ម៉ាថាយ 27:15-31

ម៉ាថាយ 27:15-31 គកស១៦

នៅ​ឱកាស​បុណ្យ​នោះ លោក​ទេសា‌ភិបាល​តែង​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម‌ពរ​របស់​បណ្ដា‌ជន។ នៅ​ពេល​នោះ គេ​មាន​អ្នក​ទោស​ល្បី​ម្នាក់ ឈ្មោះ​បារ៉ាបាស។ ដូច្នេះ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា បារ៉ាបាស ឬ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ?» ដ្បិត​លោក​ជ្រាប​ថា គេ​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។ កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី ប្រពន្ធ​របស់​លោក​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ថា៖ «កុំ​ឲ្យ​ជាប់​ជំពាក់​អ្វី​ជា​មួយ​មនុស្ស​សុចរិត​នេះ​ឡើយ ដ្បិត​ថ្ងៃ​នេះ ក្នុង​យល់​សប្ដិ ខ្ញុំ​បាន​រង​ទុក្ខ​ខ្លាំង​ណាស់​ដោយ‌សារ​គាត់»។ តែ​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​នាំ​គ្នា​បញ្ចុះ‌បញ្ចូល​មហា‌ជន ឲ្យ​សុំ​ដោះ​លែង​បារ៉ាបាស ហើយ​សម្លាប់​ព្រះ‌យេស៊ូវ។ លោក​ទេសា‌ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា?» គេ​ឆ្លើយ​ថា៖ «បារ៉ាបាស»។ លោក​ពីឡាត់​សួរ​គេ​ថា៖ «ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ​នេះ?» គេ​ទាំង​អស់​គ្នា​ឆ្លើយ​ថា៖ «ឆ្កាង​វា​ទៅ!» លោក​ពីឡាត់​សួរ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ឆ្កាង​វា​ទៅ!»។ កាល​លោក​ពីឡាត់​ឃើញ​ថា លោក​មិន​អាច​ធ្វើ​អ្វី​ទៀត​បាន ហើយ​ថែម​ទាំង​ចាប់​ផ្ដើម​មាន​ចលាចល​កាន់​តែ​ខ្លាំង​ឡើង​ផង លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្តា‌ជន ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គ្មាន​ទោស​ដោយ‌សារ​ឈាម​របស់​អ្នក​នេះ​ទេ អ្នក​រាល់​គ្នា​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចុះ»។ បណ្តា‌ជន​ទាំង​អស់​គ្នា​ឆ្លើយ​ឡើង​ថា៖ «ចូរ​ឲ្យ​ឈាម​របស់​វា​ធ្លាក់​មក​លើ​យើង និង​កូន​ចៅ​របស់​យើង​ចុះ»។ ពេល​នោះ លោក​ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ដល់​គេ ហើយ​បញ្ជា​ឲ្យ​គេ​វាយ​ព្រះ‌យេស៊ូវ​នឹង​រំពាត់ រួច​ប្រគល់​ព្រះ‌អង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។ ពេល​នោះ ពួក​ទាហាន​របស់​លោក​ទេសា‌ភិបាល​នាំ​ព្រះ‌យេស៊ូវ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ប្រមូល​ទ័ព​ទាំង​អស់​មក​ចោម​រោម​ព្រះ‌អង្គ។ គេ​ដោះ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចេញ ហើយ​យក​អាវ​វែង​ពណ៌​ក្រហម​មក​បំពាក់​លើ​ព្រះ‌អង្គ គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មក​បំពាក់​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​ដាក់​ក្នុង​ព្រះ‌ហស្ត​ស្តាំ​ឲ្យ​ព្រះ‌អង្គ​កាន់ រួច​គេ​លុត​ជង្គង់​នៅ​មុខ​ព្រះ‌អង្គ​ទាំង​ពោល​ចំអក​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា!» គេ​ស្តោះ​ដាក់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ចំអក​មើល​ងាយ​ព្រះ‌អង្គ​រួច​ហើយ គេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ ហើយ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​មក​បំពាក់​វិញ រួច​នាំ​ព្រះ‌អង្គ​ចេញ​ទៅ​ឆ្កាង។

អាន ម៉ាថាយ 27