កាលទ្រង់យាងចេញទៅតាមផ្លូវ នោះមានម្នាក់រត់មក លុតជង្គង់ក្រាបចុះនៅចំពោះទ្រង់ទូលសួរថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មានអ្នកណាល្អសោះ មានតែ១ គឺជាព្រះប៉ុណ្ណោះ អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ កុំឲ្យបំបាត់គេឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» តែគាត់ទូលឆ្លើយថា លោកគ្រូ ខ្ញុំបានកាន់តាមសេចក្ដីទាំងនោះ តាំងពីក្មេងមកដែរ ព្រះយេស៊ូវទ្រង់ទតទៅគាត់ដោយស្រឡាញ់ ហើយមានបន្ទូលថា អ្នកនៅខ្វះកិច្ច១ទៀត គឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ តែគាត់មានចិត្តព្រួយណាស់ ដោយឮពាក្យនោះ ក៏ចេញទៅទាំងក្តីទុក្ខ ព្រោះគាត់មានសម្បត្តិច្រើនណាស់។ ព្រះយេស៊ូវទ្រង់ងាកទតជុំវិញ ហើយមានបន្ទូលទៅពួកសិស្សថា ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះ នោះពិបាកណាស់ ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់ បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ គេក៏មានសេចក្ដីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ ព្រះយេស៊ូវទ្រង់ទតទៅគេ មានបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន នោះពេត្រុសចាប់តាំងទូលទ្រង់ថា មើល យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្តាយហើយកូន នឹងស្រែចំការ ព្រមទាំងសេចក្ដីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង តែនឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយមនុស្សក្រោយទៅជាមុនវិញ។
អាន ម៉ាកុស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 10:17-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ