លុះព្រះយេស៊ូវយាងហួសពីទីនោះទៅ ទ្រង់ក៏ទតឃើញមនុស្សម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងយកពន្ធ នោះទ្រង់មានបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំ គាត់ក៏ក្រោកឡើងដើរតាមទ្រង់ទៅ កាលព្រះយេស៊ូវកំពុងគង់សោយអាហារនៅក្នុងផ្ទះ នោះមានពួកអ្នកយកពន្ធ នឹងមនុស្សមានបាបជាច្រើន បានមកអង្គុយជាមួយនឹងទ្រង់ នឹងពួកសិស្សទ្រង់ផង កាលពួកផារិស៊ីបានឃើញដូច្នោះ គេក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយនឹងពួកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ តែព្រះយេស៊ូវទ្រង់ក៏បានឮ ហើយទ្រង់មានបន្ទូលតបថា ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ។ នៅគ្រានោះ ពួកសិស្សរបស់យ៉ូហាន ក៏មកឯទ្រង់ទូលថា ហេតុអ្វីបានជាយើងខ្ញុំ នឹងពួកផារិស៊ី តមតែញយៗ តែពួកសិស្សទ្រង់មិនដែលតមសោះដូច្នេះ ព្រះយេស៊ូវទ្រង់ឆ្លើយថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា នោះតើសំឡាញ់នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ ប៉ុន្តែនឹងមានគ្រាមកដល់ ដែលប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ ទើបគេនឹងតមអាហារវិញ គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មី មកប៉ះអាវចាស់ទេ ដ្បិតកំណាត់ថ្មីនោះ នឹងហែកអាវចាស់ចេញ ហើយរំហែកនោះនឹងរឹងរឹតតែអាក្រក់ជាងទៅទៀត ក៏មិនដែលមានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ហូរស្រាទំពាំងបាយជូរចេញអស់ ហើយទាំងថង់នោះក៏ត្រូវខូចខាតដែរ គឺគេតែងដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកថ្មីវិញ នោះទើបទាំង២បានគង់នៅ។
អាន ម៉ាថាយ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 9:9-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ