាល​បុរស​នោះ​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រពោន ហើយ​វិល​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ណាស់។ ព្រះ‌យេស៊ូ​ទត​មើល​ជុំ‌វិញ រួច​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «អ្នក​មាន​មិន​ងាយ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន​ទេ»។ ពួក​សិស្ស​ងឿង‌ឆ្ងល់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កូន​ចៅ​អើយ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ពិបាក​ចូល​ណាស់! សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។ ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ ព្រះ‌យេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ‌ជាម្ចាស់​ធ្វើ​កើត ដ្បិត​ព្រះអង្គ​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់ ហើយ​យើង​ខ្ញុំ​បាន​មក​តាម​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ​កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹង‌ល្អ* អ្នក​នោះ​នឹង​ទទួល​ក្នុង​ពេល​ឥឡូវ​នេះ​មួយ​ជា​មួយ​រយ គឺ​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ម្ដាយ​កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ទទួល​ការ​បៀត‌បៀន ហើយ​ក៏​នឹង​មាន​ជីវិត​អស់‌កល្ប​ជានិច្ច នៅ​លោក​ខាង​មុខ​ថែម​ទៀត​ផង។ មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:17-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​យាង​ចេញ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​រត់​មក លុត​ជង្គង់​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់​ទូល​សួរ​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់​‌កល្ប​ជានិច្ច ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​សោះ មាន​តែ​១ គឺ​ជា​ព្រះ​ប៉ុណ្ណោះ អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ កុំ​ឲ្យ​បំបាត់​គេ​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង» តែ​គាត់​ទូល​ឆ្លើយ​ថា លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ដែរ ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គាត់​ដោយ​ស្រឡាញ់ ហើយ​មាន​បន្ទូល​ថា អ្នក​នៅ​ខ្វះ​កិច្ច​១​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ​នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​មក​តាម​ខ្ញុំ​ចុះ តែ​គាត់​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ឮ​ពាក្យ​នោះ ក៏​ចេញ​ទៅ​ទាំង​ក្តី​ទុក្ខ ព្រោះ​គាត់​មាន​សម្បត្តិ​ច្រើន​ណាស់។ ព្រះ‌យេស៊ូវ​ទ្រង់​ងាក​ទត​ជុំ‌វិញ ហើយ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ដែល​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ នោះ​ពិបាក​ណាស់ ឯ​ពួក​សិស្ស ក៏​នឹក​ស្ងើច​នឹង​ព្រះ‌បន្ទូល​ទ្រង់ តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា កូន​អើយ ពួក​អ្នក​ដែល​ជាប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ដោយ​ពិបាក​ណាស់ បើ​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​វិញ គេ​ក៏​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​បើ​ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គេ មាន​បន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ‌ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន នោះ​ពេត្រុស​ចាប់​តាំង​ទូល​ទ្រង់​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​ដែល​មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ‌សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ ឥត​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ‌សំបែង បង​ប្អូន​ប្រុស​ស្រី ម្តាយ​ហើយ​កូន នឹង​ស្រែ​ចំការ ព្រម​ទាំង​សេចក្ដី​បៀត‌បៀន​ដែរ ហើយ​ដល់​បរ‌លោក​នាយ នឹង​បាន​ជីវិត​រស់​អស់​‌កល្ប​ជានិច្ច​ផង តែ​នឹង​មាន​មនុស្ស​មុន​ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​មនុស្ស​ក្រោយ​ទៅ​ជា​មុន​វិញ។

ចែក​រំលែក
អាន ម៉ាកុស 10