មីកា 3:1-4
មីកា 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកមេដឹកនាំកូនចៅលោកយ៉ាកុប និងពួកអ្នកគ្រប់គ្រងលើ ពូជពង្សអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យខ្ញុំ! អ្នករាល់គ្នាត្រូវតែស្គាល់ច្បាប់។ ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។ អ្នករាល់គ្នាកេងប្រវ័ញ្ចប្រជាជន រហូតដល់បកស្បែកគេ ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។ អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំ អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។ អ្នករាល់គ្នាស្រែកអង្វរព្រះអម្ចាស់ តែព្រះអង្គមិនឆ្លើយតបមកវិញឡើយ ពេលនោះ ព្រះអង្គគេចព្រះភ័ក្ត្រពីអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។
មីកា 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំក៏និយាយទៀតថា៖ ចូរស្ដាប់ ឱពួកប្រមុខនៃយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ តើមិនគួរឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្តិធម៌ទេឬ? អ្នករាល់គ្នាដែលស្អប់ការល្អ ហើយស្រឡាញ់ការអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកគេ ហើយបេះសាច់ពីឆ្អឹងគេ អ្នករាល់គ្នាស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជាកាប់សាច់ រៀបដាក់ក្នុងឆ្នាំង ក៏ដូចជាសាច់នៅក្នុងថ្លាង។ នៅគ្រានោះ គេនឹងអំពាវនាវរកព្រះយេហូវ៉ា តែព្រះអង្គមិនព្រមតបឡើយ ព្រះអង្គនឹងគេចព្រះភក្ត្រចេញពីគេ ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់។
មីកា 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏ថាដូច្នេះទៀត ឱពួកជាប្រមុខនៃយ៉ាកុប នឹងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ ខ្ញុំសូមឲ្យអ្នករាល់គ្នាស្តាប់ខ្ញុំចុះ តើមិនគួរគប្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្តិធម៌ទេឬ អ្នករាល់គ្នាដែលស្អប់សេចក្ដីល្អ ហើយស្រឡាញ់សេចក្ដីអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកពីគេចេញ ហើយបេះសាច់ពីឆ្អឹងគេដែរ ក៏ស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជារៀបដាក់ក្នុងឆ្នាំង ហើយដូចជាសាច់ដែលដាក់ចុះក្នុងថ្លាង នៅគ្រានោះ គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ អើ ទ្រង់នឹងគេចព្រះភក្ត្រចេញពីគេ ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត។