ម៉ាថាយ 9:9-17

ម៉ាថាយ 9:9-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌យេស៊ូវ​យាង​ផុត​ពី​ទី​នោះ ទ្រង់​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​ទារ​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ‌អង្គ។ ពេល​ព្រះ‌អង្គ​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ មាន​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ជា​ច្រើន បាន​មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ និង​ពួក​សិស្ស​របស់​ព្រះ‌អង្គ។ ពេល​ពួក​ផារិស៊ី​ឃើញ​ដូច្នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?» ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​មាន​សុខ‌ភាព​ល្អ មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អស់​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ទើប​ត្រូវ​ការ។ ចូរ​ទៅ​រៀន​ពី​ន័យ​របស់​ពាក្យ​នេះ​ថា "យើង​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញបូជា​ទេ"។ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ តែ​មក​ហៅ​មនុស្ស​បាប​វិញ»។ ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះ‌អង្គ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ និង​ពួក​ផារិស៊ី​តម​អាហារ​ជា​ញឹក​ញាប់ តែ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​មិន​តម​ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «តើ​ភ្ញៀវ​ដែល​មក​ចូល​រួម​ពិធី​មង្គលការ អាច​កាន់​ទុក្ខ​កើត​ដែរ​ឬ ពេល​កូន​កំលោះ​នៅ​ជា​មួយ​ពួក​គេ​នៅ​ឡើយ? ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ។ គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី មក​ប៉ះ​លើ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នោះ​នឹង​ទាញ​សម្លៀក‌បំពាក់​ចាស់ ហើយ​វា​រឹត​តែ​ធ្វើ​ឲ្យ​រហែក​លើស​ដើម។ ក៏​គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​នឹង​ធ្លុះ ហើយ​ស្រា​ក៏​ធ្លាយ ថង់​ក៏​ខូច។ ប៉ុន្តែ គេ​តែង​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ ធ្វើ​ដូច្នេះ​ទើប​ទាំង​ពីរ​នៅ​គង់​បាន»។

ចែក​រំលែក
អាន ម៉ាថាយ 9

ម៉ាថាយ 9:9-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​យាង​ពី​ទី​នោះ​ទៅ​មុខ​បន្តិច ព្រះអង្គ​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ*។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ព្រះអង្គ​ទៅ។ បន្ទាប់​មក ព្រះអង្គ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​លោក​ម៉ាថាយ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ដែរ។ ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សិស្ស​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។ ព្រះ‌យេស៊ូ​ឮ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ចូរ​អ្នក​រាល់​គ្នា​ទៅ​រិះគិត​មើល សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​សេចក្ដី​មេត្តា‌ករុណា​ប៉ុណ្ណោះ” មាន​ន័យ​ដូច​ម្ដេច? ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប»។ ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ? ទេ!។ ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ​វិញ។ ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នឹង​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​នោះ​រហែក​លើស​ដើម​ទៅ​ទៀត។ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ គេ​តែងតែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។

ចែក​រំលែក
អាន ម៉ាថាយ 9

ម៉ាថាយ 9:9-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ព្រះ‌យេស៊ូវ​យាង​ហួស​ពី​ទី​នោះ​ទៅ ទ្រង់​ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ នោះ​ទ្រង់​មាន​បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់​ទៅ កាល​ព្រះ‌យេស៊ូវ​កំពុង​គង់​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ នោះ​មាន​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ជា​ច្រើន បាន​មក​អង្គុយ​ជា​មួយ​នឹង​ទ្រង់ នឹង​ពួក​សិស្ស​ទ្រង់​ផង កាល​ពួក​ផារិស៊ី​បាន​ឃើញ​ដូច្នោះ គេ​ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​នឹង​ពួក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប​ដូច្នេះ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ក៏​បាន​ឮ ហើយ​ទ្រង់​មាន​បន្ទូល​តប​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រៀន​ន័យ​បទ ដែល​ថា «អញ​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញ‌បូជា​ទេ» ពី​ព្រោះ​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​វិញ។ នៅ​គ្រា​នោះ ពួក​សិស្ស​របស់​យ៉ូហាន ក៏​មក​ឯ​ទ្រង់​ទូល​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ នឹង​ពួក​ផារិស៊ី តម​តែ​ញយៗ តែ​ពួក​សិស្ស​ទ្រង់​មិន​ដែល​តម​សោះ​ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា នោះ​តើ​សំឡាញ់​នៃ​គាត់​នឹង​ធ្វើ​ទឹក​មុខ​ព្រួយ​បាន​ឬ​ទេ ប៉ុន្តែ​នឹង​មាន​គ្រា​មក​ដល់ ដែល​ប្ដី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ ទើប​គេ​នឹង​តម​អាហារ​វិញ គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ដ្បិត​កំណាត់​ថ្មី​នោះ នឹង​ហែក​អាវ​ចាស់​ចេញ ហើយ​រំហែក​នោះ​នឹង​រឹង‌រឹត‌តែ​អាក្រក់​ជាង​ទៅ​ទៀត ក៏​មិន​ដែល​មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ហូរ​ស្រា​ទំពាំង‌បាយ‌ជូរ​ចេញ​អស់ ហើយ​ទាំង​ថង់​នោះ​ក៏​ត្រូវ​ខូច​ខាត​ដែរ គឺ​គេ​តែង​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទើប​ទាំង​២​បាន​គង់​នៅ។

ចែក​រំលែក
អាន ម៉ាថាយ 9