មីកា 1:6-8
មីកា 1:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ យើងនឹងធ្វើឲ្យក្រុងសាម៉ារីដូចជាគំនរនៅទីវាល ជាកន្លែងសម្រាប់ធ្វើចម្ការទំពាំងបាយជូរ យើងនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងច្រកភ្នំ ហើយនឹងបើកឲ្យឃើញឫសជញ្ជាំង។ អស់ទាំងរូបឆ្លាក់របស់គេ នឹងត្រូវវាយបំបែកខ្ទេចខ្ទី ឯអស់ទាំងរង្វាន់ឈ្នួលរបស់វានឹងត្រូវដុតក្នុងភ្លើង យើងនឹងបំផ្លាញរបស់គេទាំងអស់ ព្រោះគេបានសន្សំរូបទាំងនោះ ដោយសាររង្វាន់ឈ្នួលរបស់ស្រីពេស្យា ហើយវានឹងត្រឡប់ជារង្វាន់ឈ្នួល របស់ស្រីពេស្យាវិញទៀត។ ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយអាក្រាតកាយ ខ្ញុំនឹងស្រែកដូចជាឆ្កែចចក ហើយនឹងយំរងំដូចជាអូទ្រុស។
មីកា 1:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងធ្វើឲ្យសាម៉ារីក្លាយទៅជាគំនរឥដ្ឋ ជាចម្ការមួយដែលគេដាំទំពាំងបាយជូរ យើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះ ទម្លាក់ទៅក្នុងជ្រោះ ហើយបំផ្លាញទីក្រុងឲ្យនៅសល់តែគ្រឹះ។ រូបបដិមាទាំងប៉ុន្មាននឹងត្រូវបាក់បែក គ្រឿងសក្ការៈបូជាទាំងប៉ុន្មានដែលគេយក មកសែនរូបទាំងនោះ នឹងត្រូវដុតក្នុងភ្លើង។ យើងនឹងកម្ទេចព្រះក្លែងក្លាយទាំងអស់ រូបព្រះទាំងនោះជាផលនៃអំពើពេស្យាចារ ដូច្នេះ គេនឹងយករូបទាំងនោះទៅបង់ថ្លៃ ស្រីពេស្យា។ ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង ខ្ញុំដើរជើងទទេ និងខ្លួនទទេ ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
មីកា 1:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ អញនឹងធ្វើឲ្យក្រុងសាម៉ារីបានដូចជាគំនរនៅទីវាល ជាកន្លែងសំរាប់ធ្វើចំការទំពាំងបាយជូរ អញនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងច្រកភ្នំ ហើយនឹងបើកឲ្យឃើញឫសជញ្ជាំង នោះអស់ទាំងរូបឆ្លាក់របស់គេ នឹងត្រូវវាយបំបែកខ្ទេចខ្ទីទៅ ឯអស់ទាំងរង្វាន់ឈ្នួលរបស់វានឹងត្រូវដុតដោយភ្លើង អញនឹងបំផ្លាញអស់ទាំងរបស់គេបង់ ពីព្រោះគេបានសន្សំអស់ទាំងរូបនោះ ដោយសាររង្វាន់ឈ្នួលរបស់ស្រីសំផឹង ហើយវានឹងត្រូវត្រឡប់ជារង្វាន់ឈ្នួលរបស់ស្រីសំផឹងវិញទៀត។ ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយកាយអាក្រាត ខ្ញុំនឹងស្រែកលូដូចជាស្វាន ហើយនឹងយំរងំដូចជាអូសទ្រីច