ម៉ាថាយ 27:15-31

ម៉ាថាយ 27:15-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* លោក​ទេសា​ភិបាល​តែងតែ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដា‌ជន។ នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​យេស៊ូ​បារ៉ា‌បាស។ កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​យេស៊ូ​បារ៉ា‌បាស ឬ​យេស៊ូ​ហៅ​ព្រះ‌គ្រិស្ត?»។ លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។ នៅ​ពេល​លោក​ពីឡាត​អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ថា៖ «កុំ​ឡូក‌ឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ យប់‌មិញ ព្រោះ​តែ​រឿង​បុរស​នេះ ខ្ញុំ​យល់‌សប្ដិ​អាក្រក់​ណាស់»។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា​ចារ្យ*​នាំ​គ្នា​ញុះ‌ញង់​បណ្ដា‌ជន​ឲ្យ​សុំ​ដោះ​លែង​បារ៉ា‌បាស និង​សុំ​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ។ លោក​ទេសា​ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។ លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះ‌គ្រិស្ត​នេះ?»។ គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។ លោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?»។ គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។ ដោយ​លោក​ពីឡាត​ឃើញ​ថា​និយាយ​ទៅ​ឥត​បាន​ការ ហើយ​ផ្ទុយ​ទៅ​វិញ ឃើញ​គេ​កើត​ចលាចល​កាន់​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្ដា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​បញ្ហា​របស់​អ្នក​រាល់​គ្នា​ទេ ខ្ញុំ​ឥត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហូរ​ឈាម​បុរស​នេះ​ឡើយ»។ ប្រជា‌ជន​ឆ្លើយ​ឡើង​ទាំង​អស់​គ្នា​ថា៖ «យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រហារ​ជីវិត​ជន​នេះ!»។ លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ា‌បាស រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ឲ្យ​គេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។ ពួក​ទាហាន​របស់​លោក​ទេសា​ភិបាល​នាំ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទី‌ធ្លា​បន្ទាយ ហើយ​ប្រមូល​គ្នី‌គ្នា​ក្នុង​កង​នោះ​មក​ចោម‌រោម​ព្រះអង្គ។ គេ​ដោះ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ចេញ ហើយ​យក​អាវ​ធំ ដែល​មាន​ពណ៌​ក្រហម​ទុំ មក​បំពាក់​ថ្វាយ​ព្រះអង្គ។ គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ព្រះ‌សិរសា​ព្រះអង្គ និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​ឲ្យ​ព្រះអង្គ​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​នៅ​មុខ​ព្រះអង្គ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ និង​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរសា​ព្រះអង្គ​ទៀត​ផង។ ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​មក​បំពាក់​ថ្វាយ​ព្រះអង្គ​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:15-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឱកាស​បុណ្យ​នោះ លោក​ទេសា‌ភិបាល​តែង​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម‌ពរ​របស់​បណ្ដា‌ជន។ នៅ​ពេល​នោះ គេ​មាន​អ្នក​ទោស​ល្បី​ម្នាក់ ឈ្មោះ​បារ៉ាបាស។ ដូច្នេះ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា បារ៉ាបាស ឬ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ?» ដ្បិត​លោក​ជ្រាប​ថា គេ​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។ កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី ប្រពន្ធ​របស់​លោក​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ថា៖ «កុំ​ឲ្យ​ជាប់​ជំពាក់​អ្វី​ជា​មួយ​មនុស្ស​សុចរិត​នេះ​ឡើយ ដ្បិត​ថ្ងៃ​នេះ ក្នុង​យល់​សប្ដិ ខ្ញុំ​បាន​រង​ទុក្ខ​ខ្លាំង​ណាស់​ដោយ‌សារ​គាត់»។ តែ​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​នាំ​គ្នា​បញ្ចុះ‌បញ្ចូល​មហា‌ជន ឲ្យ​សុំ​ដោះ​លែង​បារ៉ាបាស ហើយ​សម្លាប់​ព្រះ‌យេស៊ូវ។ លោក​ទេសា‌ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា?» គេ​ឆ្លើយ​ថា៖ «បារ៉ាបាស»។ លោក​ពីឡាត់​សួរ​គេ​ថា៖ «ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ​នេះ?» គេ​ទាំង​អស់​គ្នា​ឆ្លើយ​ថា៖ «ឆ្កាង​វា​ទៅ!» លោក​ពីឡាត់​សួរ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ឆ្កាង​វា​ទៅ!»។ កាល​លោក​ពីឡាត់​ឃើញ​ថា លោក​មិន​អាច​ធ្វើ​អ្វី​ទៀត​បាន ហើយ​ថែម​ទាំង​ចាប់​ផ្ដើម​មាន​ចលាចល​កាន់​តែ​ខ្លាំង​ឡើង​ផង លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្តា‌ជន ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គ្មាន​ទោស​ដោយ‌សារ​ឈាម​របស់​អ្នក​នេះ​ទេ អ្នក​រាល់​គ្នា​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចុះ»។ បណ្តា‌ជន​ទាំង​អស់​គ្នា​ឆ្លើយ​ឡើង​ថា៖ «ចូរ​ឲ្យ​ឈាម​របស់​វា​ធ្លាក់​មក​លើ​យើង និង​កូន​ចៅ​របស់​យើង​ចុះ»។ ពេល​នោះ លោក​ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ដល់​គេ ហើយ​បញ្ជា​ឲ្យ​គេ​វាយ​ព្រះ‌យេស៊ូវ​នឹង​រំពាត់ រួច​ប្រគល់​ព្រះ‌អង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។ ពេល​នោះ ពួក​ទាហាន​របស់​លោក​ទេសា‌ភិបាល​នាំ​ព្រះ‌យេស៊ូវ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ប្រមូល​ទ័ព​ទាំង​អស់​មក​ចោម​រោម​ព្រះ‌អង្គ។ គេ​ដោះ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចេញ ហើយ​យក​អាវ​វែង​ពណ៌​ក្រហម​មក​បំពាក់​លើ​ព្រះ‌អង្គ គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មក​បំពាក់​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​ដាក់​ក្នុង​ព្រះ‌ហស្ត​ស្តាំ​ឲ្យ​ព្រះ‌អង្គ​កាន់ រួច​គេ​លុត​ជង្គង់​នៅ​មុខ​ព្រះ‌អង្គ​ទាំង​ពោល​ចំអក​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា!» គេ​ស្តោះ​ដាក់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ចំអក​មើល​ងាយ​ព្រះ‌អង្គ​រួច​ហើយ គេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ ហើយ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​មក​បំពាក់​វិញ រួច​នាំ​ព្រះ‌អង្គ​ចេញ​ទៅ​ឆ្កាង។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:15-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​នៅ​បុណ្យ​នោះ លោក​ចៅហ្វាយ​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់ ឲ្យ​ដល់​ហ្វូង​មនុស្ស តាម​គេ​សូម នៅ​គ្រា​នោះ គេ​មាន​អ្នក​ទោស​ម្នាក់ ដែល​មាន​ល្បី​ឈ្មោះៗ​បារ៉ា‌បាស ដូច្នេះ កាល​គេ​បាន​ប្រជុំ​គ្នា​ជា​ស្រេច នោះ​លោក​ពីឡាត់​សួរ​ថា តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ឈ្មោះ​ណា បារ៉ា‌បាស ឬ​យេស៊ូវ ដែល​ហៅ​ថា ព្រះ‌គ្រីស្ទ ដ្បិត​លោក​បាន​ជ្រាប​ថា គេ​បញ្ជូន​ទ្រង់​ដោយ​ចិត្ត​ឈ្នានីស​ទេ កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី នោះ​ប្រពន្ធ​លោក​ប្រើ​បំរើ​មក​ជំរាប​ថា កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​សប្តិ​កើត​ទុក្ខ​ជា​ច្រើន ដោយ​ព្រោះ​មនុស្ស​នោះ តែ​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ គេ​បញ្ចេះ​ហ្វូង​មនុស្ស ឲ្យ​សូម​បារ៉ា‌បាស​វិញ ហើយ​ឲ្យ​បំផ្លាញ​ព្រះ‌យេស៊ូវ​បង់ នោះ​លោក​ចៅហ្វាយ​ចាប់​ពាក្យ​សួរ​គេ​ថា ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ា‌បាស​ចុះ លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ​នេះ អ្នក​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ នោះ​លោក​ចៅហ្វាយ​សួរ​ថា តើ​អ្នក​នេះ​បាន​ធ្វើ​ខុស​អ្វី តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ កាល​លោក​ពីឡាត់​ឃើញ​ថា មិន​ឈ្នះ​ទេ កើត​មាន​កោលា‌ហល​កាន់​តែ​ខ្លាំង​ឡើង​ដូច្នោះ នោះ​លោក​យក​ទឹក​មក​លាង​ដៃ នៅ​មុខ​ហ្វូង​មនុស្ស ទាំង​មាន​ប្រសាសន៍​ថា ខ្ញុំ​គ្មាន​ទោស​នឹង​ឈាម​នៃ​អ្នក​សុចរិត​នេះ​ទេ ការ​នេះ​ស្រេច​នៅ​អ្នក​រាល់​គ្នា​ចុះ បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​ឈាម​វា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា នឹង​កូន​ចៅ​របស់​យើង​ចុះ ដូច្នេះ លោក​ក៏​លែង​បារ៉ា‌បាស​ឲ្យ​ដល់​គេ ឯ​ព្រះ‌យេស៊ូវ​វិញ កាល​គេ​បាន​វាយ​នឹង​រំពាត់​រួច​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។ នោះ​ពួក​ទាហាន​របស់​លោក​ចៅហ្វាយ គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ក្នុង​សាលា រួច​ប្រមូល​ក្រុម​ទាហាន​ទាំង​អស់​មក​ទាស់​នឹង​ទ្រង់ គេ​ដោះ​ព្រះ‌ពស្ត្រ​ទ្រង់​ចេញ ហើយ​យក​អាវ​ក្រហម​មក​បំពាក់​វិញ ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ​ទ្រង់ ហើយ​យក​ដើម​ត្រែង​ដាក់​នៅ​ព្រះ‌ហស្ត​ស្តាំ រួច​គេ​លុត​ជង្គង់​នៅ​ចំពោះ​ទ្រង់ ទាំង​ពោល​ចំអក​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា គេ​ស្តោះ​ដាក់​ទ្រង់ ក៏​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ផង កាល​គេ​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ ក៏​ដោះ​អាវ​នោះ​ចេញ ហើយ​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​ទៅ​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង។

ចែក​រំលែក
អាន ម៉ាថាយ 27