ម៉ាកុស 10:17-25
ម៉ាកុស 10:17-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មក ហើយលុតជង្គង់ចុះនៅចំពោះព្រះអង្គ ទូលថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឲ្យបានជីវិតអស់កល្បជានិច្ចទុកជាមត៌ក?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះ? គ្មានអ្នកណាល្អទេ មានតែព្រះមួយអង្គប៉ុណ្ណោះ។ អ្នកស្គាល់ព្រះឱវាទហើយថា "កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ កុំកេងបន្លំ ចូរគោរពឪពុកម្តាយរបស់អ្នក "»។ បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូ ខ្ញុំបានកាន់តាមសេចក្តីទាំងនោះ តាំងពីក្មេងមក»។ ព្រះយេស៊ូវទតទៅគាត់ ទ្រង់ស្រឡាញ់គាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកនៅខ្វះការមួយ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយយកលុយទៅឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។ ពេលគាត់ឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយចេញទៅទាំងព្រួយចិត្ត ព្រោះគាត់មានទ្រព្យសម្បត្តិច្រើនណាស់។ ព្រះយេស៊ូវទតមើលជុំវិញ ហើយមានព្រះបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «អ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះពិបាកណាស់!» ពួកសិស្សងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «កូនអើយ ព្រះរាជ្យរបស់ព្រះពិបាកចូលណាស់! សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះទៅទៀត»។
ម៉ាកុស 10:17-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឲ្យសោះ ចូរគោរពមាតាបិតា” »។ បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជា*ទាំងនេះ តាំងពីក្មេងមក»។ ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។ កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់។ ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅពួកសិស្សថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បានទេ»។ ពួកសិស្សងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់! សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ទៅទៀត»។
ម៉ាកុស 10:17-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់យាងចេញទៅតាមផ្លូវ នោះមានម្នាក់រត់មក លុតជង្គង់ក្រាបចុះនៅចំពោះទ្រង់ទូលសួរថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មានអ្នកណាល្អសោះ មានតែ១ គឺជាព្រះប៉ុណ្ណោះ អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ កុំឲ្យបំបាត់គេឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» តែគាត់ទូលឆ្លើយថា លោកគ្រូ ខ្ញុំបានកាន់តាមសេចក្ដីទាំងនោះ តាំងពីក្មេងមកដែរ ព្រះយេស៊ូវទ្រង់ទតទៅគាត់ដោយស្រឡាញ់ ហើយមានបន្ទូលថា អ្នកនៅខ្វះកិច្ច១ទៀត គឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ តែគាត់មានចិត្តព្រួយណាស់ ដោយឮពាក្យនោះ ក៏ចេញទៅទាំងក្តីទុក្ខ ព្រោះគាត់មានសម្បត្តិច្រើនណាស់។ ព្រះយេស៊ូវទ្រង់ងាកទតជុំវិញ ហើយមានបន្ទូលទៅពួកសិស្សថា ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះ នោះពិបាកណាស់ ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់ បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ