មីកា 1:2-5

មីកា 1:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់! ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់! ព្រះ‌ជា‌អម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា ពី​ទីសក្ការៈ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់​ចុះ​មក ព្រះអង្គ​យាង​នៅ​តាម​ទី​ខ្ពស់​នៃ​ផែនដី។ ភ្នំ​ទាំង‌ឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ព្រះ‌បាទា ហើយ​ជ្រលង​ភ្នំ​ទាំង‌ឡាយ​ក៏​ត្រូវ​រលាយ ដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើង ឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ​ដែរ។ ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​លោក​យ៉ាកុប និង​អំពើ​បាប​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ តើ​នរណា​នាំ​ឲ្យ​កូន​ចៅ របស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត? គឺ​ក្រុង​សាម៉ារី! តើ​នរណា​នាំ​ឲ្យ​យូដា​គោរព ព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ទី​ខ្ពស់? គឺ​ក្រុង​យេរូ‌សាឡឹម!

ចែក​រំលែក
អាន មីកា 1

មីកា 1:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជន​ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ទាំង​អស់​គ្នា​ចុះ ឱ​ផែនដី និង​សព្វ​សារពើ​ដែល​នៅ​ផែនដី​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ហើយ​បើក​ឱកាស​ឲ្យ​ព្រះ‌អម្ចាស់‌យេហូវ៉ា ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ឲ្យ​ព្រះ‌អម្ចាស់​ធ្វើ​បន្ទាល់ ពី​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ មើល៍! ព្រះ‌យេហូវ៉ា​កំពុង​យាង​ចេញ​ពី​ទី​កន្លែង​របស់​ព្រះ‌អង្គ យាង​ចុះ​មក​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ដែរ។ ភ្នំ​ទាំង​ប៉ុន្មាន​នឹង​រលាយ​ពី​ក្រោម​ព្រះ‌អង្គ​ទៅ ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នឹង​សញ្ជែក​ចេញ ដូច​ជា​ក្រមួន​ដែល​ត្រូវ​ភ្លើង ហើយ​ដូច​ទឹក​ដែល​ចាក់​ចុះ​តាម​ទី​ចោត។ នេះ​គឺ​ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​យ៉ាកុប និង​អំពើ​បាប​របស់​ពួក​វង្ស​អ៊ីស្រា‌អែល អំពើ​រំលង​របស់​ពួក​យ៉ាកុប​នោះ​ជា​អ្វី? តើ​មិន​មែន​ជា​ក្រុង​សាម៉ារី​ទេ​ឬ? ហើយ​អស់​ទាំង​ទី​ខ្ពស់​របស់​ពួក​យូដា​ជា​អ្វី? តើ​មិន​មែន​ជា​ក្រុង​យេរូ‌សាឡិម​ទេ​ឬ?

ចែក​រំលែក
អាន មីកា 1

មីកា 1:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម្នាល​ជន‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ទាំង​អស់​គ្នា​ចុះ ឱ​ផែនដី នឹង​សព្វ​សារពើ​ដែល​នៅ​ផែនដី​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ហើយ​បើក​ឱកាស​ឲ្យ​ព្រះ‌អម្ចាស់​យេហូវ៉ា ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ឲ្យ​ព្រះ‌អម្ចាស់​ធ្វើ​បន្ទាល់​ពី​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ទ្រង់ ដ្បិត​មើល ព្រះ‌យេហូវ៉ា ទ្រង់​កំពុង​យាង​ចេញ​ពី​ទី​កន្លែង​របស់​ទ្រង់ ក៏​នឹង​យាង​ចុះ​មក​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ដែរ អស់​ទាំង​ភ្នំ​នឹង​រលាយ​ពី​ក្រោម​ទ្រង់​ទៅ ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នឹង​សញ្ជែក​ចេញ ដូច​ជា​ក្រមួន​ដែល​ត្រូវ​ភ្លើង ហើយ​ដូច​ទឹក​ដែល​ចាក់​ចុះ​តាម​ទី​ចោត នេះ​គឺ​ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​យ៉ាកុប នឹង​អំពើ​បាប​របស់​ពួក​វង្ស​អ៊ីស្រាអែល អំពើ​រំលង​របស់​ពួក​យ៉ាកុប​នោះ​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​សាម៉ារី​ទេ​ឬ​អ្វី ហើយ​អស់​ទាំង​ទី​ខ្ពស់​របស់​ពួក​យូដា​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​យេរូ‌សាឡិម​ទេ​ឬ​អី

ចែក​រំលែក
អាន មីកា 1