ម៉ាកុស 10:17-25

ម៉ាកុស 10:17-25 គកស១៦

កាល​ព្រះ‌អង្គ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក ហើយ​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ​ល្អ​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ទុក​ជា​មត៌ក?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ? គ្មាន​អ្នក​ណា​ល្អ​ទេ មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ។ អ្នក​ស្គាល់​ព្រះឱវាទ​ហើយ​ថា "កុំ​សម្លាប់​មនុស្ស កុំ​ផិត​ក្បត់ កុំ​លួច កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ កុំ​កេង​បន្លំ ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក "»។ បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ តាំង​ពី​ក្មេង​មក»។ ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ទ្រង់​ស្រឡាញ់​គាត់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​នៅ​ខ្វះ​ការ​មួយ ចូរ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន ហើយ​យក​លុយ​ទៅ​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ‌សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។ ពេល​គាត់​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រ​ពោន ហើយ​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។ ព្រះ‌យេស៊ូវ​ទត​មើល​ជុំ​វិញ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ពិបាក​ណាស់!» ពួក​សិស្ស​ងឿង​ឆ្ងល់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ តែ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «កូន​អើយ ព្រះរាជ្យ​របស់​ព្រះ​ពិបាក​ចូល​ណាស់! សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ទៅ​ទៀត»។

អាន ម៉ាកុស 10