មីកា 6
6
ព្រះអម្ចាស់ចោទប្រកាន់អ៊ីស្រាអែល
1នេះជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល៖
ចូរក្រោកឡើង អង្វរនៅមុខភ្នំធំទាំងឡាយចុះ
ហើយបន្លឺសំឡេងឲ្យភ្នំតូចទាំងប៉ុន្មានឮសំឡេងឯងផង។
2ភ្នំទាំងឡាយ និងឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ
ចូរស្តាប់រឿងក្ដីរបស់ព្រះយេហូវ៉ាចុះ
ដ្បិតព្រះយេហូវ៉ាបានកើតក្ដី
នឹងប្រជារាស្ត្ររបស់ព្រះអង្គ
ហើយព្រះអង្គនឹងតវ៉ាជាមួយពួកអ៊ីស្រាអែល។
3«ឱប្រជារាស្ត្ររបស់យើងអើយ
តើយើងបានធ្វើអ្វីដល់ឯង?
តើយើងបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី?
ចូរឆ្លើយនឹងយើង!
4ដ្បិតយើងបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក
ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបម្រើ
ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង
5ឱប្រជារាស្ត្ររបស់យើងអើយ
ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក
ស្តេចម៉ូអាប់ បានបង្កើត
ពីសេចក្ដីដែលបាឡាម
ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា
ហើយនឹកពីដំណើរដែលឯងដើរ
ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល
ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិត
របស់ព្រះយេហូវ៉ាចុះ»។
តើព្រះតម្រូវឲ្យធ្វើអ្វីខ្លះ?
6តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា
ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់?
តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប
ដើម្បីចូលទៅចំពោះព្រះអង្គឬ?
7តើព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យ
ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬ?
តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ
ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត
គឺជាផលនៃរូបកាយខ្ញុំ
ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ?
8ឱមនុស្សអើយ
ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ
តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច?
បើមិនឲ្យប្រព្រឹត្តដោយសុចរិត
ឲ្យស្រឡាញ់សេចក្ដីសប្បុរស
ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន
ដោយសុភាពប៉ុណ្ណោះ។
ការបញ្ឆោត និងអំពើឃោរឃៅ ដើម្បីទណ្ឌកម្ម
9ព្រះសូរសៀងនៃព្រះយេហូវ៉ាបន្លឺដល់ទីក្រុងថា៖
(ដែលកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ
នោះជាប្រាជ្ញាដ៏ត្រឹមត្រូវ)
ចូរស្តាប់ចុះ ឱកុលសម្ព័ន
និងអស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ!
10តើយើងអាចបំភ្លេចទ្រព្យសម្បត្តិ
នៃអំពើអាក្រក់នៅក្នុងផ្ទះមនុស្សអាក្រក់
និងរង្វាល់ឆកោង ដែលជាទីគួរស្អប់ខ្ពើមបានឬ?
11តើយើងអាចអត់ឱនឲ្យជញ្ជីងអាក្រក់
និងថង់ពេញដោយកូនជញ្ជីងឆកោងបានឬ?
12ដ្បិតមនុស្សអ្នកមាននៅក្នុងទីក្រុង
គេពេញដោយអំពើច្រឡោត
ហើយពួកអ្នកអាស្រ័យនៅក្នុងក្រុង
គេពោលកុហកទទេ
អណ្ដាតនៅក្នុងមាត់គេក៏ជាគ្រឿងឆបោកដែរ
13ហេតុនេះហើយបានជាយើងវាយឯងឲ្យរបួសយ៉ាងធ្ងន់
ហើយបានធ្វើឲ្យឯងចុកចាប់
ព្រោះតែអំពើបាបរបស់ឯង។
14ឯងនឹងស៊ី តែមិនបានឆ្អែតទេ
សេចក្ដីស្រេកឃ្លាននឹងនៅកណ្ដាលឯង
ឯងនឹងសន្សំទុក តែមិនគង់នៅទេ
ឯរបស់អ្វីដែលឯងទុកបាន
យើងនឹងប្រគល់ដល់ដាវវិញ
15ឯងនឹងសាបព្រោះទៅ តែមិនបានច្រូតកាត់ឡើយ
ឯងនឹងជាន់ផ្លែអូលីវ
តែមិនបានប្រេងសម្រាប់លាបខ្លួនទេ
ក៏នឹងបេះផ្លែទំពាំងបាយជូរដែរ
តែមិនបានផឹកស្រាទំពាំងបាយជូរសោះ
16ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី
និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់
ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។
ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់
ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ
ត្រឡប់ជាទីដែលគេមើលងាយ
អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល
នៃប្រជារាស្ត្ររបស់យើង។
ទើបបានជ្រើសរើសហើយ៖
មីកា 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies