មីកា 6:1-5

មីកា 6:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល៖ ចូរ​ក្រោក​ឡើង អង្វរ​នៅ​មុខ​ភ្នំ​ធំ​ទាំង‌ឡាយ​ចុះ ហើយ​បន្លឺ​សំឡេង​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ឮ​សំឡេង​ឯង​ផង។ ភ្នំ​ទាំង‌ឡាយ និង​ឫស​នៃ​ផែនដី​ដ៏​ស្ថិត‌ស្ថេរ​អើយ ចូរ​ស្តាប់​រឿង​ក្ដី​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កើត​ក្ដី នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​តវ៉ា​ជា​មួយ​ពួក​អ៊ីស្រា‌អែល។ «ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ តើ​យើង​បាន​ធ្វើ​អ្វី​ដល់​ឯង? តើ​យើង​បាន​ធ្វើ​ឲ្យ​ឯង​ធុញ​ទ្រាន់​ដោយ‌សារ​អ្វី? ចូរ​ឆ្លើយ​នឹង​យើង! ដ្បិត​យើង​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បម្រើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត របស់​ព្រះ‌យេហូវ៉ា​ចុះ»។

ចែក​រំលែក
អាន មីកា 6

មីកា 6:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល! ចូរ​ក្រោក​ឡើង! នាំ​ពាក្យ​បណ្ដឹង​ទៅ​ប្រាប់ ឲ្យ​ភ្នំ​ធំៗ និង​ភ្នំ​តូចៗ ដឹង​ឮ​ផង! ភ្នំ​ធំ​ទាំង‌ឡាយ​អើយ ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ព្រះ‌អម្ចាស់! គ្រឹះ​នៃ​ផែនដី​ដែល​មិន​ចេះ​រង្គើ​អើយ! ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​ដែល​ព្រះ‌អម្ចាស់ ចោទ​ប្រកាន់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ៖ «ប្រជា‌រាស្ត្រ​យើង​អើយ! តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​អ្នក? តើ​យើង​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក​ធុញ‌ទ្រាន់? ចូរ​ឆ្លើយ​មក​យើង​មើល៍! តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ? ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់ ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក! ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាម ជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ! បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល់។ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។

ចែក​រំលែក
អាន មីកា 6

មីកា 6:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឥឡូវ​ថា ចូរ​ក្រោក​ឡើង អង្វរ​នៅ​មុខ​ភ្នំ​ធំ​ទាំង‌ឡាយ​ចុះ ហើយ​បន្លឺ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ឮ​សំឡេង​ឯង​ផង ម្នាល​ភ្នំ​ទាំង‌ឡាយ នឹង​ឯង​រាល់​គ្នា ជា​ឫស​នៃ​ផែនដី​ដ៏​ស្ថិត‌ស្ថេរ​អើយ ចូរ​ស្តាប់​រឿង​ក្តី​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កើត​ក្តី​នឹង​រាស្ត្រ​ទ្រង់ គឺ​ទ្រង់​នឹង​តវ៉ា​នឹង​ពួក​អ៊ីស្រាអែល ឱ​រាស្ត្រ​អញ​អើយ តើ​អញ​បាន​ធ្វើ​អ្វី​ដល់​ឯង តើ​អញ​បាន​ធ្វើ​ឲ្យ​ឯង​ធុញ‌ទ្រាន់​ដោយ‌សារ​អ្វី ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​អញ​ចុះ ដ្បិត​អញ​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បំរើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន នឹង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង ឱ​រាស្ត្រ​អញ​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច​ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ហើយ​ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីលកាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត​របស់​ព្រះ‌យេហូវ៉ា​ចុះ។

ចែក​រំលែក
អាន មីកា 6