មីកា 1:9-16

មីកា 1:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​ដំបៅ​របស់​សាម៉ារី​មិន​អាច​មើល​ជា​បាន​ទេ ដំបៅ​នេះ​ស៊ី​រហូត​ដល់​ស្រុក​យូដា និង​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡឹម ជា​ទី​លំ‌នៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ កុំ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ ហើយ​ក៏​កុំ​បង្ហូរ​ទឹក​ភ្នែក​ដែរ។ កុំ​ដេក​ននៀល​លើ​ដី​នៅ​ក្រុង​បេត-‌លេ-‌អាប្រា ឲ្យ​សោះ។ អ្នក​ស្រុក​សា‌ភៀរ​អើយ ចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ! អ្នក​ក្រុង​សាណាន​មិន​ហ៊ាន​ចេញ​ពី​ទីក្រុង​ទេ។ អ្នក​ក្រុង​បេត-‌អេត‌សែល​នាំ​គ្នា​កាន់​ទុក្ខ ពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់ អ្នក​រាល់​គ្នា​បាន​ទេ។ អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ​ខ្លាច​បាត់​បង់​សុភមង្គល ដ្បិត​ទុក្ខ​វេទនា​ដែល​ព្រះ‌អម្ចាស់​បញ្ជូន​មក​នោះ មក​ដល់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ។ អ្នក​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​ទៅ! អ្នក​បាន​នាំ​អាទិ៍​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែល ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ក្រុង​របស់​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​បែក​ចេញ​ពី ប្រជា‌ជន​នៅ​ក្រុង​ម៉ូរ៉ា‌ស៊ីត-‌កាថ។ ចំណែក​ឯ​អ្នក​ក្រុង​អាក់‌ស៊ីប​វិញ គេ​នឹង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ខក​ចិត្ត។ អ្នក​ស្រុក​ម៉ារី‌សា​អើយ ព្រះ‌អម្ចាស់​នឹង​នាំ​សត្រូវ​មក​ឈ្លាន‌ពាន​អ្នក មេ​ដឹក​នាំ​ដ៏​រុងរឿង​របស់​អ៊ីស្រា‌អែល នឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូ‌ឡាំ។ អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​កោរ​សក់ យំ​សោក​ស្រណោះ​កូន​ប្រុសៗ ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ចូរ​ទុក​ក្បាល​ឲ្យ​នៅ​ត្រងោល​ដូច​ក្បាល​ត្មាត ដ្បិត​កូន​ប្រុសៗ​របស់​អ្នក​ត្រូវ​ខ្មាំង​កៀរ​យក ទៅ​ជា​ឈ្លើយ​ឆ្ងាយ​ពី​អ្នក​ហើយ!។

ចែក​រំលែក
អាន មីកា 1

មីកា 1:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​មើល​មិន​ជា​ឡើយ ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ដែរ។ កុំ​ថ្លែង​ប្រាប់​រឿង​នេះ​នៅ​ក្រុង​កាថ​ឡើយ ក៏​កុំ​យំ​ឲ្យ​សោះ ចូរ​ឯង​ននៀល​ខ្លួន​នៅ​ក្នុង​ធូលី​ដី ត្រង់​បេតលេ-អាប្រា​ចុះ។ ឱ​ពួក​អ្នក​ក្រុង​សាភា​អើយ ចូរ​ដើរ​បង្ហួស​ទៅ ដោយ​ខ្លួន​អាក្រាត ហើយ​មាន​សេចក្ដី​ខ្មាស​ចុះ ពួក​អ្នក​នៅ​ត្រង់​ស្អាណាន មិន​បាន​ចេញ​មក​សោះ ការ​យំ​សោក​នឹង​បេត-អេតសែល នឹង​ដក​ទី​ពឹង​របស់​ឯង​រាល់​គ្នា​ចេញ។ ដ្បិត​ពួក​អ្នក​នៅ​ម៉ារូត​ទន្ទឹង​ចាំ​សេចក្ដី​ល្អ ព្រោះ​សេចក្ដី​អាក្រក់​បាន​ចុះ​ពី​ព្រះ‌យេហូវ៉ា មក​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ហើយ។ ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រា‌អែល បាន​ឃើញ​មាន​នៅ​ក្នុង​ឯង។ ដូច្នេះ ឯង​នឹង​លះ‌លែង​ក្រុង​ម៉ូរ៉ាស៊ីត-កាថ ឯ​ផ្ទះ​អាក់ស៊ីប​ទាំង​ប៉ុន្មាន​នោះ​នឹង​បាន​នៅ ជា​សេចក្ដី​កំភូតដល់​ពួក​ស្តេច​អ៊ីស្រា‌អែល។ ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​ម្ដង​ទៀត យើង​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រា‌អែល​នឹង​មក​ដល់​អាឌូឡាម។ ចូរ​កោរ​រំលីង​នៅ​កំពូល​ក្បាល ហើយ​កាត់​សក់​ចុះ ដោយ​ព្រោះ​កូន​ចៅ​ជា​ទី​គាប់​ចិត្ត​របស់​ឯង ចូរ​ពង្រីក​កន្លែង​កោរ​រំលីង​នោះ​ឲ្យ​ធំ​ឡើង​ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​វា​រាល់​គ្នា​បាន​ព្រាត់​ប្រាស​ចាក​ចេញ ពី​ឯង​ទៅ​ជា​ឈ្លើយ​អស់​ហើយ។

ចែក​រំលែក
អាន មីកា 1

មីកា 1:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​នឹង​មើល​មិន​ជា​ឡើយ ពី​ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ដែរ។ កុំ​ឲ្យ​ថ្លែង​ប្រាប់​រឿង​នេះ​នៅ​ក្រុង​កាថ​ឡើយ ក៏​កុំ​ឲ្យ​យំ​ឲ្យ​សោះ ចូរ​ឲ្យ​ឯង​ននៀល​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ត្រង់​បេតលេ-អាប្រា​ចុះ ឱ​ពួក​អ្នក​ក្រុង​សាភា​អើយ ចូរ​ដើរ​បង្ហួស​ទៅ ដោយ​ខ្លួន​អាក្រាត ហើយ​មាន​សេចក្ដី​ខ្មាស​ចុះ ពួក​អ្នក​នៅ​ត្រង់​ស្អាណាន មិន​បាន​ចេញ​មក​សោះ ការ​យំ​សោក​នឹង​បេត-អេត‌សែល នឹង​ដក​ទី​ពឹង​របស់​ឯង​រាល់​គ្នា​ចេញ ដ្បិត​ពួក​អ្នក​នៅ​ម៉ារូត​ទន្ទឹង​ចាំ​សេចក្ដី​ល្អ ពី​ព្រោះ​សេចក្ដី​អាក្រក់​បាន​ចុះ​ពី​ព្រះ‌យេហូវ៉ា មក​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ហើយ ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​ដោយ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រាអែល​បាន​ឃើញ​មាន​នៅ​ក្នុង​ឯង ដូច្នេះ ឯង​នឹង​លះ‌លែង​ក្រុង​ម៉ូរ៉ា‌ស៊ីត-កាថ​បង់ ឯ​ផ្ទះ​អាក់‌ស៊ីប​ទាំង​ប៉ុន្មាន​នោះ​នឹង​បាន​នៅ​ជា​សេចក្ដី​កំភូត ដល់​ពួក​ស្តេច​អ៊ីស្រាអែល ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​១​ដង​ទៀត អញ​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រាអែល​នឹង​មក​ដល់​អាឌូឡាម ចូរ​កោរ​រំលីង​នៅ​កំពូល​ក្បាល ហើយ​កាត់​សក់​ចុះ ដោយ​ព្រោះ​កូន​ចៅ​ជា​ទី​គាប់​ចិត្ត​របស់​ឯង ចូរ​ពង្រីក​កន្លែង​កោរ​រំលីង​នោះ​ឲ្យ​ធំ​ឡើង​ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​វា​រាល់​គ្នា​បាន​ព្រាត់‌ប្រាស​ចាក​ចេញ​ពី​ឯង​ទៅ​ជា​ឈ្លើយ​អស់​ហើយ។

ចែក​រំលែក
អាន មីកា 1