ម៉ាថាយ 7:13-27

ម៉ាថាយ 7:13-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ធំ ហើយ​ផ្លូវ​ទូលាយ នោះ​នាំ​ទៅ​រក​សេចក្តី​វិនាស ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ។ រីឯ​ទ្វារ​ដែល​តូច ហើយ​ផ្លូវ​ចង្អៀត នោះ​នាំ​ទៅ​រក​ជីវិត ហើយ​មាន​មនុស្ស​តិច​ទេ​ដែល​រក​ផ្លូវ​នោះ​ឃើញ»។ «ចូរ​ប្រយ័ត្ន​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ ដែល​ពាក់​រោម​ចៀម​មក​រក​អ្នក​រាល់​គ្នា តែ​ខាង​ក្នុង​របស់​គេ​ជា​ឆ្កែ​ចចក​ដ៏​ស្រេក​ឃ្លាន។ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន​ដោយ‌សារ​ផល​ផ្លែ​របស់​គេ។ តើ​គេ​ប្រមូល​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដើម​ដំបង​យក្ស​ឬ? ដូចេ្នះ អស់​ទាំង​ដើម​ឈើ​ល្អ តែង​ផ្តល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អាក្រក់ ក៏​តែង​ផ្តល់​ផ្លែ​អាក្រក់​ដែរ។ ដើម​ឈើ​ល្អ​មិន​អាច​ផ្តល់​ផ្លែ​អាក្រក់​បាន​ទេ ហើយ​ដើម​ឈើ​អាក្រក់ ក៏​មិន​អាច​ផ្តល់​ផ្លែ​ល្អ​បាន​ដែរ អស់​ទាំង​ដើម​ឈើ​ណា​ដែល​មិន​ផ្តល់​ផ្លែ​ល្អ ត្រូវ​កាប់​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន​ដោយ‌សារ​ផល​ផ្លែ​របស់​គេ»។ «មិន​មែន​គ្រប់​គ្នា​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់" ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​មាន​តែ​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​នោះ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា "ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​មិន​បាន​ថ្លែង​ទំនាយ​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ដេញ​អារក្ស​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ទេ​ឬ?" ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​គេ​ថា "យើង​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ទៅ" »។ «ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​នឹង​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​រលំ​ឡើយ ព្រោះ​ផ្ទះ​នោះ​បាន​ចាក់​គ្រឹះ​នៅ​លើ​ថ្ម។ រីឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​ល្ងង់‌ខ្លៅ ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ខ្សាច់។ ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​ទង្គិច​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ខ្លាំង»។

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:13-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ​ធំ​ណាស់ ហើយ​ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស​ក៏​ទូលាយ​ដែរ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។ រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។ «ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី*​ក្លែង‌ក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​ពី​គុម្ព​បន្លា​ឡើយ។ ដើម​ឈើ​ល្អ​តែង​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អា‌ក្រក់​តែង​ផ្ដល់​ផ្លែ​អា‌ក្រក់។ ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អា‌ក្រក់​ទេ រីឯ​ដើម​ឈើ​អា‌ក្រក់​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ គេ​នឹង​កាប់​យក​ទៅ​ដុត។ រីឯ​ពួក​ព្យាការី​ក្លែង‌ក្លាយ​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត»។ «អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* មិន​មែន​ជា​អ្នក​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!”​ប៉ុណ្ណោះ​ទេ គឺ​ជា​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​នោះ​វិញ។ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ពោល​មក​ខ្ញុំ​ថា “ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ធ្លាប់​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះអង្គ យើង​ខ្ញុំ​ធ្លាប់​ដេញ​អារក្ស​ក្នុង​ព្រះ‌នាម​ព្រះអង្គ ហើយ​យើង​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះ‌នាម​ព្រះអង្គ​ដែរ”។ ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ!” »។ «អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។ ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។ រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់ ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់​មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់»។

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:13-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន‌វិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ។ ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង‌ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ‌សារ​ផល​គេ​បង្កើត តើ​ដែល​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបង‌យក្ស​ឬ​ទេ ដូច្នេះ អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ ធម្មតា​ដើម​ឈើ​ល្អ មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​នឹង​បញ្ចេញ​ផល​ល្អ​បាន​ដែរ អស់​ទាំង​ដើម​ឈើ​ណា ដែល​មិន​កើត​ផល​ផ្លែ​ល្អ នោះ​ត្រូវ​តែ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយ‌សារ​ផល​គេ​បង្កើត មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ​ទេ​តើ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ទេ​ឬ​អី នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ។ ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ធំ។

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:13-27

ម៉ាថាយ 7:13-27 គខបម៉ាថាយ 7:13-27 គខប