ម៉ាថាយ 4:1-11

ម៉ាថាយ 4:1-11 គកស១៦

ពេល​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ទី​រហោ‌ស្ថាន ដើម្បី​ឲ្យ​អារក្ស​ល្បួង។ ក្រោយ​ពី​បាន​តម​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ទ្រង់​ក៏​ឃ្លាន។ មេ​ល្បួង​ក៏​ចូល​មក ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំបុ័ង​ទៅ!»។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌មក​ដែរ"» ។ បន្ទាប់​មក អារក្ស​ក៏​នាំ​ព្រះ‌អង្គ​ទៅ​កាន់​ក្រុង​បរិសុទ្ធ ហើយ​ដាក់​ព្រះ‌អង្គ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា៖ «បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ពី​ដំណើរ​អ្នក" ហើយ​ថា "ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម"» ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​ដូច្នេះ​ទៀត​ថា "កុំ​ល្បងល​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក​ឡើយ"» ។ មួយ​ទៀត អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​ពិភព​លោក និង​សិរី‌ល្អ​របស់​នគរ​ទាំង​នោះ ថ្វាយ​ព្រះ‌អង្គ​ទត រួច​វា​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រគល់​របស់​ទាំង​នេះ​ដល់​អ្នក»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ"» ។ ពេល​នោះ អារក្ស​ក៏​ថយ​ចេញ​ពី​ព្រះ‌អង្គ​ទៅ ហើយ​រំពេច​នោះ ស្រាប់​តែ​មាន​ពួក​ទេវតា​ចូល​មក​បម្រើ​ព្រះ‌អង្គ។

អាន ម៉ាថាយ 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 4:1-11