ម៉ាថាយ 4:1-11

ម៉ាថាយ 4:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ទី​រហោ‌ស្ថាន ដើម្បី​ឲ្យ​អារក្ស​ល្បួង។ ក្រោយ​ពី​បាន​តម​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ទ្រង់​ក៏​ឃ្លាន។ មេ​ល្បួង​ក៏​ចូល​មក ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំបុ័ង​ទៅ!»។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌មក​ដែរ"» ។ បន្ទាប់​មក អារក្ស​ក៏​នាំ​ព្រះ‌អង្គ​ទៅ​កាន់​ក្រុង​បរិសុទ្ធ ហើយ​ដាក់​ព្រះ‌អង្គ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា៖ «បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ពី​ដំណើរ​អ្នក" ហើយ​ថា "ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម"» ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​ដូច្នេះ​ទៀត​ថា "កុំ​ល្បងល​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក​ឡើយ"» ។ មួយ​ទៀត អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​ពិភព​លោក និង​សិរី‌ល្អ​របស់​នគរ​ទាំង​នោះ ថ្វាយ​ព្រះ‌អង្គ​ទត រួច​វា​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រគល់​របស់​ទាំង​នេះ​ដល់​អ្នក»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ"» ។ ពេល​នោះ អារក្ស​ក៏​ថយ​ចេញ​ពី​ព្រះ‌អង្គ​ទៅ ហើយ​រំពេច​នោះ ស្រាប់​តែ​មាន​ពួក​ទេវតា​ចូល​មក​បម្រើ​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌យេស៊ូ​ទៅ​វាល​រហោ‌ស្ថាន​ឲ្យ​មារ*​សាតាំង​ល្បួង បន្ទាប់​ពី​បាន​តម​អាហារ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ព្រះអង្គ​ក៏​ឃ្លាន។ មេ​ល្បួង​ចូល​មក​ជិត​ព្រះអង្គ ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំប៉័ង​មើល៍!»។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ព្រះ‌បន្ទូល ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌ជាម្ចាស់​ដែរ” »។ ពេល​នោះ មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏វិសុទ្ធ* ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះ‌វិហារ* ហើយ​ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌ជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតា*​ចាំ​ទ្រ​លោក មិន​ឲ្យ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ” »។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មារ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ទៀត​ថា “កុំ​ល្បង‌ល​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ” »។ មារ​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​ឲ្យ​ព្រះអង្គ​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។ មារ​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​សម្បត្តិ​នេះ​ឲ្យ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មារ​ថា៖ «សាតាំង​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​ប៉ុណ្ណោះ” »។ ពេល​នោះ មារ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ ហើយ​មាន​ពួក​ទេវតា*​នាំ​គ្នា​ចូល​មក​គាល់ និង​បម្រើ​ព្រះអង្គ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូវ ទៅ​ឯ​ទី​រហោ‌ស្ថាន ដើម្បី​ឲ្យ​ត្រូវ​អារក្ស​ល្បួង កាល​ទ្រង់​បាន​តម​៤០​ថ្ងៃ​៤០​យប់​ហើយ ក្រោយ​មក​ទ្រង់​ឃ្លាន រួច​មេ​ល្បួង​ក៏​មក​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំង​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ តែ​ទ្រង់​មាន​បន្ទូល​តប​ថា មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ «មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ព្រះ​មក​ដែរ»។ នោះ​អារក្ស​ក៏​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បរិសុទ្ធ ដាក់​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ទៅ​ក្រោម​ចុះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​នៃ​ទ្រង់​ពី​ដំណើរ​អ្នក ទេវតា​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​លោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម» ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​វា​ថា មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ទៀត «កុំ​ឲ្យ​ឯង​ល្បួង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ»។ មួយ​ទៀត អារក្ស​បាន​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ ក៏​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត រួច​ទូល​ថា បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំង​នេះ​ដល់​អ្នក នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា នែ សាតាំង ចូរ​ឯង​ថយ​ចេញ​ពី​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឯង​ត្រូវ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ» ដូច្នេះ អារក្ស​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ រួច​មាន​ពួក​ទេវតា​មក​បំរើ​ទ្រង់។

ចែក​រំលែក
អាន ម៉ាថាយ 4