មីកា 2:1-11

មីកា 2:1-11 ពគប

វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង នោះ​គេ​ធ្វើ​ការ​នោះ​ទៅ ពី​ព្រោះ​គេ​មាន​កំឡាំង​ដៃ​នឹង​ធ្វើ​បាន គេ​លោភ​ចង់​បាន​ស្រែ​ចំការ ក៏​ដណ្តើម​យក​បាន ព្រម​ទាំង​ផ្ទះ​ផង ហើយ​រឹប​យក​ទៅ គេ​សង្កត់‌សង្កិន​ទាំង​មនុស្សនឹង​ផ្ទះ​របស់​គេ គឺ​ជា​មនុស្សនឹង​មរដក​របស់​គេ​ដែរ ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​ក៏​គិត‌គូរ​បង្កើត​ការ​អាក្រក់​ទាស់​នឹង​គ្រួសារ​នេះ​ដែរ ជា​ការ​ដែល​ឯង​រាល់​គ្នា​នឹង​មិន​ដែល​ដក​ក​ចេញ​បាន​ឡើយ ឯង​រាល់​គ្នា​ក៏​នឹង​មិន​ដើរ ដោយ​វាយ‌ឫក​ទៀត​ដែរ ដ្បិត​គ្រា​នោះ​នឹង​បាន​ជា​គ្រា​អាក្រក់ នៅ​ថ្ងៃ​នោះ គេ​នឹង​ចាប់​តាំង​ប្រើ​ពាក្យ​ប្រៀប‌ធៀប​ចាក់​ដោត​ឯង ហើយ​នឹង​ទួញ​ទំនួញ​យ៉ាង​អាក់‌អួល​ដោយ​ពាក្យ​ថា យើង​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​រលីង​ហើយ ព្រះ​ទ្រង់​បាន​ផ្លាស់​មរដក​របស់​សាសន៍​ខ្ញុំ អើ ទ្រង់​បាន​ដក​រើ​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ចែក​ស្រែ​ចំការ​របស់​យើង ឲ្យ​ដល់​ពួក​អ្នក​បះ‌បោរ​វិញ ដូច្នេះ ឯង​នឹង​មិន​មាន​អ្នក​ណា​សំរាប់​កាន់​ខ្សែ​វាស់​តាម​ឆ្នោត នៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។ គេ​ថា កុំ​ឲ្យ​ទាយ​ឲ្យ​សោះ អើ ពួក​ហោរា​នឹង​លែង​ទាយ​ដល់​ពួក​យ៉ាង​នេះ​ហើយ តែ​សេចក្ដី​ដំនៀល​នឹង​មិន​ផុត​ឡើយ ឱ​ពួក​វង្ស​យ៉ាកុប​អើយ តើ​ហ៊ាន​និយាយ​យ៉ាង​នោះ​ឬ ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា តើ​ទ្រង់​ត្រូវ​ទញ់‌ទាល់​ឬ តើ​ទ្រង់​ឬ​អី ដែល​ធ្វើ​ការ​ទាំង​នោះ តើ​ពាក្យ​អញ​មិន​ធ្វើ​ល្អ ដល់​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ទេ​ឬ​អី ពី​មុន​មក រាស្ត្រ​អញ​បាន​លើក​គ្នា ដូច​ជា​ខ្មាំង​សត្រូវ​វិញ ឯ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ ដោយ​សុខ‌សាន្ត នោះ​ឯង​រាល់​គ្នា​តែង‌តែ​កន្ត្រាក់​យក​អាវ​វែង​ចេញ ទុក​នៅ​តែ​អាវ​ខ្លី គឺ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ដែល​ត្រឡប់​មក​ពី​ចំបាំង​វិញ ឯង​រាល់​គ្នា​ក៏​បណ្តេញ​ពួក​ស្រីៗ​ក្នុង​រាស្ត្រ​អញ ចេញ​ពី​ផ្ទះ​ដ៏​គាប់​ចិត្ត​របស់​គេ ហើយ​ដក​សិរី‌ល្អ​របស់​អញ ចេញ​ពី​ពួក​កូន​តូចៗ​របស់​គេ​នៅ​ជានិច្ច​ដែរ ចូរ​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ចុះ ដ្បិត​នេះ​មិន​មែន​ជា​ទី​ឲ្យ​ឯង​រាល់​គ្នា​បាន​សំរាក​នៅ​ទេ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​ដែល​បំផ្លាញ ដោយ​ការ​បំផ្លាញ​យ៉ាង​អាក្រក់ បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​និស្ស័យ​កំភូត មក​កុហក​ថា ខ្ញុំ​នឹង​ទាយ​ប្រាប់​អ្នក​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ពី​គ្រឿង​ស្រវឹង គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន‌ជាតិ​នេះ។

អាន មីកា 2