មីកា 2:1-11

មីកា 2:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​គិត‌គូរ​គម្រោង‌ការ​ទុច្ចរិត ព្រម​ទាំង​ដេក​សញ្ជឹង​គិត​រក​ឧបាយ‌កល លុះ​ព្រឹក​ឡើង​ប្រើ​អំណាច​របស់​ខ្លួន សម្រេច​តាម​គម្រោង‌ការ​នេះ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! បើ​គេ​ប៉ុន‌ប៉ង​ចង់​បាន​ស្រែ​ចម្ការ​ណា គេ​ដណ្ដើម​យក​ស្រែ​ចម្ការ​នោះ បើ​គេ​ប៉ុន‌ប៉ង​ចង់​បាន​ផ្ទះ​ណា គេ​រឹប​អូស​យក​ផ្ទះ​នោះ គេ​ប្លន់​ម្ចាស់​ផ្ទះ និង​គ្រួសារ ហើយ​ដណ្ដើម​យក​មត៌ក​របស់​គាត់​ទៀត​ផង។ ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​កំពុង​តែ​រៀប​ផែន‌ការ​ដាក់​ទោស មនុស្ស​ប្រភេទ​នេះ។ ខ្មាំង​នឹង​ជាន់​ក​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ដើរ​ឱន​មុខ ដ្បិត​ពេល​នោះ​ជា​ពេល​វេទនា​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​នោះ មនុស្ស‌ម្នា​នឹង​យក​រឿង​របស់​អ្នក ទៅ​សើច​លេង ហើយ​ចង​ក្រង​បទ​សម្រាប់​ស្មូត្រ​រៀប​រាប់​ថា: “ពួក​យើង​បាត់​បង់​អ្វីៗ​ទាំង​អស់! ខ្មាំង​លេប​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ពួក​យើង! បច្ចា‌មិត្ត​ដេញ​ពួក​យើង​ចេញ​ពី​ស្រុក រួច​យក​ទឹក​ដី​ចែក​គ្នា!”»។ ហេតុ​នេះ ពេល​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់ បែង​ចែក​ដី​គ្នា គ្មាន​នរណា​ម្នាក់​វាស់​ដី​ចែក​ឲ្យ​អ្នក​ឡើយ។ មាន​អ្នក​ខ្លះ​ពោល​ថា: “កុំ​ចេះ​តែ​និយាយ​ព្រោក‌ប្រាជ្ញ​បែប​នេះ! កុំ​ពោល​ថា ពួក​យើង​គេច​មិន​ផុត​ពី ភាព​អាម៉ាស់​នោះ​ឡើយ! តើ​កូន​ចៅ​លោក​យ៉ាកុប​ត្រូវ​បណ្ដាសា​ឬ? តើ​អ្នក​ស្មាន​ថា ព្រះ‌អម្ចាស់​គ្មាន​ខន្តី​ឬ? ព្រះអង្គ​មិន​ប្រព្រឹត្ត​របៀប​នេះ​ទេ!”។ ខ្ញុំ​និយាយ​តែ​ពាក្យ​ល្អ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់។ «កន្លង​ទៅ​នេះ អ្នក​រាល់​គ្នា​តាំង​ខ្លួន​ជា​សត្រូវ នឹង​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​រាល់​គ្នា​យក​អាវ​ធំ​ចេញ​ពី​អស់​អ្នក​ដែល ត្រឡប់​មក​ពី​សមរ‌ភូមិ​យ៉ាង​សុខ​ស្រួល។ អ្នក​រាល់​គ្នា​ដេញ​ស្ត្រីៗ​របស់​ប្រជា‌រាស្ត្រ​យើង ចេញ​ពី​ផ្ទះ​ដែល​នាង​ស្រឡាញ់។ រីឯ​កិត្តិយស​ដែល​យើង​បាន​ប្រគល់​ឲ្យ កូនៗ​របស់​នាង ក៏​អ្នក​រាល់​គ្នា​ដក​ចេញ​ពី​ពួក​គេ រហូត​ត​ទៅ​ដែរ។ ចូរ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ចេញ​ទៅ! ដ្បិត​ស្រុក​នេះ​មិន​មែន​ជា​កន្លែង​សម្រាក​ទៀត​ទេ! អំពើ​សៅហ្មង​របស់​អ្នក​រាល់​គ្នា​បាន​បង្ក​ឲ្យ កើត​មហន្ត‌រាយ​យ៉ាង​ខ្លោច‌ផ្សា។ អ្នក​រាល់​គ្នា​និយម​តែ​ហោរា​ទស្សន៍‌ទាយ ដែល​ប្រសប់​និយាយ​កុហក​បោក​ប្រាស់​ថា “បើ​អ្នក​យក​ស្រា​ទំពាំង‌បាយជូរ និង​ស្រា​ខ្លាំង ឲ្យ​ខ្ញុំ​ផឹក ខ្ញុំ​នឹង​ទាយ​ឲ្យ​ស្ដាប់!” អ្នក​ព្រោក‌ប្រាជ្ញ​បែប​នេះ​សម​គ្នា​នឹង ប្រជា‌រាស្ត្រ​នេះ​ណាស់!»។

ចែក​រំលែក
អាន មីកា 2

មីកា 2:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង គេ​ធ្វើ​ការ​នោះ ព្រោះ​គេ​មាន​កម្លាំង​ដៃ​នឹង​ធ្វើ​បាន។ គេ​លោភ​ចង់​បាន​ស្រែ​ចម្ការ ក៏​ដណ្តើម​យក​បាន ព្រម​ទាំង​ផ្ទះ​ផង ហើយ​រឹប​យក​ទៅ គេ​សង្កត់‌សង្កិន​ទាំង​មនុស្ស និង​ផ្ទះ​របស់​គេ គឺ​ជា​មនុស្ស និង​មត៌ក​របស់​គេ​ដែរ។ ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មើល៍! យើង​ក៏​គិត‌គូរ​បង្កើត​ការ​អាក្រក់ ទាស់​នឹង​គ្រួសារ​នេះ​ដែរ ជា​ការ​ដែល​ឯង​រាល់​គ្នា​នឹង​មិន​ដែល ដក​ក​ចេញ​បាន​ឡើយ ឯង​រាល់​គ្នា​ក៏​មិន​ដើរ​ដោយ​វាយ‌ឫក​ទៀត​ដែរ ដ្បិត​គ្រា​នោះ​នឹង​បាន​ជា​គ្រា​អាក្រក់។ នៅ​ថ្ងៃ​នោះ គេ​នឹង​ចាប់​ផ្ដើម​ប្រើ​ពាក្យ ប្រៀប‌ធៀប​ចាក់​ដោត​អ្នក ហើយ​នឹង​ទួញ​ទំនួញ​យ៉ាង​អាក់‌អួល ដោយ​ពាក្យ​ថា "យើង​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​រលីង​ហើយ ព្រះ​យេហូវ៉ា​បាន​ផ្លាស់​មត៌ក​របស់​សាសន៍​ខ្ញុំ ព្រះ‌អង្គ​ដក​រើ​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ហ្ន៎! ព្រះ‌អង្គ​បាន​ចែក​ស្រែ​ចម្ការ​របស់​យើង ទៅ​ឲ្យ​បច្ចាមិត្តរបស់​យើង​ហើយ"»។ ដូច្នេះ អ្នក​នឹង​មិន​មាន​អ្នក​ណា សម្រាប់​កាន់​ខ្សែ​វាស់​តាម​ឆ្នោត នៅ​ក្នុង​ក្រុម​ជំនុំរបស់​ព្រះ‌យេហូវ៉ា​ឡើយ។ គេ​ថា «កុំ​ថ្លែងទំនាយ​ឲ្យ​សោះ ពួក​ហោរា​នឹង​លែង​ថ្លែងទំនាយ​ដល់​ពួក​យ៉ាង​នេះ​ហើយ តែ​ដំណៀល​នឹង​មិន​ផុត​ឡើយ»។ ឱ​ពួក​វង្ស​យ៉ាកុប​អើយ តើ​ហ៊ាន​និយាយ​យ៉ាង​នោះ​ឬ? ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា តើ​ព្រះ‌អង្គ​ត្រូវ​ទញ់‌ទាល់​ឬ? តើ​ព្រះ‌អង្គ​ឬ​អី ដែល​ធ្វើ​ការ​ទាំង​នោះ តើ​យើង​ប្រើ​ពាក្យ​មិន​ធ្វើ​ល្អ ទៅ​ចំពោះ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ឬ? ពី​មុន​មក រាស្ត្រ​របស់​យើង​បាន​លើក​គ្នា ដូច​ជា​ខ្មាំង​សត្រូវ ឯ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​ដោយ​សុខ‌សាន្ត នោះ​ឯង​រាល់​គ្នា​តែង‌តែ​កន្ត្រាក់​យក​អាវ​វែង​ចេញ ទុក​នៅ​តែ​អាវ​ខ្លី គឺ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ដែល​ត្រឡប់​មក​ពី​ចម្បាំង​វិញ។ ឯង​រាល់​គ្នា​ក៏​បណ្តេញ​ពួក​ស្រីៗ​ក្នុង​ប្រជា‌រាស្ត្រ​យើង ចេញ​ពី​ផ្ទះ​ដែល​គេ​ស្រឡាញ់ ហើយ​ដក​សិរី‌ល្អ​របស់​យើង ចេញ​ពី​ពួក​កូន​តូចៗ​របស់​គេ​ជា‌និច្ច​ដែរ។ ចូរ​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ចុះ ដ្បិត​នេះ​មិន​មែន​ជា​កន្លែង សម្រាប់​ឯង​រាល់​គ្នា​សម្រាក​ទេ ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​បង្ករ​ឲ្យ​មាន វិនាសកម្ម​យ៉ាង​ខ្លោច​ផ្សា។ បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​ភូតភរ មក​កុហក​ថា "ខ្ញុំ​នឹង​ថ្លែងទំនាយ​ប្រាប់​អ្នក បើ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ និង​ពី​គ្រឿង​ស្រវឹង" គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន​ជាតិ​នេះ។

ចែក​រំលែក
អាន មីកា 2

មីកា 2:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង នោះ​គេ​ធ្វើ​ការ​នោះ​ទៅ ពី​ព្រោះ​គេ​មាន​កំឡាំង​ដៃ​នឹង​ធ្វើ​បាន គេ​លោភ​ចង់​បាន​ស្រែ​ចំការ ក៏​ដណ្តើម​យក​បាន ព្រម​ទាំង​ផ្ទះ​ផង ហើយ​រឹប​យក​ទៅ គេ​សង្កត់‌សង្កិន​ទាំង​មនុស្សនឹង​ផ្ទះ​របស់​គេ គឺ​ជា​មនុស្សនឹង​មរដក​របស់​គេ​ដែរ ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​ក៏​គិត‌គូរ​បង្កើត​ការ​អាក្រក់​ទាស់​នឹង​គ្រួសារ​នេះ​ដែរ ជា​ការ​ដែល​ឯង​រាល់​គ្នា​នឹង​មិន​ដែល​ដក​ក​ចេញ​បាន​ឡើយ ឯង​រាល់​គ្នា​ក៏​នឹង​មិន​ដើរ ដោយ​វាយ‌ឫក​ទៀត​ដែរ ដ្បិត​គ្រា​នោះ​នឹង​បាន​ជា​គ្រា​អាក្រក់ នៅ​ថ្ងៃ​នោះ គេ​នឹង​ចាប់​តាំង​ប្រើ​ពាក្យ​ប្រៀប‌ធៀប​ចាក់​ដោត​ឯង ហើយ​នឹង​ទួញ​ទំនួញ​យ៉ាង​អាក់‌អួល​ដោយ​ពាក្យ​ថា យើង​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​រលីង​ហើយ ព្រះ​ទ្រង់​បាន​ផ្លាស់​មរដក​របស់​សាសន៍​ខ្ញុំ អើ ទ្រង់​បាន​ដក​រើ​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ចែក​ស្រែ​ចំការ​របស់​យើង ឲ្យ​ដល់​ពួក​អ្នក​បះ‌បោរ​វិញ ដូច្នេះ ឯង​នឹង​មិន​មាន​អ្នក​ណា​សំរាប់​កាន់​ខ្សែ​វាស់​តាម​ឆ្នោត នៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។ គេ​ថា កុំ​ឲ្យ​ទាយ​ឲ្យ​សោះ អើ ពួក​ហោរា​នឹង​លែង​ទាយ​ដល់​ពួក​យ៉ាង​នេះ​ហើយ តែ​សេចក្ដី​ដំនៀល​នឹង​មិន​ផុត​ឡើយ ឱ​ពួក​វង្ស​យ៉ាកុប​អើយ តើ​ហ៊ាន​និយាយ​យ៉ាង​នោះ​ឬ ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា តើ​ទ្រង់​ត្រូវ​ទញ់‌ទាល់​ឬ តើ​ទ្រង់​ឬ​អី ដែល​ធ្វើ​ការ​ទាំង​នោះ តើ​ពាក្យ​អញ​មិន​ធ្វើ​ល្អ ដល់​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ទេ​ឬ​អី ពី​មុន​មក រាស្ត្រ​អញ​បាន​លើក​គ្នា ដូច​ជា​ខ្មាំង​សត្រូវ​វិញ ឯ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ ដោយ​សុខ‌សាន្ត នោះ​ឯង​រាល់​គ្នា​តែង‌តែ​កន្ត្រាក់​យក​អាវ​វែង​ចេញ ទុក​នៅ​តែ​អាវ​ខ្លី គឺ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ដែល​ត្រឡប់​មក​ពី​ចំបាំង​វិញ ឯង​រាល់​គ្នា​ក៏​បណ្តេញ​ពួក​ស្រីៗ​ក្នុង​រាស្ត្រ​អញ ចេញ​ពី​ផ្ទះ​ដ៏​គាប់​ចិត្ត​របស់​គេ ហើយ​ដក​សិរី‌ល្អ​របស់​អញ ចេញ​ពី​ពួក​កូន​តូចៗ​របស់​គេ​នៅ​ជានិច្ច​ដែរ ចូរ​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ចុះ ដ្បិត​នេះ​មិន​មែន​ជា​ទី​ឲ្យ​ឯង​រាល់​គ្នា​បាន​សំរាក​នៅ​ទេ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​ដែល​បំផ្លាញ ដោយ​ការ​បំផ្លាញ​យ៉ាង​អាក្រក់ បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​និស្ស័យ​កំភូត មក​កុហក​ថា ខ្ញុំ​នឹង​ទាយ​ប្រាប់​អ្នក​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ពី​គ្រឿង​ស្រវឹង គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន‌ជាតិ​នេះ។

ចែក​រំលែក
អាន មីកា 2